ថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ភ្ញៀវទេសចរជាង៨០ម៉ឺននាក់ ដើរលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេស

វិទ្យុជាតិកម្ពុជា៖ ដោយលោក ចេម ហួត ៖

 ភ្ញៀវទេសចរជាតិ-អន្តរជាតិ មានការកើនឡើងខ្ពស់រហូតដល់ជាង ៨០ម៉ឺននាក់ បានដើរលេងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស នាឱកាសថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលវិទ្យុជាតិកម្ពុជា ទទួលបាននៅថ្ងៃទី១៦ ខែឧសភានេះបានបញ្ជាក់ថា «សម្រាប់ថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចំរើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហនុ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នេះ រួមទាំងថ្ងៃចុងសប្តាហ៍ (១១-១២ ខែឧសភា) ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលទៅកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ទូទាំងប្រទេសមានចំនួនប្រមាណ ៨សែននាក់ កើនឡើងប្រមាណ ជិត៦៤ភាគរយ។ ក្នុងនោះ ភ្ញៀវជាតិមានចំនួនប្រមាណ ៧សែននាក់ កើនឡើងប្រមាណ ជាង៦៧ភាគរយ និងភ្ញៀវអន្តរជាតិមានប្រមាណ ជាង៦ម៉ឺនាក់ កើនឡើងប្រមាណ២៤ភាគរយ។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ មានការកើនឡើងច្រើនយ៉ាងដូច្នេះ ដោយសារថ្ងៃឈប់សម្រាកបូករួមទាំងថ្ងៃសម្រាកចុងសប្តាហ៍មានរយៈពេល៥ថ្ងៃ និងម្យ៉ាងទៀត អាកាសធាតុមានលក្ខណៈអំណោយផលល្អ ខណៈបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងប្រព័ន្ធហេដ្ឋានចរនាសម្ព័ន្ធមានលក្ខណៈល្អប្រសើរផងដែរ៕