ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់សម្ភាសន៍ដល់វិទ្យុអន្តរជាតិចិន

AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់បទសម្ភាសន៍ដល់វិទ្យុអន្តរជាតិចិន កាលពីពេលថ្មីៗនេះ ខណៈឯកឧត្តមដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមសន្និសីទលើកទី១ ស្តីពីការសន្ទនារវាងអរិយធម៌អាស៊ី នៅទីក្រុងប៉េកាំង ប្រទេសចិន។

ខាងក្រោមនេះ ជាបទសម្ភាសន៍ទាំងស្រុង៖

សំនួរទី១

អរិយធម៌ នាពេលបច្ចុប្បន្ននេះ គឺជាសមិទ្ធផលដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្លាស់ប្តូរគ្នា និងរួមបញ្ចូលគ្នា ជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្រ្ត រវាងអរិយធម៌នៃគ្រប់ប្រទេសនានា។ ក្នុងន័យនេះ វិទ្យុយើងខ្ញុំចង់បានទស្សនៈយល់ឃើញរបស់ឯកឧត្តម ចំពោះអត្ថន័យសំខាន់ នៃសន្និសីទលើកទី១ ស្តីពីការសន្ទនារវាងអរិយធម៌អាស៊ី ក្នុងការបន្តរក្សា ពង្រឹង និងអភិវឌ្ឍអរិយធម៌មនុស្សជាតិ។

ចំលើយ

អរិយធម៌ គឺជាសណ្តាប់ធ្នាប់ របៀបរៀបរយសេដ្ឋកិច្ច សង្គម នយោបាយ រួមទាំងផ្នត់គំនិត របស់ប្រជាជាតិនីមួយៗ ដែលត្រូវបានពូតផ្តុំតាមដំណាក់កាលៗ ក្នុងរយៈពេលមួយជាបន្តបន្ទាប់។ រាប់ពាន់ឆ្នាំមកហើយ តំបន់អាស៊ី គឺជាប្រភពកើតនៃអារ្យធម៌ពិភពលោក និងតំបន់ដ៏សំខាន់ៗដូចជា ព្រហ្មញ្ញសាសនា ពុទ្ធសាសនា គ្រឹស្តសាសនា ឥស្លាមសាសនា សាសនាស៊ិនតូ ទស្សនៈខុងជឺ ការហាត់សមាធិ ទស្សនវិជ្ជាដឹកនាំប្រទេស និងសង្គម ។ល។ និង ។ល។ សន្និសីទលើកទី១ ស្តីពីការសន្ទនារវាងអរិយធម៌អាស៊ី នៅទីក្រុងប៉េកាំង រដ្ឋធានីនៃសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងខែឧសភា ២០១៩នេះ បានកត់នូវការផ្តួចផ្តើមគំនិតមួយដ៏ល្អប្រពៃក្នុងសម័យសកលភាវូបនីយកម្ម ដែលមានទំនោរជម្រុញទៅរកការបង្កើតពុម្ពតែមួយ ទន្ទឹមនឹងការលេចឡើងនូវសញ្ញា នៃប្រតិកម្មដើម្បីរក្សាពិពិធកម្ម (Diversification) និង ឯកទេសកម្ម (Specialization) របស់តំបន់មួយ អរិយធម៌មួយ ប្រជាជាតិមួយ។
កិច្ចសន្ទនានេះ នឹងជួយឱ្យយើងអាចដាក់ខ្លួន (Humble) សិក្សាស្វែងយល់ពីលក្ខណៈពិសេសដោយឡែកនៃអរិយធម៌នីមួយៗផង យល់បានពីអន្តរកម្ម (Interaction) និងការពឹងអាស្រ័យគ្នាទៅវិញទៅមក (Interdependence) រវាងអរិយធម៌ជាមួយនឹងអរិយធម៌មួយទៀតផង។
យល់បានពីបញ្ហាទាំងអស់នេះ គឺជាមូលដ្ឋានដែលនឹងនាំឱ្យយើងមានការគោរពគ្នាទៅវិញទៅមក និងកសាងនូវមូលដ្ឋានសន្តិភាព សហប្រតិបត្តិការមួយលើគ្រប់វិស័យ។

សំនួរទី២

ប្រទេសទាំងពីរ ចិន និងកម្ពុជា បានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យជាមួយគ្នា ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយទំនាក់ទំនងរវាងប្រព័ន្ធសារព័ត៌មាននៃប្រទេសទាំងពីរក៏មានភាពស្អិតល្មួតដែរ ដូច្នេះតើសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានប្រទេសទាំងពីរ មានអ្វីខ្លះ? សូមឯកឧត្តមជួយបង្ហាញបញ្ជាក់។ ហើយតើឯកឧត្តមមានផែនការសហប្រតិបត្តិការសម្រាប់ពេលអនាគត នៃប្រទេសទាំងពីរបន្តទៀតដែរឬទេ? តើផែនការនោះផ្តោតលើអ្វីខ្លះ?

