ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ជួប​​សម្តែង​​ការ​​គួរ​​ស​ម​ជា​​មួយ ​ឯកឧត្តមអនុរដ្ឋ​មន្រ្តី​ទី១​ ក្រសួង​ការ​ពារ​ប្រទេស​​វៀត​​ណាម

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ — ប្រភពពីក្រសួងការពារជាតិបានឱ្យដឹងថា ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរ​ភូមិន្ទ​ និងជាមេ​បញ្ជាការ​កង​ទ័​ពជើង​គោក​បាន​ដឹ​កនាំ​គណៈ​ប្រតិភូ​កង​ទ័ព​ជើង​គោក​ ជួប​សម្តែង​ការ​គួរ​សម​ជា​មួយ ​ឧត្តមសេនីយ៍ឯ​ក​បម្រុង​ ផាន​ វ៉ាន់​ហ្សាង​ (Phan Van Giang) អនុរដ្ឋ​មន្រ្តី​ទី១ ​ក្រសួង​ការ​ពារ​ប្រទេស​ និង​ជា​ប្រធាន​អគ្គ​សេនា​ធិការ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ កាលពី​ថ្ងៃ​​​ទី​១៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៩ នៅប្រទេស​វៀត​ណាម។

ឯកឧត្តមឧត្តមសេនីយ៍​ឯក​ ផាន ​វ៉ាន់​ហ្សាង (​Phan Van Giang) អនុរដ្ឋ​មន្រ្តីទី​១ ​ក្រសួង​ការ​ពារ​ប្រទេស ​និង​ជា​ប្រធាន​អគ្គ​សេនា​ធិការ ​កង​ទ័ព​ប្រជាជន​វៀត​ណាម​ បាន​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះ​វត្ត​មាន​របស់​ ឯកឧត្តមឧត្តមសេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​និង​គណៈ​ប្រតិភូ​ នៃ​កង​ទ័ព​ជើង​គោក​កម្ពុជា​ ក្នុង​ឱកាស​ដែលឯកឧត្តមឧត្តម​សេនីយ៍​ឯ​ក និង​គណៈ​ប្រតិភូ​បំពេញ​បេសកកម្ម​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​វៀត​ណាម។

ឯកឧត្តមអនុរដ្ឋ​មន្រ្តី​​ទី​១ ក្រសួង​ការ​ពារ​ប្រទេស ​និង​ជា​ប្រធាន​អគ្គ​សេនា​ធិការ​បាន​លើក​ឡើង​ថា​ ប្រទេស​វៀត​ណាម​ និង​ប្រទេស​កម្ពុជា​ ជា​ប្រទេស​ជិ​តខាង ​និង​មាន​ប្រវត្តិ​សាស្រ្ត​រួម​គ្នា​ក្នុង​ការ​ប្រយុទ្ធ​ ដើម្បី​ឯក​រាជ្យ​ប្រទេស​រៀង​ៗ​ខ្លួន​។​ ឯកឧត្តម​ឧត្តមសេនីយ៍បានបន្ត​ថា​ កង​ទ័ព​ប្រជាជន​វៀតណា​ម ​នៅ​តែ​បន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំន​ងល្អ​ជា​មួយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​និង​បន្ត​គាំទ្រ​កង​យោធពល​ខេមរភូមិន្ទ​ ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​យោធិ​ន។

ឯកឧត្តមឧត្តម​សេនីយ៍ឯ​ក ​ហ៊ុន ​ម៉ាណែ​ត បា​ន​ថ្លែង​អំណរ​គុណ ​ដល់​រដ្ឋាភិបាល ​និង​កង​ទ័ព​ប្រជាជន​វៀត​ណាម​ដែល​បាន​ និង​បន្ត​គាំទ្រ​ដល់​កង​យោធពល​ខេមរ​ភូមិន្ទ​ ទាំង​ក្នុង​សម័យ​សង្គ្រា​ម និង​ពេល​បច្ចុប្បន្ន​។ ឯកឧត្តម​ឧត្តមសេនីយ៍ ​មាន​ជំនឿថា​ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​បន្ត​ពង្រឹង​ និង​ពង្រីក​ទំនាក់​ទំនង​រវាងប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)បន្ថែម​ទៀត​៕

ដោយ សាយ សុន (រូបថត៖ ក្រសួងការពារជាតិ)