ខេត្តបន្ទាយមានជ័យមានគណបក្សនយោបាយចំនួន៥ ចូលរួមប្រកួតប្រជែង​ជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង

AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ — យុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ​ ​អាណត្តិទី៣នៅទូទាំងប្រទេស បានចាប់ផ្តើមហើយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ។

នៅខេត្តបន្ទាយមានជ័យក្នុងចំណោមគណបក្សនយោបាយចំនួន៥ដែលបានចុះឈ្មោះប្រកួតប្រជែង គេសង្កេតឃើញគណបក្សប្រជាជនកម្ពុជាមានសកម្មភាពលេចធ្លោជាងគេ នៅ ព្រឹកថ្ងៃដំបូងនេះ ដោយមានការជួបជុំសមាជិកសមាជិការបស់ខ្លួនប្រមាណ៦០០០នាក់នៅ មុខស្នាក់ការបក្សខេត្តរួចដង្ហែចេញតាមដងផ្លូវក្រោមអធិបតីភាពឯកឧត្តម កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការ ងារចុះជួយ​​ខេត្តបន្ទាយមានជ័យ។

​រីឯគណបក្សផ្សេងទៀត ​នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនា​នេះក៏​បានធ្វើសកម្មភាព ទៅតាមលទ្ធភាពរបស់ខ្លួនដោយមានជួបជុំសមាជិកសមាជិកាអង្គបោះឆ្នោតនៅតាមទីស្នាក់ការបក្ស​តាមរូបភាពឃោសនាផ្សេងៗ ដើម្បីបញ្ចុះបញ្ចូលស្វែងរកសំឡេង​គាំទ្រ គណបក្ស របស់ខ្លួននោះ នេះជាការប្រាប់ឱ្យដឹងពីលោក ហី គឹមសេង ប្រធានគណៈកម្មការរៀប ចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ ​កាលពីព្រឹក​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ​។ ​​

លោកបានប្រាប់ឱ្យដឹងដែរថា ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពឱ្យមាន ភាពល្អប្រសើរក្នុងយុទ្ធនាការឃោសនាជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងខណ្ឌស្រុកដែលដំណើរក្នុងរយៈពេល៨ថ្ងៃ និងការបោះឆ្នោតការរាប់សន្លឹកឆ្នោតនៅទូទាំងខេត្ត យើងបាន ដាក់​ពង្រាយកម្លាំង​សន្តិសុខការពារ​នៅតាមគោលដៅនិងការិយាល័យបោះឆ្នោត។

គួររម្លឹកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ អាណត្តិទី៣ ដែលនឹងធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅខេត្តបន្ទាយមានជ័យ មានគណបក្ស​នយោបាយចំនួន៥បានចូលរួមប្រកួតប្រជែងនោះមាន ​គណបក្សប្រជាជន កម្ពុជា, ហ៊្វុនស៊ិនប៉ិច​, ខ្មែររួមរួបជាតិ ,ឆន្ទៈខ្មែរ និងគណបក្សសញ្ជាតិកម្ពុជា ដោយមាន ការិយាល័យបោះឆ្នោតចំនួន៩កន្លែង និង​​អង្គបោះឆ្នោតចំនួន៥១៥នាក់៕

ដោយ ឈុន សារ៉ាត