ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបដិសេធមិនបានជាប់ពាក់ព័ន្ធជាមួយ ក្រុមហ៊ុនGCG Asia Co., LTD ឡើយ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ហុក​ សុខរិន​៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបដិសេធចំពោះព័ត៌មានដែលបានបង្ហោះនៅលើWebsite របស់ក្រុមហ៊ុនGCG Asia Co., LTD ថាមិនបានជាប់ពាក់ព័ន្ធជាមួយសម្តេចឡើយ ហើយប្រកាសរកមុខជនល្មើសនោះមកផ្តន្ទាទោសជាបន្ទាន់។
ការឆ្លើយតបរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនមួយឈ្មោះ GCG Asia Co., LTD បានយករូបថត និងឈ្មោះសម្តេចទៅបង្ហោះនៅលើWebsiteរបស់ខ្លួនhttp://gcgasiacoin.com/ ដោយបានអះអាងថាសម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ចើញចូលរួមសម្ពោធក្រុមហ៊ុននេះ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។
យោងតាមហ្វេសបុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរដោយចាត់ទុក «ដំណឹងសន្តិសុខជាតិបន្ទាន់ ថា សម្តេចតេជោ ហ៊ុន សែន សូមបដិសេធព័ត៌មានដែលផ្សាយ ក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេនឹងស្នើអោយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ពិនិត្យតាមដាននិងស្រាវជ្រាវរកមុខជនខិលខូច យកមកផ្តន្ទាទោសតាមច្បាប់ជាធរមានជាបន្ទាន់។
លើសពីនេះទៅទៀតសម្តេចតេជោបានអះអាងថា ក្រុមហ៊ុននោះបានយកឈ្មោះ ធនាគារជាតិកម្ពុជា និងធនាគារចិនថាជាដៃគូទទួលខុសត្រូវក្នុងជំនួញជួញដូរ Crypto Currency ប៉ុន្តែក្រុមហ៊ុននេះ ត្រូវបានស្ថានទូតឥណ្ឌូណេស៊ី បញ្ជាក់ថា ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ និងដាក់ក្នុងបញ្ជីខ្មៅទៅហើយ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុងនិងក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា»៕