ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមធ្វើបុណ្យវិសាខបូជានៅក្នុងបរិវេណភ្នំព្រះរាជទ្រព្យ

វិទ្យុជាតិកម្ពុជា៖ លោកហុក សុខរិន
កណ្តាល៖ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានចូលរួមធ្វើបុណ្យវិសាខបូជាដ៏ធំនៅក្នុងបរិវេណភ្នំព្រះរាជ ទ្រព្យដើម្បីរំលឹកនឹកគុណដល់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងហើយបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត។
ថ្ងៃ១៥កើត ខែវិសាខ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីបុណ្យវិសាខបូជាយ៉ាងមហោឡារឹកជាទីបំផុត នៅក្នុងបរិវេណព្រះមហាសក្យមុនីចេតិយ នាភ្នំព្រះ រាជទ្រព្យ ឬភ្នំឧដុង្គ ដោយមានពុទ្ធបរិស័ទចូលរួមយ៉ាងច្រើនកុះករ។
ការរៀបចំពិធីបុណ្យវិសាខបូជានៅតំបន់ភ្នំព្រះរាជទ្រព្យនេះ ដោយសារតែតំបន់នេះគឺជាទីស្ថានដ៏វិសិដ្ឋបំផុតនៃកន្លែងតម្កល់ព្រះបរមសិរីរឹកធាតុ របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង។

ពិធីដ៏អធឹកអធមនេះ បានប្រព្រឹត្តទៅក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភា រួមទំាងសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងពុទ្ធបរិស័ទរាប់ពាន់នាក់។
ក្រៅពីការសូត្រមន្តបង្សុកូលក៏មានការនិមន្តរាប់បាត្រព្រះសង្ឃមកពីទីអារាមនានាប្រមាណជាង២៧០អង្គដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ជីដូនជីតា ញាតិកាទាំង៧សណ្តានផង និងជាកុសលផលបុណ្យសម្រាប់ខ្លួនឯងនៅបច្ចុប្បន្នជាតិ និងអនាគតជាតិ។
ព្រះតេជគុណម៉ៅ សុមនោ គង់នៅវត្តសង្ក្រានស្ទឹងមានជ័យដែលបានមានសង្ឃដីការថា បុណ្យវិសាខបូជានេះមានអត្ថន័យ ជ្រៀលជ្រៅណាស់ក្នុងព្រះពុទ្ធសាសនា ដោយថ្ងៃជាមហាមង្គលទាំង៣ ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូតចាកឧទរព្រះមាតាផង ថ្ងៃដែលទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណផង និងថ្ងៃដែលទ្រង់រំលត់ខ័ន្ធ ចូលកាន់ព្រះបរមនិពា្វន។ ព្រះតេជគុណបន្តថា ការចូល រួមរបស់ពុទ្ធបរិសទ័ក្នុងការធ្វើបុណ្យវិសាខបូជានេះ គឺទទួលបានផល្លានិសង្ឃច្រើនធំធេងមិនអាចគណនាបានឡើយសម្រាប់បច្ចុប្បន្នជាតិ និងអនាគតជាតិ។

ចំណែកអ្នកស្រី ធា ដារី មកពីខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ការមកចូលរួមធ្វើបុណ្យ នៅក្នុងកម្មវិធីបុណ្យវិសាខបូជានេះ ដោយសារតែមានជំនឿមុតមាំលើព្រះពុទ្ធសាសនា ហើយ សាសនាព្រះពុទ្ធបានប្រៀនប្រដៅមនុស្សប្រព្រឹត្តតែអំពើល្អ និងមានសេចក្តីសុខក្នុងការរស់នៅ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំពិធីបុណ្យវិសាខបូជានេះជារៀងរាល់ឆ្នាំនៅ ក្នុងបរិវេណព្រះមហាសក្យមុនីចេតិយ នាភ្នំព្រះ រាជទ្រព្យ ឬភ្នំឧដុង្គ ហើយគ្រប់ទីវត្តអារាមនានាទូទំាងប្រទេសក៏បានចាត់ចែងរៀបចំពិធីបុណ្យវិសាខបូជាទៅតាមគន្លងព្រះពុទ្ធសាសនា ហើយបានចាត់ទុកជាមហាកុសលដ៏ថ្លៃថ្លាបំផុត៕