ផ្នែកខាងជើងនៃប្រាសាទបន្ទាយឆ្មារ កំពុងធ្វើការជួសជុល បន្ទាប់ពីរងនូវការខូចខាត យ៉ាងដំណំ ដោយសារកត្តាធម្មជាតិ និងកត្តាមនុស្ស

វិទ្យុជាតិកម្ពុជា៖ដោយ លោក លឹម តុងហួត ៖

លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រាសាទបន្ទាយឆ្មារ ជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ ដែលត្រូវបានទទួលរងនូវការខូចខាតយ៉ាងដំណំ ដោយសារកត្តាធម្មជាតិ សង្គ្រាមស៊ីវិល និងកត្តាមនុស្ស បំផ្លិចបំផ្លាញ លួចគាស់កាត់យកទៅលក់ឲ្យប្រទេសជិតខាង។


ការបញ្ជាក់របស់លោកជំទាវ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំជួសជុល តំឡើង កែលម្អឡើងវិញនៅជញ្ជាំងផ្នែកខាងជើងប្រាសាទបន្ទាយឆ្មារ កាលពីរសៀលនៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០១៩ នៅខេត្ត បន្ទាយមានជ័យ។


លោកជំទាវ បន្ថែមថា ការរៀបចំគម្រោងផែនការរៀបចំ ជួសជុល តំឡើង កែលម្អរប្រាសាទឡើងវិញ គឺធ្វើឡើងក្នុងគោលបំណង ឲ្យប្រាសាទបុរាណដែលជាកេរ្ត៍ដំណែលសម្រាប់កូនចៅខ្មែរគ្រប់ជំនាន់មួយនេះបន្តឈរនៅគង់វង្សបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនា សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ និងជួយផ្តល់នូវប្រាក់ចំណូលកែលម្អរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងនៅតំបន់នេះកាន់តែប្រសើរឡើងថែមទៀត។


សូមបញ្ជាក់ថា ការរៀបចំជួសជុល តំឡើង កែលម្អរ ប្រាសាទបន្ទាយឆ្មារឡើងវិញនេះ គឺក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដោយប្រើប្រាស់ការចំណាយថវិកាផ្ទាល់ របស់លោកជំទាវ ព្រមទាំងក្រុមការងារ ញាតិមិត្តជិតឆ្ងាយ ក្នុងប្រទេស ក្រៅប្រទេសផងដែរ៕