ក្រុមហ៊ុនចិន គ្រោងវិនិយោគលើផ្ទៃដីជាង២.០០០ហិកតា នៅខេត្តកំពង់ធំ សម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០១៩ — ក្រុមហ៊ុនចិន មានគម្រោងវិនិយោគលើផ្ទៃដីជាង២.០០០ហិកតា នៅក្នុងខេត្តកំពង់ធំ​សម្រាប់​ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម ដើម្បី​ធ្វើការនាំចេញទៅកាន់ក្រៅប្រទេស។ ការលើកឡើងនេះ ធ្វើឡើង ក្នុងជំនួបពិភាក្សាការ​ងារ​រវាង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹង លោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេ​សិន​ណល អិនវេសមិន ឯ.ក កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង​កសិកម្ម ដើម្បី​ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិតចិនឱ្យកាន់តែល្អប្រសើរ និងមានភាពទូលំទូលាយថែមទៀត។ នេះបើយោងតាម ការចេញផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេ​សិន​ណល អិនវេសមិន ឯ.ក បានបញ្ជាក់ថា តាមគម្រោងផែនការវិនិយោគរបស់​ក្រុម​ហ៊ុនក្នុង​ការ កែច្នៃ វេចខ្ចប់ ផលិតផលទាំងនេះ គឺផ្ដោតលើការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម​ពី​ចំណុច ផ្តើម រហូតដល់ការ​នាំ​ចេញតែម្តង។ លោកបានលើកឡើងថា ការធ្វើពាណិជ្ជកម្ម និងទីផ្សារ កសិ​ផលគឺតាមរយៈប្រព័ន្ធអ៊ីនធឺណេតដែលអាចកាត់បន្ថយពេលវេលា ការចំណាយ និង​បង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។ លោកប្រធានបានបន្ថែមថា ដើម្បីឱ្យផែន ការ​វិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យគឺត្រូវមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយ​គម្រោងនេះក៏ទទួលបានការសហការគាំទ្រពីក្រសួងកសិកម្ម និងកិច្ចការជនបទ​នៃ​សាធា​រណ​រដ្ឋប្រជាមានិតចិនផងដែរ។ លោកក៏បានអរគុណ ចំពោះក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេ​សាទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយក្រុមហ៊ុន​ដើម្បីរួមគ្នា​អភិវឌ្ឍន៍វិស័យ​កសិ​កម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន។ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមាន​ប្រ​សាសន៍លើកឡើងចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិនបាននាំមកនូវការ​អភិវឌ្ឍ​លើគ្រប់វិស័យសម្រាប់ប្រទេសកម្ពុជា ដោយភាគីចិនបានដើរតួយ៉ាងសំខាន់​ក្នុងការជួយឧប​ត្ថម្ភ​គាំទ្រទាំងការផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសមកដល់កម្ពុជា។ ពាក់ព័ន្ធ​នឹងវិស័យ​កសិ​កម្ម ភាគីចិនក៏បាន​និងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយភា​គីកម្ពុជា​ផងដែរ ដោយភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជារហូតដល់៤០០ពាន់តោននិង​ថ្មីៗ​នេះ បានអនុញ្ញាតឱ្យចេកអំបូងលឿងកម្ពុជាធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន។

ឯកឧត្តម​សង្ឃឹមថា ផលិតផលកសិកម្មមួយចំនួនទៀតដូចជាស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកា​នាគ ផ្លែដូង និងទឹកមាត់ត្រចៀកកាំ ដែលភាគីទាំងពីរកំពុងធ្វើការចរចាអំពីលក្ខខណ្ឌ​តម្រូវ​ស្តីពី​អនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ។ ទន្ទឹមនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិនមកលើវិស័យកសិកម្មនៅកម្ពុជាក៏បាន​និងកំពុង​មានការ​កើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានគាំទ្រ និងស្វាគមន៍ចំពោះ​បំណង និង​ផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់ វត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ៕

ដោយ អ៊ុន រិទ្ធី