រដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យកងកម្លាំងនគរបាលជាតិទាំងអស់រួមគ្នាក្នុងការបន្តធ្វើកំណែទម្រង់ក្របខ័ណ្ឌដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅតាមស្ថាប័ន

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩​ -សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការ​ណែនាំឱ្យកងកម្លាំងនគរបាលជាតិទាំងអស់រួមគ្នាក្នុងការបន្តធ្វើកំណែទម្រង់ក្របខ័ណ្ឌ ឋានរ​ស័ក្តិ តួនាទី មុខងារ និងការទទួលខុសត្រូវនៅតាមស្ថាប័ន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព​ការងារ សម្រាប់អនុវត្តន៍ឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការលើកឡើងរបស់​សម្តេច​ក្រឡា​ហោមនេះ គឺក្នុងពិធីរម្លឹកខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ឆ្នាំ១៩៤៥-១៦ ឧសភា ២០១៩ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ការបន្តធ្វើកំណែទម្រង់កងកម្លាំងនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍបញ្ហាសង្គម និងស្ថានភាពប្រែប្រួលស្មុគស្មាញនៅក្នុងតំបន់ និង​នៅលើពិភពលោកផងដែរ។ សម្តេចក្រឡាហោម ក៏បានធ្វើការណែនាំឱ្យកងកម្លាំងនគរ​បាល​ជាតិ​ទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន ការដោះស្រាយ លើកកម្ពស់សមត្ថភាព​ជំនាញ គោរពឱ្យបាននូវក្រឹត្យក្រមវិជ្ជាជីវៈ និងឥរិយាបទក្នុងការប្រាស្រ័យ​ទាក់ទងជាមួយ​ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម សន្តិសុខ និងសុវត្ថិភាពសង្គមដែល​ជាមូល​ដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានស្នើឱ្យ​គ្រប់​អង្គភាពជំនាញកងកម្លាំងនគរបាលជាតិនៅទូទាំងប្រទេសត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងដឹកនាំអង្គភាព និងកម្លាំង ដោយត្រូវពង្រឹងការអនុវត្តតួនាទី និងភារកិច្ច ដែលបាន​ចែងនៅក្នុងច្បាប់។ ទន្ទឹមនេះ ត្រូវខិតខំរក្សាឱ្យបាននូវសាមគ្គីភាព ផ្ទៃក្នុង និងផ្តល់ភាពកក់​ក្តៅដល់កងកម្លាំងក្រោមឱវាទផងដែរ៕

ដោយ ចាន់ សុធីវង្ស