រដ្ឋបាលជលផលខេត្តកំពង់ចាម ចុះអប់រំផ្សព្វផ្សាយពីច្បាប់ជលផល ដល់ប្រជាពលរដ្ឋក្នុងស្រុកកងមាស

AKP កំពង់ចាម ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ — នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងមន្ត្រី ជំនាញជលផលបានចុះប្រជុំអប់រំផ្សព្វផ្សាយអំពីច្បាប់ ស្តីពីជលផល សកម្មភាពសហគមន៍ នេសាទ និងការជូនដំណឹងពីការបិទនេសាទឆ្នាំ២០១៩ ដល់ប្រជាពលរដ្ឋ និងប្រជានេសាទ នៅក្នុងឃុំកងតាណឹរបស់ស្រុកកងមាស។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានលើកឡើងថា ការចុះមក អប់រំផ្សព្វផ្សាយផ្សាយអំពីច្បាប់ស្ដីពីជលផល សកម្មភាពសហគម៍នេសាទ និងការជូនដំណឹង ពីការបិទនេសាទដល់ប្រជាពលរដ្ឋ និងប្រជានេសាទគឺគោលបំណងចង់ឱ្យប្រជាពលរដ្ឋ និងប្រជានេសាទឱ្យយល់កាន់តែច្បាស់អំពីច្បាប់ស្តីពីវិស័យជលផល និងរួមគ្នាអនុវត្តន៍ឱ្យ មានប្រសិទ្ធភាពគឺសំដៅរួមគ្នាចូលរួមគ្នាការពារនូវធនធានផល ធនធានមច្ឆាជាតិឱ្យបាន គង់វង្ស។

លោក អ៊ុក ណារិន បានបញ្ជាក់ថា តាមរយៈនៃការផ្សព្វផ្សាយនេះប្រជាពលរដ្ឋក៏ដូច ប្រជាសហគមន៍បានដឹង និងយល់នៅច្បាប់និងបានរួមគ្នាគោរពច្បាប់រួមគ្នាទប់ស្កាត់រាល់ បទល្មើសនេសាទនៅតាមមូលដ្ឋាន និងដែននេសាទរបស់ខ្លួនពិសេសគ្រប់ សកម្មភាពបទ ល្មើសនេសាទខុសច្បាប់ត្រូវ បានហាមឃាត់និងចូលរួមគោរពច្បាប់ទាំងអស់គ្នា ពិសេសក្នុង រដូវបិទនេសាទខាងមុខនេះ ជារដូវពងកូនរបស់ពពួកមច្ឆាជាតិ យើងត្រូវគោរពច្បាប់ និងរួមគ្នា ទប់ស្កាត់រាល់បទល្មើលនិងឧបករណ៍នេសាទដែលបានហាមឃាត់និងរួមគ្នាប្រើប្រាស់នូវឧបករណ៍លក្ខណៈគ្រួសារដែលច្បាប់បានកំណត់ដើម្បីមច្ឆាជាតិរបស់យើងបានគង់វង្ស។

ការចុះផ្សព្វផ្សាយច្បាប់ស្ដីពីជលផល មានរយៈពេលបីថ្ងៃក្នុងឃុំចំនួន៦ របស់ស្រុក កងមាសមានឃុំ ព្រែកកុយ ឃុំស្តៅ កងតាណឹង រកាអារ ខ្ចៅ និងឃុំរាយប៉ាយ ដែលជា តំបន់ដែននេសាទសហគមន៍៕

ដោយ ឆាយ ម៉ុត