សន្និសីទ ASEM ស្តីពីកំណើនសេដ្ឋកិច្ចទាក់ទាញគណៈប្រតិភូចូលរួម ១៨០នាក់

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩​  — គណៈប្រតិភូចំនួនជាង ១៨០នាក់ មកពីប្រទេសជាសមាជិកកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) ចំនួន ៥៣ប្រទេស ព្រមទាំងតំណាងមកពីអង្គការអន្តរជាតិ និងអង្គការថ្នាក់តំបន់ នឹងចូលរួមសន្និសីទ ASEM ស្តីពីការជំរុញកំណើនសង្គមសេដ្ឋកិច្ចទាំងមូលនៅអាស៊ី និងអឺរ៉ុប ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែឧសភា នៅទីក្រុង Nha Trang  ខេត្ត Khanh Hoa ប្រទេសវៀតណាម។

សន្និសីទនេះ គឺជាគំនិតផ្តួចផ្តើមរបស់វៀតណាមដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូល ASEM លើកទី១២ នៅទីក្រុងប្រ៊ុចសែល កាលពីខែតុលា ឆ្នាំ២០១៨ ។

សន្និសីទនេះនឹងត្រូវបានសហការរៀបចំដោយក្រសួងការបរទេស ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក្រសួងផែនការ និងវិនិយោគ ព្រមទាំងគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa។

នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៥ ខែឧសភា លោកស្រី Le Thi Hong Van អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី នៃក្រសួងការបរទេសបាននិយាយថា ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងប្រកបដោយការច្នៃប្រឌិត ត្រូវបានកំណត់ជាកត្តាអាទិភាពដោយបណ្តាប្រទេសមួយចំនួនដែលមានបញ្ហាប្រឈមសកលកំពុងកាន់តែធ្ងន់ធ្ងរឡើងៗ។ វាក៏មានសារៈសំខាន់ផងដែរទាក់ទងទៅនឹងបដិវត្តន៍ឧស្សាហកម្មទីបួន ដែលបានបើកឱកាសកំណើន ប៉ុន្តែវាក៏បានបន្ថែមនូវការពង្រីកគម្លាតនៅក្នុងកិច្ចអភិវឌ្ឍន៍ប្រាក់ចំណូល និងការងារផងដែរ។

លោកស្រី Van បាននិយាយថា សន្និសីទនេះនឹងបង្ហាញអំពីតួនាទីត្រួសត្រាយរបស់ ASEM ក៏ដូចជាការចូលរួមចំណែករបស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ក្នុងការសម្រេចបាននូវការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងកំណើនគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តន៍យ៉ាងមុតមាំនូវរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ។

លោកស្រីបាននិយាយថា តាមរយៈព្រឹត្តិការណ៍នេះ វៀតណាមសង្ឃឹមថា នឹងបានចូលរួមកិច្ចខិតខំប្រឹងប្រែងជាសកល និងកិច្ចសហប្រតិបត្តិការ ASEM ខណៈដែលបានបង្កើតឱកាសដើម្បីជំរុញភាពជាដៃគូទ្វេភាគីរបស់ប្រទេសនេះជាមួយបណ្តាប្រទេសជាសមាជិក ASEM ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)