ខេត្តព្រះវិហារ និងខេត្តយ៉ាឡាយ ប្រគល់ទទួល និងជូនដំណើរអដ្ឋិធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥

AKP ព្រះវិហារ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ -រដ្ឋបាលខេត្តព្រះវិហារ និងខេត្តយ៉ាឡាយប្រទេសវៀតណាម បានរៀបចំពិធីប្រគល់- ទទួល និងជូនដំណើរអដិ្ឋធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម ធ្វើមាតុភូមិនិវត្តន៍ជាលើកទី១៥ ក្រោមអធិបតីភាពឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន  ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងលោកស្រី ហ្វិញ នឺធូណា អភិបាលរងខេត្តយ៉ាឡាយ សាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅបរិវេណស្ដូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ថ្វីត្បិតតែអតីតកាលបានកន្លងផុតជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែសច្ចធម៌ប្រវត្តិសាស្រ្ត ក្រោយថ្ងៃ០២ ខែធ្នូ ឆ្នាំ១៩៧៨ មកដល់ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ បានដក់ជាប់ក្នុងសម្បជញ្ញៈ មិនបានធ្វើឱ្យឃ្លាតរបូតពីផ្នត់គំនិត និងអារម្មណ៍របស់ប្រជាជនកម្ពុជាគ្រប់រូប ដែលយុទ្ធជន យុទ្ធនារីនៃកងទ័ពស្ម័គ្រចិត្តវៀតណាមបានបូជាជីវិតក្នុងបុព្វហេតុជួយរំដោះខ្មែរចេញពីរបបយង់ឃ្នង់ប្រល័យពូជសាសន៍ប៉ុលពត ។ ប្រជាជនកម្ពុជាគ្រប់រូបនៅតែចងចាំជានិច្ចចំពោះគុណូបការៈធំធេងរបស់វីរកងទ័ពស្ម័គ្រចិត្តវៀតណាម ។

ឯកឧត្តមបន្តថា តាងនាមថ្នាក់ដឹកនាំខេត្តក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ សូមសម្តែងទុក្ខយ៉ាងក្រៀមក្រំ សោកស្តាយអាឡោះអាល័យជាទីបំផុតចំពោះយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានពលីយ៉ាងអង់អាចក្លាហានលើសមរភូមិ និងសូមចូលរួមរំលែកទុក្ខជាមួយ ប្រជាជនវៀតណាម ។ ថ្ងៃនេះគឺជាលើកទី១៥ហើយ ដែលខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានសហការធ្វើពិធីប្រគល់-ទទួល និងជូនដំណើរអដិ្ឋធាតុយុទ្ធជនពលីកងទ័ពស្ម័គ្រចិត្តវៀតណាម លើភូមិសាស្ត្រខេត្តធ្វើមាតុភូមិនិវត្តន៍សរុបចំនួន ៤៩៨អដិ្ឋធាតុ។

ក្នុងឱកាសនេះ លោកស្រី ហ្វិញ នឺធូណា ជំនួសមុខឱ្យគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនខេត្តខេត្តយ៉ាឡាយ បានថ្លែងអំណរគុណចំពោះជំនួយ និងការសហការជាមួយខេត្តយ៉ាឡាយ ក្នុងការស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលី ។ លោកស្រីមានគោលបំណងចង់ឱ្យប្រជាជនខេត្តព្រះវិហារបន្តផ្ដល់ព័ត៌មាន និងជួយក្រុមស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមបន្ថែមទៀត ។ លោកស្រីក៏ចាត់ទុកថា ថ្ងៃនេះគឺជាឱកាសដ៏សំខាន់ដើម្បីប្រទេសទាំងពីរសហការផ្សព្វផ្សាយ អប់រំកម្មាភិបាល ប្រជាជន និងយុវជនជំនាន់ក្រោយៗ អំពីការពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា ៕

ដោយ ទិត ស្រ៊