សំពោចភ្នំ ដែលជិតផុតពូជលើលោក វាមានវត្ដមាននៅដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្ដមណ្ឌលគិរី

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ — មន្ត្រីជំនាញផ្នែកអភិរក្សសត្វព្រៃរបស់អង្គការ WCS  បានលើកឡើងថា​ ភ្ញៀវទេសចរមកពី​ប្រទេស​​អូស្ត្រាលី និងអាហ្វ្រិកខាងត្បូង មានការចាប់អារម្មណ៍ខ្លាំងលើសត្វសំពោចភ្នំ ឬ ឈ្មុសប្រែង ដែលជាប្រភេទសត្វដ៏កម្រមួយ ក្នុងកំឡុងពេលពួកគាត់បានទៅទស្សនាជំរុំ ចាហ៊ូ​ហ្គីបឹន (Jahoo Gibbon) ស្ថិតនៅក្នុងដែនជម្រកសត្វ ព្រៃកែវសីមា ខេត្តមណ្ឌលគីរី កាលពី ខែមេសា ឆ្នាំ២០១៩ កន្លងទៅ។

អង្គការ WCS  បានបញ្ជាក់ថា ប្រភេទសត្វសំពោចភ្នំនេះ ត្រូវបានកត់ត្រាក្នុង​បញ្ជី​ក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វដែលកំពុងទទួលរងការគំរាមកំហែងឈានទៅរក​ការ​ផុតពូជនៅលើភពផែនដីយើងនេះ។ ជាមួយគ្នានេះ ប្រភេទសត្វនេះ គឺមានមនុស្សតិចតួច​ណាស់ដែលមានឱកាសបានឃើញសត្វសំពោចភ្នំនេះ ប៉ុន្តែវាត្រូវបានលោក ស៊ាន ម៉ារឌី ជាបុគ្គលិកមជ្ឈមណ្ឌលសំវាសនា ថតរូបបាន ។ រូបថតរបស់លោក ស៊ាន ម៉ារឌី នេះបាន​បង្ហាញអំពីសកម្មភាពរបស់សត្វសំពោធភ្នំនៅពេលថ្ងៃ ដែលតាមធម្មតា វាបង្ហាញខ្លួនតែនៅ​ពេលយប់ ឬពេលថ្ងៃរៀបលិចតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា សត្វសំពោចភ្នំ វាស៊ីគ្រាប់ផ្លែឈើជាអាហារ ជាពិសេស ផ្លែល្វា ហើយសត្វនេះ ទាំងញីទាំងឈ្មោល មានក្រពេញផលិតក្លិនម៉្យាងដែលធ្វើឱ្យខ្លួនវាធំក្លិនដូច​ពោត​លីង  ៕

ដោយ៖ ណយ នឿន (ប្រភព WCS )