អ៊ីរ៉ាក់ធ្វើមាតុភូមិនិវត្តន៍កុមារ ១៨៨នាក់ នៃសមាជិក IS តួកគី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — អ្នកនាំពាក្យតុលាការមួយរូបបាននិយាយថា កាលពីថ្ងៃពុធ ប្រទេសអ៊ីរ៉ាក់បានធ្វើមាតុភូមិនិវត្តន៍ កុមារតួកគី១៨៨នាក់ ដែលឪពុកម្តាយរបស់ពួកគេជាសមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ( IS ) ក្នុងការ សម្របសម្រួលគ្នាជាមួយពួកអាជ្ញាធរតួកគី និងអង្គរការអន្តរជាតិ ។

លោក  Abdul Sattar al-Biraqdar អ្នកនាំពាក្យក្រុមប្រឹក្សាតុលាការកំពូលរបស់ប្រទេសអ៊ីរ៉ាក់បាន និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា តុលាការស៊ើបអង្កេតកណ្តាលអ៊ីរ៉ាក់ ដែលទទួលខុសត្រូវបញ្ហា ភេរវកម្មនិងពួកជនសង្ស័យបរទេសបានប្រគល់កុមារ១៨៨នាក់ ដែលឪពុកម្តាយជាសមាជិក IS ទៅឱ្យភាគី តួកគី ។

លោក al-Biraqdar បាននិយាយបន្ថែមថា ដំណើរការនេះត្រូវបានធ្វើឡើងនៅក្រោមការត្រួតពិនិត្យ មើលរបស់តុលាការអ៊ីរ៉ាក់នឹងនៅក្នុងវត្តមានរបស់ពួកអ្នកតំណាងក្រសួងការបរទេសអ៊ីរ៉ាក់ , ស្ថានទូតតួកគី និងអង្គការអន្តរជាតិដែលមានទាំង  UNICEF ផង ។

ពួកយុទ្ធជន IS  និងពួកអ្នកគាំទ្ររាប់ពាន់ដែលមានសញ្ញាតិផ្សេងៗ បានចូលរួមជាមួយក្រុមជ្រុល និយមនេះ នៅពេលដែលក្រុមនេះ ធ្វើការត្រួតត្រាមួយផ្នែកធំក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី ដែលនៅជិតខាង ។

តែយ៉ាងណាក៏ដោយបន្ទាប់ពីបរាជ័យរបស់ IS នៅក្នុងប្រទេសទាំងពីនេះ ពួកអ្នកស្មោះត្រង់នឹង IS រាប់រយនាក់បានស្លាប់ឬត្រូវចាប់ខ្លួន ។ បច្ចុប្បន្នប្រទេសអ៊ីរ៉ាក់កំពុងធ្វើការកាត់ទោសពួកសកម្មប្រយុទ្ធ IS ដែលគេសង្ស័យរាប់ពាន់ដែលរួមមានទាំងជនបរទេសរាប់រយនាក់ផង ។ ប៉ុន្តែវាសនានៃស្តី្រនិងកុមាររាប់រយនាក់នៅតែស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើយ នៅពេលដែលរដ្ឋាភិបាលខ្លះនៃប្រទេសកំណើតរបស់ពួកគេមានការអល់អែកក្នុងការទទួលយកពួកគេទៅវិញ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )