រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធអប្បបរមា១%ចំពោះគ្រប់សហគ្រាស

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ៖


រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធអប្បបរមា១%ចំពោះគ្រប់សហគ្រាស ដែលជាអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលបានបំពេញកាតព្វកិច្ចសារពើពន្ធត្រឹមត្រូវ ។ ការលើកលែងពន្ធអប្បបរមា១%ចំពោះគ្រប់សហគ្រាសនេះគឺដើម្បីទាក់ទាញ និងលើកទឹកចិត្តដល់វិនិយោគិនដែលប្រកបអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា ។
យោងតាមសេចក្តីប្រកាសព័ត៏មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអោយដឹងថា ដើម្បីទទួលបានការលើកលែងពន្ធអប្បបរមា១%នេះ គ្រប់សហគ្រាសត្រូវអនុវត្តតាមវិធាន និងនីតិវិធីដែលបានចែង ក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុស្ដីពីលក្ខណៈវិនិច្ឆ័យនៃការកាន់កាប់ បញ្ជិកាគណនេយ្យមិនត្រឹមត្រូវ និងនីតិវិធីនៃការបង់ពន្ធអប្បបរមា ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជឿជាក់ថា សហគ្រាសទាំងអស់នឹងខិតខំប្រឹងប្រែងអនុវត្តនូវកាតព្វកិច្ចសារពើពន្ធឲ្យបានខ្ជាប់ខ្ជួន ពិសេសបញ្ជិកាគណនេយ្យឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងបទប្បញ្ញត្តិស្ដីពីពន្ធដារ និងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន ។
កាលពីរសៀលថ្ងៃទី ២៩ ខែ ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុអំពីការសម្រេចដកចេញនូវ “ពន្ឋកាត់ទុក ១% គឺបានចូលជាធរមាន នៅ ថ្ងៃទី ២៩ ខែ ឧសភា ដោយមិនចាំបាច់រង់ចាំរហូតដល់ចុងឆ្នាំ ២០១៩ នោះឡើយ ដើម្បីជាកាដូលើកទឹកចិត្តដល់ពាណិជ្ជករជាតិ និងបរទេសទាំងអស់អោយបានទទួលផលចំណេញកាន់តែច្រើន៕