ធនាគារជាតិនៃកម្ពុជាបដិសេធលើការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមហ៊ុន GCG Co., ASIA LTD

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៧ ខែឧសភានេះ បានប្រកាសបដិសេធលើការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ក្រុមហ៊ុន GCG Co., ASIA LTD ដោយបញ្ជាក់ថា ក្រុមហ៊ុននេះ បានផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម
ប្តូរប្រាក់ពីធនាគារជាតិនៃកម្ពុជា និងបានប្រើប្រាស់ឈ្មោះនិងស្លាកសញ្ញាធនាគារជាតិនៃកម្ពុជាលើ
គេហទំព័ររបស់ខ្លួនក្នុងគោលបំណងទុច្ចរិត។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាមិនធ្លាប់បានផ្តល់អាជ្ញាប័ណ្ណធ្វើ
ប្រតិបត្តិការប្តូរប្រាក់ ឬអាជ្ញាប័ណ្ណណាមួយដល់ក្រុមហ៊ុន GCG Co., ASIA LTD ទេ។
ដើម្បីជៀសវាងពីការបោកប្រាស់ណាមួយ ធនាគារជាតិនៃកម្ពុជា បានរំឭកដល់សាធារណជនមេត្តាប្រុងប្រយ័ត្ន
ចំពោះព័ត៌មានផ្សេងៗដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន GCG Co., ASIA LTD ខណៈកន្លងមក ធនាគារជាតិ
នៃកម្ពុជា ធ្លាប់បានជូនដំណឹងដល់សាធារណជនរួចមកហើយអំពីការមិនទទួលស្គាល់ Crypto Currencies
ឬឧបករណ៍ទូទាត់ដែលមានលក្ខណៈប្រហាក់ប្រហែល និងហានិភ័យពាក់ព័ន្ធ។
ធនាគារជាតិនៃកម្ពុជា ថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត និងកំពុងសហការ
ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះការក្លែងបន្លំព័ត៌មានរបស់ក្រុមហ៊ុន
GCG Co., ASIA LTD តាមនីតិវិធីច្បាប់ជាធរមាន។
​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិម៉ាឡេស៊ី ក្រោយយករូបថតនាយករដ្ឋមន្ត្រីកម្ពុជាទៅធ្វើអាជីវកម្មឆបោក

ជនសង្ស័យជនជាតិម៉ាឡេស៊ីចំនួន២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅសួរនាំ ក្រោយជាប់ពាក់ព័ន្ធនឹងការយកឈ្មោះ និងរូបរបសប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហោះក្នុងគេហទំព័រក្រុមហ៊ុនរបស់ខ្លួន ក្នុងគោលបំណងធ្វើអាជីវកម្មឆបោក។
ឯកឧត្តមឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ បានឲ្យដឹងថា សមត្ថកិច្ចជំនាញបានសហការជាមួយ មន្រ្តីធនាគារជាតិ បានឃាត់ខ្លួនប្ដីប្រពន្ធពីរនាក់ដែលជាជនជាតិម៉ាឡេស៊ី យកទៅសួរនាំតាមនីតិវិធីច្បាប់ និងសម្រេចបិទអាជីវកម្ម ជាបណ្តោះអាសន្ននូវក្រុមហ៊ុន GCG Asia Co. LTD មានទីតាំងនៅជាន់ទី ១៦ នៃវិមានកាណាឌីយ៉ា ផ្លូវ៣១៥ កែងផ្លូវព្រះមុនីវង្ស ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តមបន្តថា មន្រ្តីជំនាញនៃអគ្គស្នងការនគរបាលជាតិ កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតលើករណីនេះយ៉ាងយកចិត្តដាក់បំផុត ដើម្បីទប់ស្កាត់សកម្មភាពខុសច្បាប់នានា។
ការឈានទៅឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញប្រកាសជាបន្ទាន់មួយ ដើម្បីឲ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់ ក្រោយពីបានយករូបថត និងឈ្មោះរបស់សម្តេចតេជោ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន http://gcgasiacoin.com/ ដែលនិយាយថា សម្តេចតេជោ ជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ២០ ខែ ឧសភា ២០១៩។
យោងតាមគណនីហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាផ្សាយជាបន្ទាន់ពីសន្តិសុខជាតិ កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានបដិសេធនូវព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះថាមិនពិតនោះទេ និងបានណែនាំឲ្យប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុង និងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាត្តិពីរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD នេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថា ជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា តាមព័ត៌មានពីស្ថានទូតឥណ្ឌូណេស៊ីនៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ ហើយត្រូវបានដាក់ចូលក្នុង Black List៕