ឯកឧត្តម គួច ចំរើនជំរុញដល់ក្រុមជាង និងមន្រ្តីជំនាញជួយពន្លឿនការស្ថាបនា ខឿនច្រាំងទន្លេមេគង្គក្រុងកំពង់ចាមឲ្យ មាន គុណភាព

វិទ្យុជាតិកម្ពុជា៖​ ដោយ លោក ចិន សារ៉ាត ខេត្តកំពង់ចាម
៖​

ក្នុងឳកាសដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យដំណើរការសាងសង់ឯកឧត្តមគួច ចំរើន អភិបាល ខេត្ត កំពង់ចាម បានជំរុញដល់ក្រុមជាង និងមន្រ្តីជំនាញជួយពន្លឿនការស្ថាបនា ខឿនច្រាំងទន្លេមេគង្គក្រុងកំពង់ចាម ប្រវែង ១៧០ ម៉ែត្រ ឲ្យ មាន គុណភាព និង សោភណភាព។


លោក អ៊ុំ វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបាន ឲ្យដឹងថា គិតត្រឹម សប្តាហ៍ទី២ខែឧសភា ឆ្នាំ២០១៩នេះ ខឿនច្រាំងទន្លេមេគង្គក្រុងកំពង់ចាមប្រវែង១៧០ ម៉ែត្រដែលស្ថិតក្រោមការត្រួតពិនិត្យ លក្ខណ:បច្ចេកទេស និងកំពុងស្ថាបនាដោយខាងក្រសួងធនធានទឹក និងឧតុនិយមនោះ គឺសាងសង់បានសសរគ្រឹះធ្នឹមខាងក្រោមច្រាំងបានមួយជាន់ស្មើនឹង១០ ភាគរយហើយ ក្នុងចំណោមសសរគ្រឹះសរុបចំនួន បួន ជាន់ ។


លោក ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបាន ឲ្យដឹងទៀតថា ខណ:បានបញ្ចប់ការចាក់សសរគ្រឹះចំនួន៣៥ដើម ចុះទៅខាងក្រោមដីជម្រៅ ១៦ម៉ែត្រ និងចាក់ធ្នឹមភ្ជាប់ពីសសរមួយទៅសសរមួយប្រវែង១៧០ ម៉ែត្រ នៅជាន់ក្រោមច្រាំងគេបង្អស់នោះរួចហើយ។ លោក អ៊ុំ វិបុល បន្តថា នៅសប្តាហ៍ទី៣ នៃខែឧសភានេះ ក្រុមជាងសម្រុកបន្តសាងសង់គ្រោងឆ្អឹងសសរគ្រឹះ និងធ្នឹមជាន់ទី២ និងជាន់ទី៣ ដែលមានជម្រៅគ្រឹះសសរចុះក្រោមដី ១៦ម៉ែត្រស្មើគ្នា និងចំនួនសសរនៃធ្នឹមក៏ស្មើគ្នាដែរ លើកលែងតែជាន់ទី៤ ខាងលើច្រាំងខ្ពស់បំផុតគឺជម្រៅ ២០ ម៉ែត្រ ដោយសរុបខឿនផ្ទៃច្រាំងទន្លេទាំងមូលប្រើប្រាស់សសរគ្រឹះចំនួន ១៤០ដើម។


សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ថវិកាចំនួន ១លាន៦សែន ដុល្លារអាម៉េរិក ដើម្បីស្ថាបនាខឿនច្រាំងទន្លេមេគង្គប្រវែង១៧០ម៉ែត្រ ស្ថិតក្នុងភូមិទី ១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ជាបន្ទាន់ឡើងវិញ កាលពីរដូវប្រាំងឆ្នាំ២០១៩នេះ បន្ទាប់ពីបាន បាក់ដីច្រាំងទន្លេ ដោយគ្រោះទឹកជំនន់ទន្លេមេគង្គកាលពីឆ្នាំ២០១៨ ដើម្បីបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធនានាជុំវិញតំបន់នោះ៕