អភិបាលខេត្តកំពត ស្នើឱ្យមានការវិនិយោគលើដំណាំតំណាងខេត្តបន្ថែម ដើម្បីជំរុញការនាំចេញទៅទីផ្សារអឺរ៉ុប

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ — អភិបាលខេត្តកំពត បានស្នើដល់វិនិយោគិនក្នុង និងក្រៅប្រទេសបណ្ដាក់ទុនវិនិយោគវិស័យ កសិកម្ម ក្នុងខេត្តកំពត ខណៈខេត្តមួយនេះជាខេត្តមានអំណោយផលខ្ពស់ខាង ដំណាំកសិកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងទទួលបានការគាំទ្រខ្ពស់ពីអន្តរជាតិផងដែរ ដូចជាម្រេចកំពត ដែលកំពុងល្បីសុះសាយទូទាំងពិភពលោក បន្ទាប់ពីអឺរ៉ុបបាន ដាក់ផលិត ផលនេះ ជាផលិតផលសម្គាល់ភូមិសាស្ត្រនៅសហភាពអឺរ៉ុប ។ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា ខេត្តកំពតជាខេត្តមាន​សក្ដានុពលលើដំណាំនាំចេញមួយចំនួន និងទទួលបានការគាំទ្រពីទីផ្សារក្នុងស្រុក​និងបរទេស​ផងដែរ ដូចជាដំណាំម្រេចកំពត ត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងកំពុងមាន ទីផ្សារខ្ពស់ពីអន្តរជាតិ ដែលជាហេតុធ្វើឱ្យកសិករពង្រីកការដាំដុះកាន់តែច្រើន។ ក្រៅពីដំណាំ ម្រេចដែលទទួលស្គាល់ពីទីផ្សារអន្តរជាតិហើយនោះ ខេត្តកំពតក៏មានដំណាំ មួយប្រភេទទៀត ដែលកំពុងទទួលស្គាល់ទូទាំងប្រទេសគឺដំណាំធុរ៉េន តែដំណាំនេះ មិនទាន់មានការដាំដុះជា​លក្ខណៈក្រុមហ៊ុនវិនិយោគនៅឡើយ ដោយការដាំដុះនាពេលបច្ចុប្បន្ននេះ ភាគច្រើនដាំ​ជា​លក្ខណៈគ្រួសារប៉ុណ្ណោះ ខណៈតម្រូវការនៅទូទាំងប្រទេសមានច្រើន ហើយការផ្គត់ផ្គង់ធុរ៉េន កំពតមិនទាន់ឆ្លើយតបនឹងតម្រូវការនៅឡើយ។ ឯកឧត្តមអភិបាលបានបន្ដទៀតថា “ដំណាំ​ធុរ៉េន ជាដំណាំដែលអាចវិនិយោគ ហើយបម្រើឱ្យការនាំចេញបានទៀតផង ដោយក្នុង​នោះ​ដែរ បច្ចុប្បន្នមានក្រុមហ៊ុនបីបួនហើយបានចាប់អារម្មណ៍វិនិយោគលើដំណាំនេះ”។ ឯកឧត្តម ​បានបន្តថា ក្រៅពីដំណាំតំណាងខេត្ត និងដំណាំម្រេចសម្គាល់ភូមិសាស្ត្រហើយនោះ ទីតាំង ភូមិសាស្ត្រខេត្តកំពតក៏អាចដាំដំណាំមៀន ស្វាយតាមង៉ែន និងដំណាំ ហូបផ្លែជាច្រើនទៀត សម្រាប់បំពេញនូវទីផ្សារក្នុងស្រុក និងបម្រើឱ្យការនាំចេញ ដូច្នេះវាអាចទាក់ទាញឱ្យវិនិយោ គិន ដែលចង់វិនិយោគក្នុងវិស័យកសិកម្ម អាចសម្លឹងមើលខេត្តកំពតក្នុងការបណ្ដាក់ទុនអាជីវ កម្មរបស់ពួកគេ។ ឯកឧត្តមបញ្ជាក់ថា ខេត្តកំពត ក៏ជាច្រកមួយសម្រាប់នាំចេញទំនិញកសិ ផលទៅកាន់ប្រទេសក្រៅបានផងដែរ តាមរយៈកំពង់ផែទឹកជ្រៅរបស់យើង ក្នុងនោះខេត្តកំពត មានកំពង់ផែសរុបចំនួន៤ រួមមានកំពង់ទឹកជ្រៅ១៤ម៉ែត្ររបស់លោកឧកញ៉ា វិញ ហួរ ទី២ កំពង់ផែរបស់ លោកឧកញ៉ា ទ្រី ភាព សម្រាប់នាំប្រេងចូល និងទី៤ជាកំពង់ផែទេសចរណ៍អន្តរ ជាតិ ដែលអាចអនុញ្ញាតឱ្យនាវាមកពីប្រទេសវៀតណាម និងថៃចូលចតបាន។ ឯកឧត្តម​បានបន្ថែមថា “គម្រោងកំពង់ផែទាំងនេះ នឹងរួចរាល់នៅអំឡុងឆ្នាំ២០២១ ខាងមុខនេះ ហើយវា​នឹងបង្ហាញពីសក្ដានុពលកាន់តែខ្លាំងថែមទៀតនៅក្នុងទឹកដីខេត្តកំពត”។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានមាន​ប្រ សាសន៍​ថា សម្រាប់វិស័យកសិកម្មកម្ពុជា នៅមានសក្ដានុពលធំធេងណាស់ ក្នុងការបណ្ដាក់ ទុនវិនិយោគ ដាំដុះ និងកែច្នៃ ដូចជាដំណាំមៀន តាង៉ែន ស្វាយចន្ទី និងស្វាយកែវ​រមៀត ជាដើម និងត្រូវបានទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិផងដែរ។ ឯកឧត្តម​រដ្ឋ​មន្រ្ដីបាន បន្ដថា ក្រៅដំណាំកែច្នៃ កម្ពុជាក៏មានសក្ដានុពលបន្លែស្រស់ដើម្បីនាំចេញផងដែរ ក៏ ប៉ុន្តែឧប សគ្គធំសម្រាប់កម្ពុជាក្នុងការនាំចេញបន្លែស្រស់ទៅបរទេសនោះជាពិសេសទៅបណ្ដា​ប្រទេស អឺរ៉ុប គឺការដឹកជញ្ជូន ដោយសារតែកម្ពុជា មិនទាន់មានក្រុមហ៊ុនយន្ត​ហោះ​ដែលអាចដឹកបន្លែ ពី​កម្ពុជាទៅកាន់អឺរ៉ុបដោយផ្ទាល់។ ម្យ៉ាងទៀត ដោយសារតែព្រលានយន្ត​ហោះរបស់កម្ពុជា នៅមានទំហំតូចនៅឡើយ ដូច្នេះរំពឹងថា នៅពេលដែលកម្ពុជាមាន​ព្រលាន​យន្តហោះធំជាង មុន កម្ពុជានឹងអាចនាំបន្លែទៅកាន់អឺរ៉ុបបានកាន់តែច្រើន៕

ដោយ ម៉ៅ ចរិយា