ចំលើយ

យើងមានមោទនភាពណាស់ ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងចិន ជារួម និងកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានរវាងប្រទេសទាំង២ និយាយដោយឡែក។ បច្ចុប្បន្ននេះ យើងមានវិទ្យុមិត្តភាពកម្ពុជា-ចិន នៅក្នុងរាជធានីភ្នំពេញ១កន្លែង និងនៅសៀមរាប១កន្លែង យើងមានការផ្សព្វផ្សាយព័ត៌មានពីគ្នាទៅវិញទៅមកជាភាសាខ្មែរ និងចិន នៅតាមកាសែត ទស្សនាវដ្តី វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចជួយប្រជាជនកម្ពុជា ចិន ដឹងយល់ពីការវិវត្តនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ក្នុងប្រទេសយើងទាំង២ និងពិសេសបានយល់ពីវប្បធម៌ ទំនៀមទម្លាប់របស់ប្រជាជនយើងទាំងពីរ ដែលជាស្ពានដ៏សំខាន់នាំដល់ទំនាក់ទំនងដ៏ល្អស្រស់រវាងប្រជាជាតិ និងប្រជាជនយើង។ នៅថ្ងៃខាងមុខ អ្វីដែលជាការសំខាន់គឺការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងកម្មសិក្សារវាងប្រទេសទាំង២ ដើម្បីកាត់បន្ថយគម្លាតបច្ចេកវិទ្យា សំដៅបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធផ្សព្វផ្សាយយើង កិច្ចសហការកាន់តែប្រសើរថែមទៀតក្នុងការវាយកំចាត់ដំណឹងក្លែងបន្លំ (Fake News) ការផ្លាស់ប្តូរឯកសារសោតទស្សន៍ ការរួមគ្នាផលិតភាពយន្តឯកសារ ភាពយន្តរឿងខ្នាតវែង និងការកសាងមជ្ឈមណ្ឌលសារព័ត៌មានកម្ពុជា-ចិនមួយដែលសកម្ម និងមានប្រសិទ្ធភាពក្នុងការផ្តល់ព័ត៌មានគ្រប់បែបយ៉ាង ដែលមានសារៈសំខាន់ចំពោះប្រទេស និងប្រជាជនយើងទាំងពីរ។

សំនួរទី៣

តើកិច្ចសន្ទនាលើកនេះ នឹងដើរតួនាទីយ៉ាងដូចម្តេចចំពោះការផ្លាស់ប្តូររវាងប្រព័ន្ធសារព័ត៌មានអាស៊ី? ហើយប្រព័ន្ធសារព័ត៌មានអាស៊ី នឹងបង្កើនកំលាំងឥទ្ធិពលរបស់ខ្លួនលើឆាកអន្តរជាតិដោយរបៀបណា?

ចំលើយ
បច្ចុប្បន្ននេះ ទំនាស់រវាងសកលភាវូបនីយកម្ម និងជាតិនិយម គឺជាបញ្ហាប្រឈមមួយនៅក្នុងសកលលោក។ ដូចខ្ញុំបាននិយាយពីខាងលើរួមមកហើយ កិច្ចសន្ទនាពីអរិយធម៌នេះអាចធ្វើឱ្យយើងចេះដាក់ខ្លួន សម្លឹងមើលដោយគ្មានកែវពណ៌បាំង លើអរិយធម៌នានាដែលតំបន់អាស៊ីយើងមាន។ និយាយពីអរិយធម៌ មិនមែនដើម្បីភាពក្រអឺតក្រទម (Arrogance) មិនមែនដើម្បីលើកតម្កើងស្មារតីអនុតរភាពជាតិនិយមនោះទេ តែគឺស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីកសាងយ៉ាងហោចណាស់ «ស្ពានឬស្សី» មួយដើម្បីតភ្ជាប់ទំនាក់ទំនងរវាងប្រជាជនអាស៊ីជាបឋម និងបន្ទាប់មកទៀតរវាងប្រជាជននៅទូទាំងពិភពលោក។ មានការយល់ដឹងពីនេះ យើងនឹងមានការឯកភាពជាមូលដ្ឋានមួយ ដើម្បីលើកឡើងនូវស្មារតីអរិយធម៌អាស៊ី ចៀសផុតបានពីការប៉ុនប៉ងបំផ្លាញសា្មរតីវប្បធម៌អាស៊ី ការខិតខំបញ្ចូលពុម្ពតែមួយអ្វីដែលជាតម្លៃដោយឡែកនៃអរិយធម៌ប្រជាជាតិនីមួយៗ។ នេះជាការងារមួយដែលសារព័ត៌មានអាស៊ីគួរយកចិត្តទុកដាក់៕