រដ្ឋបាលខេត្តកំពង់ស្ពឺ ជំរុញឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមកែលម្អបរិស្ថាន និងអនាម័យដើម្បីការរស់នៅប្រកបដោយផាសុកភាព

AKP កំពង់ស្ពឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ  បានគូសបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្ត បាន​យកចិត្តទុកដាក់  ជំរុញឱ្យមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ធ្វើ អនាម័យជាប្រចាំនៅតាមកន្លែងធ្វើការ សាលារៀន ទីសាធារណ:​ និងគេហដ្ឋាន  ដើម្បី​បរិស្ថានល្អស្អាត និងធ្វើឱ្យជីវិតរស់នៅប្រកបទៅដោយផាសុកភាព។ ឯកឧត្តមបានបន្ដថា រដ្ឋបាលខេត្តបានធ្វើការរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាមទីសាធារណៈ​ក្នុង​ខេត្ត ដូចជា  ការកែលម្អសួនច្បារ ផ្លូវថ្នល់សំខាន់ៗ ការដាក់តាំងបំភ្លឺភ្លើងតាមផ្លូវនានា​ក្នុងខេត្ត​ជាដើម។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់មន្រ្តីរាជការ​និងប្រជាពលរដ្ឋនៅគ្រប់​មជ្ឈដ្ឋាន​ទាំងអស់  ចាប់ពីម្នាក់ឡើងទៅត្រូវគិតគូរចូលរួមកែលម្អបរិស្ថាន អនាម័យ សោភណ​ភាពក្រុង កន្លែងធ្វើការ សាលារៀន វត្តអារាម គេហដ្ឋាន​និងត្រូវចូលរួមយ៉ាងសកម្មផងដែរ​ក្នុងការថែរក្សាការពារ សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ៕

ដោយ លឹម សាន្ត