មន្រ្តី​ជាន់​ខ្ពស់​ក្រសួងការងារ​ ណែនាំឱ្យ​ប្រជាពលរដ្ឋដែល​ធ្លាប់​តែធ្វើ​ការងារ​ជាកម្មករដោយគ្មាន​ជំនាញ​ ងាកមករៀន​យកជំនាញណាមួយឱ្យបាន​ច្បាស់លាស់

AKP សៀមរាប ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ — ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ន៍ កម្មវិធីបណ្តុះបណ្តាល​វិញ្ញាបនបត្រ័វិជ្ជាជីវៈ និង ការដាក់ឱ្យអនុវត្តន៍ប្រព័ន្ធ​វាយតម្លៃផ្អែកលើសមត្ថភាព​ និងការផ្តល់គុណវុឌ្ឍិនៅខេត្តសៀមរា ប ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ២០១៩នេះ ឯក​ឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ ​ត្រូវការកម្លាំង ពលកម្មក្នុងឧស្សហកម្មការងារបាន​ចាប់ផ្តើម​មាន​ការប្រែប្រួល។ ឧទាហរណ៍កាលពីមុនគេ ត្រូវ​ការ​កម្លាំងពលកម្មជាច្រើន​សម្រាប់បម្រើឱ្យវិស័យកសិកម្ម ដូចជាការ​ ដងស្ទូង និងច្រូត កាត់ស្រូវជាដើម។ ប៉ុន្តែឥឡូវនេះ​ គេ​មិនត្រូវ​ការ​កម្លាំង​មនុស្សសម្រាប់ច្រូតស្រូវទៀតទេ ដោយ​គេប្រើប្រាស់គ្រឿង​យន្តឱ្យច្រូតកាក់ស្រូវវិញ ដូច្នេះប្រជាពលរដ្ឋដែលគ្មាន​ជំនាញ​វិជ្ជាជីវៈត្រឹមត្រូវ និងខ្វះការងារធ្វើជាបណ្តើរៗ។ ប៉ុន្តែបើយើងមាន​ជំនាញ​ យើងនៅ​តែមាន​ការងារធ្វើច្រើន និងបាន​ប្រាក់ចំណូលខ្ពស់ជាង​មុន ព្រោះថា នូវពេលដែល​គេ​ប្រើប្រាស់​គ្រឿង​ចក្រច្រើន គេក៏ត្រូវការ​អ្នកដែលមាន​ជំនាញ​ជួសជុលច្រើន​ដែរ។ ឯកឧត្តមបានណែនាំឱ្យ​ពលរដ្ឋ ដែល​ធ្លាប់​តែ​ធ្វើ​ការងារ​ជាកម្មករ ដោយគ្មាន​ជំនាញពីមុន​ ងាកមករៀន​យកជំនាញ ណាមួយឱ្យបាន​ច្បាស់លាល់ មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បីទទួលបានការងារធ្វើច្រើន​។ជាមួយគ្នានេះដែរឯក​ឧត្តម បាន​ជំរុញ​ឱ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ត្រូវតែបណ្តុះបណ្តាល​ពលកម្ម ប្រកបដោយជំនាញ​ និងគុណវុឌ្ឍិឱ្យបានគ្រប់គ្រាន់ទាំង​បរិមាណ និង​គុណភាព​ ដើម្បី​បង្កើតភាព​ប្រគួតប្រជែង និង​ឆ្លើយតបបាន​តាមតម្រូវការ​ឧស្សហកម្មបច្ចុប្បន្ន​ និងទៅថ្ងៃអនាគត់។ ចំណែក​គ្រឹះស្ថាន​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈទាំង​៣៩ត្រូវផ្តោតការយកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់​លើការផលិតកម្លាំង​ពលកម្ម ដែលមាន​ជំនាញ​ និងមាន​សមត្ថភាព​អាច​បម្រើការងារ ដោយទទួលបានការ​ជឿជាក់ពីឧស្សហកម្ម។

នៅ​ក្នុង​កម្ម​វិធីនេះដែរ ក៏មាន​ការបង្ហាញពិព័រណ៍ការងារ និងការបង្ហាញពី​សកម្មភាព​ជាក់ស្តែង​អំពីការងារជំនាញ​ធ្វើសំណង់ អគ្គិសនី និងជំនាញ​ផ្សេងៗជាច្រើន​ទៀត​ ដោយយុវជន​ដែលកំពុងទទួលបាន​ការ​បណ្តុះបណ្តាល នៅ​ក្នុងវិទ្យាស្ថានជាតិពហុបច្ចេក ទេសអង្គរនេះផងដែរ៕

ដោយ ឃុត សៅ