សម្ដេចតេជោនាយករដ្ឋមន្ត្រី បដិសេធព័ត៌មាន របស់ក្រុមហ៊ុនឈ្មោះ GCG Asia Co., LTD

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស ដំណឹងសន្តិសុខបន្ទាន់មួយ ដោយធ្វើការបដិសេធចំពោះការផ្សាយព័ត៌មានមិនពិតរបស់ក្រុមហ៊ុនឈ្មោះ GCG Asia Co., LTD នៅលើវេបសាយរបស់ក្រុមហ៊ុន។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩ សម្ដេចតេជោ បានសរសេរថា ដំណឹងសន្តិសុខជាតិបន្ទាន់ កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុន ឈ្មោះ GCG Asia Co., LTD បានយករូបថតខ្ញុំ និងឈ្មោះខ្ញុំ ទៅបង្ហោះនៅក្នុង Website របស់ក្រុមហ៊ុន  http://gcgasiacoin.com/ ដែលនិយាយថា ខ្ញុំជាអ្នកគាំទ្រ និងចូលរួមសម្ពោធកាត់ខ្សែបូរក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

ទន្ទឹមនឹងនោះ ក្រុមហ៊ុននេះ បានយកឈ្មោះធនាគារជាតិ និងធនាគារចិននៅកម្ពុជាថាជាដៃគូទទួលខុសត្រូវក្នុងជំនួញដូរលុយ ក្នុងរូបភាពគ្រីបតូឃឺរិនស៊ី (Crypto Currency)។ តាមព័ត៌មានពីស្ថានទូត ឥណ្ឌូណេស៊ី នៅកម្ពុជាគឺបញ្ជាក់ថា GCG Asia ជាក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវហើយត្រូវបានដាក់ចូលក្នុង Black List។ សម្ដេចតេជោបានបន្តថា ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមបដិសេធន៍ព័ត៌មានដែលផ្សាយក្នុងវេបសាយរបស់ក្រុមហ៊ុនខាងលើនេះគឺមិនពិតទេ។

សូម អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ពិនិត្យតាមដាន និងស្រាវជ្រាវរកមុខជនខិលខូចយកមកផ្តន្ទារទោសតាមច្បាប់ជាធរមានជាបន្ទាន់។ សូមបងប្អូនប្រជាពលរដ្ឋ និងពាណិជ្ជករទាំងក្នុង និង  ក្រៅប្រទេសមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញដូរប្រាក់ដែលគ្មានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា៕

ជឹម ណារី