ខេត្តមណ្ឌលគិរីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម

AKP មណ្ឌលគិរី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ -អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ១៧នាក់ ដែលបានពលីកម្មក្នុងសម័យសង្រ្គាមនៅកម្ពុជា ដែលត្រូវបានគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជា និង គណៈកម្មការជំនាញ K51 ខេត្តដាក់ឡាក់ នៃប្រទេសវៀតណាម បានរៀបចំធ្វើពិធីបង្សុកូលជូនអដ្ឋិធាតុកងទ័ពស្មគ្រចិត្តវៀតណាម ទៅកាន់ប្រទេសកំណើតខ្លួនវិញ។

ពិធីនេះប្រព្រឹត្តទៅនៅព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ក្រោមវត្តមាន លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរី និង លោកស្រី ហឺយឹម កាដត ប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ ប្រទេសវៀតណាម ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលអភិបាលរងក្រុង ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ ផងដែរ។

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តមណ្ឌលគិរីបានឱ្យដឹងថា ក្រុមការងារជំនាញនៃខេត្តទាំងពីរ បានរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី នៅក្នុងរដូវប្រាំងឆ្នាំ២០១៨-២០១៩ ដែលបានពលីកម្មក្នុងសម័យសង្រ្គាមនៅកម្ពុជា បានចំនួន ១៧នាក់ ដើម្បីរៀបចំពិធីបង្សុកូល ប្រគល់-ទទួល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ទៅកាន់ប្រទេសកំណើតខ្លួនវិញ។ លោកស្រីបន្តថា យើងនឹងបន្តអនុវត្តន៍នូវប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការជិតស្និទ្ធជាមួយបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមជាបន្ត ព្រមទាំងខិតខំប្រែក្លាយចំណងមេត្រីភាពប្រវតិ្តសាស្រ្តនេះ ទៅជាមូលបទ ញ៉ាំងប្រទេសជាតិយើងទាំងពីរកាន់តែមានការរីកចម្រើន។ ម្យ៉ាងវិញទៀតដោយឈរលើខ្លឹមសារ នៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងស្មារតីនៃកិច្ចប្រជុំរវាងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុមណ្ឌលគិរី និងគណៈកម្មការរុករកគាស់លើកអដ្ឋិធាតុខេត្តដាក់ឡាក់ ដែលបានធ្វើឡើងកន្លងមក រដ្ឋបាលខេត្តមណ្ឌលគិរី នឹងនៅបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីខេត្តដាក់ឡាក់ ធ្វើការរុករកគាស់លើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ជាបន្តទៅទៀតផងដែរ។

លោកស្រី ហឺយឹម កាដត ប្រធានគណៈកម្មការជំនាញខេត្តដាក់ឡាក់ ប្រទេសវៀតណាម បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្តមណ្ឌលគិរី ដែលកន្លងមកតែងតែសហការគ្នា ក្នុងការរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីកម្មក្នុងសម័យសង្រ្គាម នៅកម្ពុជា ក៏ដូចជានៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីនេះ៕

ដោយណយ នឿន (ប្រភព មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)