ជនជាតិកូរ៉េខាងត្បូង៧នាក់សម្លាប់ និង១៩នាក់ទៀត កំពុងបាត់ខ្លួននៅប្រទេសហុងគ្រី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — ជនជាតិកូរ៉េខាងត្បូងប្រាំពីរនាក់បានស្លាប់ និង ១៩នាក់ទៀតបានបាត់ខ្លួនបន្ទាប់ពីទូក​ទេសចរណ៍មួយគ្រឿងដែលដឹកពួកគេ បានលិចនៅទន្លេមួយនៅក្នុងរដ្ឋធានីនៃប្រទេសហុងគ្រី​កាលពីល្ងាចថ្ងៃពុធ ម៉ោងក្នុងស្រុក។

ក្រសួងការបរទេសនៅទីក្រុងសេអ៊ូលបាននិយាយថា សរុបមនុស្សចំនួន៣៣នាក់ ជា​ជន​ជាតិកូរ៉េ​និងសមាជិកនាវិកហុងគ្រីពីរនាក់កំពុងធ្វើដំណើរកម្សាន្ត​អំឡុងពេលមានភ្លៀងធ្លាក់ ខ្លាំងនៅពេលទូករបស់ពួកគេបុកជាមួយនាវាផ្សេងទៀត និងបានលិចនៅក្នុងទន្លេនៅទីប្រជុំ​ជន Budapest នៅម៉ោងប្រហែល ៩យប់។

ក្រសួងបាននិយាយបន្ថៃមថា មនុស្ស៧នាក់ត្រូវបានជួយសង្គ្រោះហើយការស្វែងរក​កំពុង​ដំណើរការ​សម្រាប់មនុស្ស ១៩នាក់ដែលបាត់ខ្លួន។ យោងតាមអ្នកនាំពាក្យប្រធានាធិបតីលោក Ko Min-jung បានឱ្យដឹងថា ប្រធានាធិបតី លោក មូន ចេ-អ៊ិន ត្រូវបានគេប្រាប់ឱ្យដឹងពីគ្រោះថ្នាក់ចរាចរនេះ ហើយបានណែនាំឱ្យ​រដ្ឋា​ភិបាលប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានដើម្បីជួយសង្គ្រោះជនរងគ្រោះ។ លោក​ ខូ ​បាននិយាយថា លោក Moon ក៏បានបញ្ជាឱ្យបង្កើតក្រុមឆ្លើយតបថ្នាក់រដ្ឋាភិបាលផងដែរ។

ក្រសួងការបរទេសបាននិយាយថា ខ្លួនបានបង្កើតក្រុមឆ្លើយតបកម្រិតអន្តររដ្ឋាភិបាល​ដែល​នឹងត្រូវដឹកនាំដោយរដ្ឋមន្ត្រីលោក Kang Kyung-wha ដើម្បីដោះស្រាយស្ថានភាពនេះ។ ក្រុមមន្រ្តីបាននិយាយថារដ្ឋាភិបាលបាននិយាយថា ខ្លួននឹងបញ្ជូនមន្ត្រីមួយក្រុមទៅកាន់​ប្រទេស​ហុងគ្រីក្នុងពេលឆាប់ៗនេះ។

មិនមានព័ត៌មានលម្អិតបន្ថែមទៀតណាមួយត្រូវបានគេដឹងនៅឡើយទេ ថាតើមូល​ហេតុ​​អ្វីបានជាហេតុការណ៍នេះបានកើតឡើង។ របាយការណ៍ព័ត៌មានបរទេសបានឱ្យដឹងថា ចរន្តទឹកហូរខ្លាំងដោយសារភ្លៀងធ្លាក់ខ្លាំង​ទំនង​ជាធ្វើឱ្យប្រតិបត្តិការជួយសង្គ្រោះមានការលំបាក។ទូកដែលលិចទឹកនេះមាន​ឈ្មោះ​ថា Hableany ដែលមានន័យថា មច្ឆានៅក្នុងប្រទេសហុងគ្រីត្រូវបានរកឃើញនៅជិតស្ពាន ដែល​នៅ​មិនឆ្ងាយពីអាគារសភារបស់ប្រទេស     ហុងគ្រីនោះទេ។

យោងតាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថា ទូកនេះបានធ្វើដំណើរតាមដងផ្លូវនេះ​ជារៀងរាល់ថ្ងៃ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ស្ថានទូតកូរ៉េខាងត្បូងនៅក្នុងប្រទេស​ហុងគ្រី​បានបង្កើតក្រុមការងារសង្គ្រោះបន្ទាន់មួយ សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ និងផ្នែកកុងស៊ុលដទៃទៀត ហើយបានកំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ​ពួកអាជ្ញាធរក្នុងតំបន់៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )