លោក ត្រាំ នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង នាខែមិថុនាខាងមុខនេះសម្រាប់កិច្ចប្រជុំកំពូលជាមួយលោក មូន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា  ឆ្នាំ២០១៩ — ភាគីទាំងពីរបានប្រកាសកាលពីថ្ងៃពុធថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅ​ខែ​ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយជាមួយ​ប្រធា​នាធិ​បតី​កូរ៉េខាងត្បូងលោក មូន ចេ-អ៊ិន ដែលនឹងផ្តោតជាសំខាន់លើកូរ៉េខាងជើង និង​សម្ព័ន្ធ​មិត្ត​ទ្វេភាគី។

ដំណើរទស្សនកិច្ចរបស់លោក ត្រាំ នឹងត្រូវបានភ្ជាប់ជាមួយនឹងការធ្វើដំណើររបស់​លោក​ទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ដែលបានគ្រោងធ្វើឡើងនៅ​ថ្ងៃទី២៨-២៩ ខែមិថុនាខាងមុខនេះផងដែរ។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Cheong Wa Dae បាននិយាយថា ភាគីទាំងពីរ​បានព្រមព្រៀងគ្នាថានឹងធ្វើពិភាក្សាគ្នាលម្អិតតាមរយៈការពិគ្រោះយោបល់​បន្ថែម​ទៀត។

អ្នកនាំពាក្យការិយាល័យ Cheong Wa Dae លោក Ko Min-jung បាននិយាយថា មេដឹកនាំទាំងពីរ គ្រោងនឹងពិភាក្សាគ្នាពីវិធីសាស្រ្តនានា ដើម្បីបង្កើតរបបសន្តិភាពអចិន្ត្រៃយ៍​មួយនៅលើឧបទ្វីបកូរ៉េ តាមរយៈការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែររបស់កូរ៉េ​ខាង​ជើង ក៏ដូចជាពង្រឹងសម្ព័ន្ធមិត្តទ្វេភាគី។ សេតវិមានក៏បានប្រកាសអំពីដំណើរទស្សនកិច្ចនេះដែរ។

ទីប្រឹក្សាព័ត៌មានសេតវិមានលោក Sarah Sanders បានថ្លែងនៅក្នុងសេចក្តី​ថ្លែង​ការណ៍មួយថា ប្រធានាធិបតីលោក ត្រាំ និងប្រធានាធិបតីលោក មូន ​នឹងបន្តការ​សម្រប​សម្រួលយ៉ាងជិតស្និទ្ធរបស់ពួកគេ លើកិច្ចខិតខំប្រឹងប្រែងនានា ដើម្បីសម្រេចឱ្យបាននូវការ​លុប​បំបាត់នុយក្លេអ៊ែរចុងក្រោយដែលបានផ្ទៀងផ្ទាត់ពេញលេញ​របស់កូរ៉េខាងជើង។

មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាពីវិធីសាស្ត្រ ដើម្បីពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋ​អាមេរិក​-កូរ៉េខាងត្បូង ព្រមទាំងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីររបស់យើង៕

( ប្រភព យន់ហាប់: បកប្រែដោយលោក មាស សំអុល )