អ្នកជំនាញណែនាំពីវិធីសាស្ត្រការពារការឆ្លងជំងឺប៉េស្តជ្រូកអាហ្រិ្វក

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ វ៉ាង​ ភក្តី​៖

អ្នកជំនាញណែនាំពីវិធីសាស្ត្រការពារការឆ្លងជំងឺប៉េស្តជ្រូកអាហ្រិ្វក ដែលកំពុងមានការឆ្លងរាលដាលទៅលើសត្វជ្រូក តាមរយៈការចរាចរណ៍សត្វជ្រូក និងសាច់របស់វាពីតំបន់មួយទៅតំបន់មួយទៀត។
ថ្លែងក្នុងសិក្ខាសិលាស្តីពីជំងឺប៉េស្តជ្រូកអាហ្រិ្វក និងវិធីបង្ការដល់អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា លោកវេជ្ជបណ្ឌិត រ៉ុងរ៉ុច ថាណាវុងនូវ៉ាច ព្រឹទ្ធបុរសមហាវិទ្យាល័យវិទ្យាសាស្រ្តសត្វ នៃសកលវិទ្យាល័យជូឡាឡុងកន មកពីប្រទេសថៃ បានណែនាំពីការអនុវត្តតាមជីវៈសុវត្ថិភាពរបស់កសិដ្ឋានដូចជា ពេលចេញចូលកសិដ្ឋានគួរសម្អាតខ្លួនប្រាណ កក់សក់ ប្តូរសម្លៀកបំពាក់ ស្បែកជើងនិងជ្រលក់ទឹកថ្នាំសម្លាប់មេរោគ ធ្វើការសម្អាតកសិដ្ឋានដោយបាញ់ថ្នាំសម្លាប់មេរោគ បាញ់សម្លាប់មេរោគលើយាន្តជំនិះមុនចេញចូលកសិដ្ឋាន ជៀសវាសក្នុងការនំាផលិតផលសាច់ជ្រូកចូលក្នុងកសិដ្ឋាន និងជៀសវាងការឲ្យចំណីជ្រូកជាកាកសំណល់ផ្ទះបាយ។
ការណែនាំនេះធ្វើឡើងបន្ទាប់ពីមានការរកឃើញមានករណីជំងឺប៉េស្តជ្រូកអាហ្រិ្វក ចិញ្ចឹមជាលក្ខណៈគ្រួសារ នៅក្នុងខេត្តរតនគិរី ដែលគេសង្ស័យថា មានប្រភពចម្លងមកពីប្រទេសវៀតណាម។
ជុំវិញនឹងបញ្ហានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលទប់ស្កាត់ និងចាត់វិធានការឲ្យបានតឹងរឹងចំពោះអ្នកនាំចូលជ្រូកដែលមានជំងឺនេះពីវៀតណាម ខណៈបច្ចុប្បន្ននេះនៅតែមានជនឆ្លៀតឱកាសមួយចំនួន លួចនាំចូលជ្រូកពីវៀតណាមមកលក់នៅឡើយ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្មីៗនេះ បានបញ្ជាឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចាត់វិធានការបសុព្យាបាលជាបន្ទាន់នៅតំបន់ផ្ទុះជំងឺនេះ ដោយបំផ្លាញចោលសត្វជ្រូកគ្រប់ប្រភេទ ផ្អាកការទិញលក់ ឬឆ្លងកាត់ក្នុងរង្វង់៣គីឡូម៉ែត្រពីតំបន់ផ្ទុះជំងឺ និងត្រួតពិនិត្យឃ្លាំមើលចលនាសត្វជ្រូកជាប្រចាំ៕