ផ្លូវលំជនបទជាង៥៦គីឡូម៉ែត្រនៅខេត្តបន្ទាយមានជ័យកំពុងស្ថាបនាដោយក្រាលកៅស៊ូ

AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែឧសភា ​ឆ្នាំ២០១៩ -ផ្លូវលំជនបទ៤ខ្សែប្រវែងជាង៥៦គីឡូម៉ែត្រ​នៅក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យបាន​និងកំពុងធ្វើការស្ថាបនាដោយក្រាលកៅស៊ូ DBSTដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀតបម្រើ​ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋបានយូរអង្វែងឆ្លើយតបទៅនឹងភាពរីកចម្រើនរបស់​ប្រទេសជាតិ​នាពេលបច្ចុប្បន្ននេះ។

​លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យ ដឹង​កាលពីរសៀលព្រហស្បតិ៍ ១៣កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ថា ផ្លូវលំជនបទទាំង ៤ខ្សែប្រវែងជាង ៥៦គីឡូម៉ែត្រដែលក្រុមជំ នាញកំពុងធ្វើការជួសជុលពីផ្លូវក្រាលក្រួសក្រហម ដោយជំនួសវិញក្រាលកៅស៊ូប្រភេទ DBST នោះមានផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៥៦ ទៅកាន់វត្តប្រាសាទរលំ​ជ្រៃ ស្រុកថ្មពួក មាន ប្រវែង៣​,៥០០គីឡូម៉ែត្រ​។ ផ្លូវយុទ្ធសាស្ត្រ​តភ្ជាប់ពីផ្លូវជាតិលេខ៥៦ ក្នុងឃុំថ្មពួក ស្រុកថ្មពួក ភ្ជាប់ដល់ភូមិភាស់ត្បូង ឃុំសារង្គ ស្រុកស្វាយចេក មានប្រវែង២៧​គីឡូម៉ែត្រ។ ផ្លូវ​ភ្ជាប់ពីផ្លូវ ជាតិលេខ៥៦ត្រង់ភូមិព្រៃសង្ហា​ ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទៅដល់ ភូមិវ័ល្លយាវ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ប្រវែងជាង៦គីឡូម៉ែត្រ និង១ខ្សែ ទៀតតភ្ជាប់ពីផ្លូវជាតិ​​លេខ៥ ត្រង់ឃុំកូប ទៅកាន់ឃុំសូភី ឃុំសិង្ហ ក្នុងស្រុកអូរជ្រៅ ប្រវែងជាង ២០​គីឡូម៉ែត្រ ។

លោក ជា យុទ្ធារុណ បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិ វឌ្ឍន៍ជនក៏ដូចជាអាជ្ញាធរខេត្ត ​រួមជាមួយជំនាញពាក់ព័ន្ធ និងក្រុមការងារបានខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្នុងការបម្រើ និងដោះស្រាយបញ្ហាតម្រូវការចាំបាច់នៅមូលដ្ឋានជាអាទិភាពខ្ពស់។ ជាមួយគ្នានោះប្រព័ន្ធផ្លូវថ្នល់នៅជនបទ បាននិងកំពុងប្រែក្លាយជាបណ្តើរដោយផ្លាស់ប្តូរពីផ្លូវ ដីមកក្រាសក្រួសថ្មមិញ ហើយបានកំពុងស្ថាបនាជាផ្លូវក្រាលកៅស៊ូបេតុងជាបន្តបន្ទាប់ដែល ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការ​បន្ថយភាពក្រីក្រនៅជនបទនោះ។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យរូបនេះ បាន​ឱ្យដឹងទៀតថា ផ្លូវទាំង៤ខ្សែនេះជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៨ដែលក្រសួងអភិវឌ្ឍន៍​ជនបទកំពុងបន្តអនុវត្តន៍គម្រោងនេះឱ្យបានរួចរាល់នៅពេលខាងមុខនេះដើម្បីរួមចំណែកដោះស្រាយការលំបាក និងសម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិ៕

ដោយ ឈុន សារ៉ាត