អាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានចំនួន៤៨.៦លានអឺរ៉ូ ដល់កម្ពុជា ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ

AKP ភ្នំពេញ ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៩ — ប្រទេសអាល្លឺម៉ង់ បានសន្យាចូលរួមចំណែកកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា តាម​រយៈផ្តល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍវិស័យសំខាន់ៗចំនួនបី ក្នុងទំហំទឹកប្រាក់ចំនួន ៤៨.៦៤៨,៦លានអឺរ៉ូ ឬស្មើនឹងប្រមាណជាជិត៦៦លានដុល្លារអាម៉េរិក សម្រាប់រយៈពេលពីរ​ឆ្នាំ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់​ស្ថានទូតសាធារណរដ្ឋសហព័ន្ធអល្លឺម៉ង់ប្រចាំទីក្រុងភ្នំពេញ ដែលបានចេញផ្សាយនាថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងជំនួបចរចារវាង ឯកឧត្តមឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និង​អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម NorbertBarthle សមាជិកសភា​សហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការនៃក្រសួងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អាល្លឺម៉ង់ បានចុះហត្ថលេខារួមគ្នាលើរបាយការណ៍នៃកិច្ចចរចារវាងរាជរដ្ឋាភិបាល កម្ពុជា និង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ក្នុងកិច្ចចរចានេះ ភាគីទាំងពីរបានផ្តោតសំខាន់លើការ​ផ្តល់​ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍របស់អាល្លឺម៉ង់ដល់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៩-២០២០ លើវិស័យអាទិភាពចំនួន៣រួមមាន៖ ទី១)- វិស័យអភិបាលកិច្ច, ទី២)- វិស័យសន្តិសុខ សង្គម និងទី៣)- វិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្តម NorbertBarthle សមាជិកសភាសហព័ន្ធអាល្លឺម៉ង់​និងជារដ្ឋលេខាធិការបាន មានប្រសាសន៍ថា “មិត្តភាពកម្ពុជានិងអាល្លឺម៉ង់នៅតែឈររឹងមាំ ហើយការលុបបំបាត់ ភាពក្រី ក្រ និងការកើនឡើងនៃវិបុលសុខសម្រាប់ទាំងអស់គ្នាជាគោលដៅរួមរបស់ពួកយើង”។ ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើលំហរនយោបាយ និងសង្គមពិតជាត្រូវបានបើកចំហ កម្ពុជានឹងអាចគេចផុតពីការបាត់បង់នូវក្របខ័ណ្ឌគាំពារពិសេសផ្នែកពាណិជ្ជកម្ម (EBAPreference)។ ឯកឧត្តមបានបន្ដថា ច្បាប់ជាតិនិងការអនុវត្តជាក់ស្តែងត្រូវតែស្របតាម​កាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិដូចជាសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពខាងការ ជួបជុំ និងប្រមូលផ្តុំ ហើយឯកឧត្តមជឿជាក់ថាវាមិនពិបាកនឹងសម្រេចទេ។

គួរបញ្ជាក់ថា ក្នុងចំណោមទឹកប្រាក់ចំនួនជិត៦៦លានដុល្លារអាម៉េរិកនោះ មានឥណ ទានជាកម្ចីសម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ៣០លានអឺរ៉ូ ឬស្មើនឹងជិត៣៤ លានដុល្លារ និង២៨.៦ លានអឺរ៉ូ ឬស្មើនឹងជាង៣២លានដុល្លារ ជាជំនួយឥតសំណង សម្រាប់ អភិវឌ្ឍន៍វិស័យអាហារូបត្ថម្ភ និងប្រព័ន្ធគណនេយ្យភាពសង្គម សុខភាពសាធារណៈ និង អភិវឌ្ឍន៍ជនបទ៕

ដោយ ម៉ៅ ចរិយា