កេនយ៉ាបង្កើនសន្តិសុខក្នុងអំឡុងខែរ៉ាម៉ាដាន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ — កាលពីថ្ងៃពុធ ប៉ូលិសកេនយ៉ា បានទទូចដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នបន្ថែមក្នុងអំឡុងខែ រ៉ាម៉ាដាន ( Ramadan ) ។

អ្នកនាំពាក្យប៉ូលិសលោក Charles Owino បាននិយាយថា គេនឹងបង្កើនកិច្ចការពារសន្តិសុខ ដើម្បីធានាដល់វិហារអ៊ិស្លាម សម្រាប់ពួកមូស្លឹមធ្វើពិធីសូត្រធម៌របស់ពួកគេដោយសុខសន្តិភាព ព្រមទាំងបញ្ចៀស កុំឱ្យមានការវាយប្រហារដែលអាចមានរបស់ពួក al.Shabab ទៅលើវិហារគ្រឹស្ត ។

លោក Owino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលផ្សាយនៅទីក្រុងណៃរ៉ូប៊ី ថា ដើម្បីឱ្យបុណ្យ រ៉ាម៉ាដាន ប្រព្រឹត្តិទៅដោយសន្តិភាព ព្រមទាំងបុណ្យ Eid ដែលមានជាបន្តបន្ទាប់នោះ ទីភ្នាក់ងារសន្តិសុខ បានដាក់ពង្រាយភ្នាក់ងារនៅជុំវិញតំបន់ដែលមានការចាប់អារម្មណ៍នៅក្នុងទីក្រុងរបស់យើង​ព្រមទាំងតំបន់ដែលនៅក្បែរព្រំដែន កេនយ៉ា – សូម៉ាលី ។
សេចក្តីថ្លែងការណ៍នេះកើតមានឡើងនៅពេលដែលសហគមន៍មូស្លឹម ក្នុងប្រទេសកេនយ៉ា ធ្វើពិធីបុណ្យដ៏ពិសិដ្ឋរ៉ាម៉ាដាន​ ។
លោក Owino បាននិយាយថា គេបានដាក់ពង្រាយភ្នាក់ងារប៉ូលិសច្រើនទៀត សម្រាប់បង្កើនការល្បាតដោយទទូចដល់ប្រជាជនកេនយ៉ាឱ្យអនុវត្តន៍កម្រិតខ្ពស់ការប្រុងប្រយ័ត្ននឹងឱ្យរាយការណ៍ពីមនុស្ស ឬសកម្មភាពដែលសង្ស័យណាមួយដល់ពួកអាជ្ញាធរ ។

ក្នុងអំឡុងខែរ៉ាម៉ាដាន កាលពីក្នុងខែមិថុនាឆ្នាំ ២០១៤ , មនុស្ស១៥០នាក់បាន​ស្លាប់នៅពេលដែលពួកសកម្មប្រយុទ្ធ al.Shabab បានជ្រៀតចូលក្នុងប្រទេសកេនយ៉ា ព្រមទាំងបានវាយប្រហារ ភូមិនៅតាមឆ្នេរសមុទ្រនៅក្នុងមណ្ឌល Lamu និង Tana River ។

ពួក al.Shabab ដែលមានសម្ព័ន្ធភាពជាមួយពួកអាល់- កៃដា បានប្តេជ្ញាវាយប្រហារប្រទេសកេនយ៉ា បន្ទាប់ពីប្រទេសអាហ្វ្រិកខាងកើតនេះ បានធ្វើការលុកលុយឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសសូម៉ាលី ក្នុងឆ្នាំ ២០១១ ដើម្បីកម្ចាត់ពួកឧទ្ទាមដែលខ្លួនបានស្តីបន្ទាសពីបទចាប់ពង្រត់ពួកទេសចរនោះ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិនមឿន )