បារាំងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទឹកប្រាក់ចំនួន ២៩.១ លានអឺរ៉ូដល់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ -ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយ លោក Rèmi Rioux នាយកចាត់ការទូទៅនៃទីភ្នាក់ងារ បារាំងសម្រាប់ការអភិវឌ្ឍលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការក្នុងទឹកប្រាក់ចំនួន២៩.១ លានអឺរ៉ូ។ ទឹកប្រាក់ចំនួន ២៩.១ លានអឺរ៉ូនោះ ជា​ឥណទានសម្បទានចំនួន២៥លានអឺរ៉ូ បានមកពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និង​ហិរញ្ញ​​ប្បទានឥតសំណងចំនួន៤.១លានអឺរ៉ូ ពីសហគមន៍អឺរ៉ុប សម្រាប់ហិរញ្ញប្បទាន​លើ​គម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក៏ដូចជាបង្កើន​ប្រសិទ្ធភាព និងនិរន្តរភាពក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា។

ក្នុងដំណើរវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំជាន់ខ្ពស់ស្ដីពី «ចីរភាពបំណុល សម្រាប់​​ចីរភាពកំណើន ចីរភាព ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ»នៅប្រទេសបារាំង កាលពី​ល្ងាច ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៩ នៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ឯកឧត្ដមអគ្គ​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃ កិច្ចសហប្រតិបត្តិការកម្ពុជា និងសហភាពអឺរ៉ុប, សហភាពអឺរ៉ុប នៅ​តែតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យអាទិភាព ដូចជា៖ វិស័យអប់រំ, កសិកម្ម, កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍតាមបែប ប្រជាធិប​តេយ្យនៅថ្នាក់ក្រោមជាតិ។ ឯកឧត្ដមអគ្គ​បណ្ឌិត​សភាចារ្យបានបញ្ជាក់ថា ចំពោះគម្រោង​ដែលបានចុះហត្ថលេខារួចហើយ ភាគីកម្ពុជា-សហភាពអឺរ៉ុបបានជំរុញអនុវត្តន៍ ឱ្យមានភាព​រលូននិងឆាប់រហ័ស។

លោក Rèmi Rioux, នាយកចាត់ការទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានលើកឡើងថា សម្រាប់កិច្ចសហប្រតិបត្តិការបន្ត កម្ពុជា-AFD នាពេលខាងមុខ ទីភ្នាក់ងារ​បារាំងសម្រាប់ការអភិវឌ្ឍ មានបំណងនឹងបង្កើនទំហំឥណទានប្រចាំឆ្នាំរបស់​ខ្លួន​ឱ្យស្របនឹងបរិការណ៍អភិវឌ្ឍន៍នៅកម្ពុជា។ ជាមួយគ្នានេះ ក្នុងអំឡុងពេលនៅប្រទេសបារាំ​ងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ជួប ពិភាក្សាការងារទ្វេភាគីជាមួយភាគីមិត្ត ក្នុងនោះ ជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ Agnès PANNIER-RUNACHER រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង, លោក Rèmi Rioux, នាយកចាត់ការទូទៅនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), លោក Pierre Amilhat ប្រធាននាយកដ្ឋានអាស៊ី, អាស៊ីកណ្តាល, មជ្ឈឹមបូព៌ា និងឈូងសមុទ្រ និងប៉ាស៊ីហ្វិក នៃអគ្គនាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និង ការអភិវឌ្ឍ​នៃគណៈកម្មការអឺរ៉ុប (Director for Asia, Central Asia, Middle East/Gulf and Pacific at the Directorate General for International Cooperation and Development of the European Commission), តំណាងជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុប្រទេសអូស្រ្តាលី និងថ្នាក់ដឹកនាំសំខាន់ៗ មួយចំនួនទៀតផងដែរ។ នៅក្នុងជំនួបពិភាក្សាទ្វេភាគីទាំងនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនភាគីមិត្តអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ការផ្លាស់ប្តូរមុខមាត់ថ្មីរបស់កម្ពុជាក្នុងរយៈពេល២ទសវត្សរ៍​ កន្លងមកនេះ។ ឯកឧត្ដមអគ្គ​បណ្ឌិត​សភាចារ្យបានបន្ដថា កម្ពុជា សម្រេចបាននូវកំណើន​សេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម៧.៧ភាគរយ ក្នុងមួយឆ្នាំ មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ការ​គ្រប់គ្រងបំណុលសាធារណៈបានល្អប្រសើរ, ដាក់ចេញនូវវិធានការ មុតស្រួចកែទម្រង់​ស៊ីជម្រៅលើគ្រប់វិស័យ ក៏ដូចជាការបង្កើតបរិស្ថានធុរកិច្ចអំណោយផលជាដើម។ ជាមួយនឹង សមិទ្ធផលនៃការអភិវឌ្ឍកម្ពុជាបច្ចុប្បន្ន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់​ចំពោះការចូលរួម និងតួនាទីយ៉ាងសកម្មរបស់ភាគីមិត្ត ក្នុងការចូលរួមចំណែកដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គមកម្ពុជា ។ បន្ថែមលើការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-បារាំង សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ និងលើកកម្ពស់ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចកម្ពុជា-បារាំង។ ក្នុងជំនួបជាមួយលោកជំទាវ Agnès PANNIER-RUNACHER រដ្ឋ​លេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំង ឯកឧត្តមអគ្គបណ្ឌិតសភាចា ក៏បាន​គូសបញ្ជាក់អំពីមូលដ្ឋានតថភាពជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ អំពីហានិភ័យចំពោះការដក ជាយថាហេតុនៃការអនុគ្រោះពន្ធលើទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) ដោយ​សហភាពអឺរ៉ុប ។

លោកជំទាវ Agnès PANNIER-RUNACHER បានបញ្ជាក់ថា បារាំង និងកម្ពុជា គឺជា​មិត្ត​ដ៏ល្អ ដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ហើយបារាំងនឹងនៅតែបន្តជំរុញពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដោយតម្រង់វិស័យនៃកិច្ច សហប្រតិ​បត្តិការរបស់បារាំងឱ្យស្របទៅនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានារបស់កម្ពុជា ជាពិសេស ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ និងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ជាដើម ។ លោក​ជំទាវរដ្ឋលេខាធិការ បានជម្រាបថា រដ្ឋាភិបាលបារាំង បានយល់ច្បាស់អំពីផលប្រយោជន៍ នៃ EBA ចំពោះកម្ពុជា ហើយលោកជំទាវនឹងបន្តបង្ហាញការពិតរបស់ កម្ពុជា ចំពោះបញ្ហានេះ ។

ជាមួយគ្នានេះដែរ លោក Pierre Amilhat ប្រធាននាយកដ្ឋានអាស៊ី នៃសហភាពអឺរ៉ុប បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកែទម្រង់អភិវឌ្ឍន៍ និងការរីក​ចម្រើនផ្លាស់ប្តូរគួរឱ្យកត់សម្គាល់៕

ដោយ គង់ សិរីរ័ត្ន