អភិបាលខេត្ត កំពង់ចាម ជំរុញមន្រ្តីជំនាញ ជួសជុល កែលម្អសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមឲ្យមានគុណភាព និង សោភណភាព

វិទ្យុជាតិកម្ពុជា៖ដោយលោកចិនសារ៉ាតខេត្តកំពង់ចាម៖

ក្នុងឳកាសដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យដំណើរការសាងសង់សួនច្បារចាប់ពីខាងក្រោមស្ពានគីហ្ស៊ូណាដល់ស្តូបអនុស្សាវរីយ៍មិត្តភាពកម្ពុជាវៀតណាមអភិបាលខេត្តកំពង់ចាមបានជំរុញដល់ក្រុមជាងនិងមន្រ្តីជំនាញជួយពន្លឿនការស្ថាបនានិងជួសជុលសួនច្បារមាត់ទន្លេប្រវែង២៣២ម៉ែត្រឲ្យឲ្យបានឆាប់រួចរាល់និងមានគុណភាពនិងសោភណភាព។

ឯកឧត្តម  គួច  ចំរើនអភិបាលខេត្តកំពង់ចាម  បានឲ្យដឹងថា  សួនច្បារដែលកំពុងស្ថាបនាឡើងនេះ  គឺធ្វើយ៉ាងណា  ត្រូវមានទាំងគុណភាពនិងសោភណភាពស្រស់បំព្រងសម្រាប់ក្រុងកំពង់ចាមនិងសម្រាប់បងប្អូនប្រជាពលរដ្ឋ  ដើរលេងកម្សាន្ត  ស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ  ពីដងទន្លេមេគង្គ  ហើយក៏ជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ  មកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើនទ្វេឡើង។

លោកលូភួងដារ៉ាលីនអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់សុរិយោដីបានឲ្យដឹងថាសួនច្បារដ៏ប្រណីតនៅប៉្របនឹងមាត់ទន្លេមេគង្គក្នុងក្រុងកំពង់ចាមនឹងសម្រេចជាស្ថាពរនៅក្នុងរង្វង់ខែសីហាឆ្នាំ២០១៩ហើយនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ដំណាលគ្នាជាមួយស្តូបអនុស្សវរីយ៍មិត្តភាពកម្ពុជាវៀតណាមខណៈបច្ចុប្បន្នសម្រេចបានប្រមាណ៥០%ហើយ។

លោកបន្តថាក្នុងសួនច្បារនេះយើងបង្កើតជាកន្លែងនិងបំពាក់ជាឧបករណ៍សម្រាប់ក្មេងលេងកម្សាន្ត, ជាកន្លែងសម្រាប់ប្រគុំតន្រ្តីសម្រាប់វប្បធម៌សិល្ប: និងកន្លែងសម្រាប់ហាក់ប្រាណរាំនិងកាយវប្បកម្ម  ពោលគឺយើងបង្កើតជាសួនបែបប្រណីតលើកដំបូងនៅខេត្តកំពង់ចាមមានលក្ខណ:ស្តង់ដារបច្ចេកទេសសម្រាប់ជាសួនគំរូដើម្បីចម្លងទៅសួនបន្តបន្ទាប់ទៀ៕