ខេត្តស្ទឹងត្រែងស្ថាបនាស្ពានបេតុងចំនូន២បន្ថែមនៅឆ្នាំ២០១៩នេះ

វិទ្យុជាតិកម្ពុជា៖ដោយ លោកអ៊ាន គឹមហឿន ខេត្តស្ទឹងត្រែង៖

មន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្តស្ទឹងត្រែងចាប់ផ្តើមស្ថាបនាស្ពានបេតុងចំនួន២ បន្ថែមទៀត ក្នុងស្រុកសេសាន ឆ្ពោះទៅកាន់តំបន់ទេសចរណ៍បុប្ផាភ្លុក ព្រោះផ្លូវស្ពាននេះតភ្ជាប់ទៅដល់តំបន់វារីអគ្គិសនីសេសានក្រោមពីរ សម្រាប់បងប្អូនប្រជាពលរដ្ឋ ឃុំស្រែគរជាង៧០០គ្រួសារធ្វើដំណើរទៅមកបានជិត។


ក្នុងឱកាសចុះពិនិត្យសកម្មភាពសាងសង់ស្ពានបេតុងចំនួន២ នៅក្នុងឃុំភ្លុក ស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៦ឧសភា កន្លងមកនេះ លោកស គឹមណាត ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ចូនខេត្តបានបញ្ជាក់ថា៖ស្ពានទាំង២នេះមានប្រវែងសរុប៨២ម៉ែត្រនិងទទឹង១៣ម៉ែត្រក្នុងនោះមានស្ពានអូរសារភូមិ និងស្ពានអូរគូរ ដែលស្ពានឈើចាស់ទ្រុឌទ្រោមត្រូវផ្លាស់ប្តូរចេញ។លោកថា៖តាមបណ្តោយផ្លូវនេះប្រជាពលរដ្ឋក្នុងស្រុកសេសានទាំងមូលចេញចូល ទីរួមខេត្តជាពិសេសប្រជាពលរដ្ឋនៅឃុំស្រែគរ១និងឃុំស្រែគរ២ធ្វើចរាចរបានជិតជាងតាមទំបន់វ៉ារីអគ្កិសនីទៅកាន់ផ្លូវជាតិលេខ៧៨។


សំឡេង៖តាមផ្លូវនេះមានស្ពានចំនួន១០ឥឡូវយើងសាងសង់បានចំនួន២ហើយកាលពី២ឆ្នាំមុន ហើយឥឡូវយើងសង់ចំនួន២ទៀត នៅសល់៦ទៀតនិងដល់ទំនប់វ៉ារីអគ្គិសនីយើងគិតថាមួយជំហ៊ានៗយើងនិងសាងសង់ស្ពាននេះអស់។ដោយឡែកផ្លូវវិញទៅដល់ភូមិភ្លុកនិងមានប្រវែង២១គីឡូម៉ែត្រ ឥឡូវយើងសាងសង់បានជាង១០គីឡូម៉ែត្រ ហើយឥឡូវថែម៣គីឡូម៉ែត្រទៀតឆ្នាំ២០១៩នេះវាឡើងជិត១៥គីឡូ ហើយនៅសល់តែ៦គីឡូម៉ែត្រទៀតដល់ឃុំភ្លុកបុប្ផាភ្លុមហើយ។


លោក នូ វណ្ណា ប្រធានការិយាល័យបច្ចេកទេសសាងសង់ផ្លូវ ស្ពាននៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានទទួលស្គាល់ថា៖តំបន់បុប្ផាភ្លុកនេះជាកន្លែងទេសចរណ៍ល្បី សម្រាប់ខេត្តស្ទឹងត្រែង មានភ្ញៀវទេសចរណ៍មកលេងកំសាន្តច្រើនក្នុងមួយឆ្នាំៗ។លោកថា៖ចាំបាច់ជាងនេះទៀតផ្លូវស្ពាននៅ តំបន់នេះវាបំរើការដឹកជញ្ជូនកសិផលរបស់កសិករទើបអាជ្ញាធរខេត្តក៍ដូចជាក្រសួងសាធារណៈការនិង ដឹកជញ្ជូនផ្តល់លទ្ធភាពឱ្យសាងសង់ស្ពានបេតុងថ្មី២បន្ថែមទៀតជំនួសស្ពានចាស់។
លោកស្រី នេន ឃីន ប្រជាពលរដ្ឋនៅឃុំកំភ្លុកស្រុកសេសានបានសាទរចំពោះការផ្លាស់ប្តូរសាងសង់ស្ពានថ្មីនេះ ព្រោះវាស្រួលធ្វើចរាចរណ៏ទៅមកបានលឿនឆាប់រហ័ស ដោយសារតែកន្លងមកប្រជាពលរដ្ឋនៅតំបន់នេះ ពិបាកធ្វើដំណើរជាច្រើនឆ្នាំមកហើយ។
សូមបញ្ជាក់ថា ៖ ស្ពាននិងផ្លូវតាមជួរមាត់ទន្លេសេសាននេះបច្ចុប្បន្នរៀបចំចាក់កៅស៊ូ៣គីឡូម៉ែត្របន្ថែម និងសាងសង់ស្ពានបេតុងចំនួន២ដែលត្រូវចំណាយថវិកាជាតិទាំងស្រុង បន្ទាប់ពីឆ្នាំ២០១៧និង២០១៨សាងសង់ស្ពានបេតុងបានចំនួន២និងចាក់កៅស៊ូបានជាង១០គីឡូម៉ែត្ររួចមកហើយនោះ៕