រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស្នើឱ្យក្រុមហ៊ុនអាម៉េរិកជួយដោះស្រាយកង្វះខាតថាមពលអគ្គិសនីនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៩ — ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្នើឱ្យក្រុមហ៊ុនអាម៉េរិកជួយដោះស្រាយចំពោះកង្វះខាតថាមពលអគ្គិសនីនៅ កម្ពុជាទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់អនាគត ដើម្បីគាំទ្រក្នុងវិស័យសុខាភិបាល, ការគាំទ្រការកសាងសមត្ថភាពរបស់មន្ត្រី និងការធ្វើឱ្យប្រសើរឡើងនៃសមត្ថភាព​ផលិត​ថាម​ពល អគ្គិសនីនៅកម្ពុជា ។ ការស្នើនេះធ្វើឡើងខណៈអនុញ្ញាតឱ្យលោក ចន ជីរៃ (Mr. John G. Rice)អគ្គនាយកក្រុមហ៊ុន General Electric Gas Power និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំក្រុមការងារចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៩។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា ថាមពលអគ្គិសនី មាន​តួនាទីសំខាន់ក្នុងដំណើរការសេដ្ឋកិច្ច តាមរយៈការធានាបាន និងធ្វើឱ្យប្រសើរឡើងនូវ ភាពប្រកួតប្រជែងពាណិជ្ជកម្ម។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើសុំឱ្យលោកអគ្គ​នាយកក្រុមហ៊ុនបន្តផ្តល់ការគាំទ្រទៅលើកិច្ចការសំខាន់ផ្សេងៗទៀត រួមមាន វិស័យសុខាភិ​បាល និងសុខុមាលភាពរបស់ប្រជាជន ការដោះស្រាយបញ្ហាប្រឈមនៃការផ្គត់ផ្គង់អគ្គិសនី និងជួយគាំទ្រកសាងសមត្ថភាព និងសិក្សាការបន្ទាបថ្លៃអគ្គិសនីនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានបន្ថែមថា កិច្ចសហប្រតិបត្តិការជាមួយក្រុម​ការងាររបស់​លោក ចន ជីរៃ គឺមានសារៈសំខាន់ ស្របពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុង​សហការជាអន្តរក្រសួង ជាមួយក្រសួងរ៉ែនិងថាមពល អគ្គិសនីកម្ពុជា និងស្ថាប័ន្ធពាក់ព័ន្ធ ផ្សេងទៀតដើម្បីដោះស្រាយបញ្ហាកង្វះខាតថាមពលអគ្គិសនីកម្ពុជានាពេលបច្ចុប្បន្ន និង សម្រាប់អនាគត។

លោក ចន ជីរៃ បានយល់ស្រប និងទទួលយកទៅពិចារណាចំពោះសំណើ​របស់​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ហើយក្រុមការងាររបស់លោកនឹងប្តេជ្ញាបន្ត​កិច្ចសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ធ្វើការ​ពិនិត្យ​សិក្សាទៅលើការងារ និងសំណើទាំងនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ដល់ក្រុមការងារ GE ដែលបានរួមចំំណែកពង្រឹងវិស័យសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីក​ចម្រើនធានាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន និង​បានជំរុញឱ្យក្រុមការងារ GE សហការជាមួយក្រុមការងារអន្តរក្រសួង ប្រកបដោយ​ជោគជ័យដូចការគ្រោងទុក។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន General Electric មានវត្តមាននៅក្នុងព្រះរាជាណាចក្រ​កម្ពុជាក្នុងឆ្នាំ ២០០៩ ដោយបានកសាងភាពជាដៃគូជាមួយនឹងវិស័យឯកជន និងសាធារណៈ ដោយអាជីវកម្មដែលមានភាពសកម្ម គឺវិស័យថាមពល អគ្គិសនី, ដំណោះស្រាយ​បណ្តាញ​បញ្ជូន និងចែកចាយអគ្គិសនី និងថាមពលអគ្គិសនីសម្រាប់វិស័យសុខាភិបាល។ ក្រុមហ៊ុន​មានទីស្នាក់ការនៅក្នុងរដ្ឋ Boston សហរដ្ឋអាមេរិក និងនៅក្នុងប្រទេសចំនួន ១៧៥ ។ ក្រុម​ហ៊ុន​នេះ គឺបានដោយ​ផ្តោតលើដំណោះស្រាយផ្នែកថាមពល ក្រុមហ៊ុនមានបទពិសោធន៍​ច្រើនលើថាមពលអគ្គិសនី ដែលរួមមាន៖ ថាមពលធ្យូងថ្ម, ថាមពល វារីអគ្គិសនី និងថាម​ពល​កកើតឡើងវិញ (Renewable Energy) ដូចជា ថាមពលពន្លឺព្រះអាទិត្យ, ខ្យល់, ថាមពល​ជីវចម្រុះ និងថាមពលនុយក្លេអ៊ែរ៕

ដោយ គង់ សិរីរ័ត្ន