បទយកការណ៍៖ ពលរដ្ឋកម្ពុជា ត្រៀមខ្លួនសម្រាប់ពិធីបុណ្យវិសាខបូជា

AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ –ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយដែលអ្នកប្រណិប័តន៍តាមឱវាទរបស់ព្រះពុទ្ធ ប្រារព្ធធ្វើឡើងនៅរៀងរាល់ថ្ងៃ១៥កើត ខែពិសាខ តាំងពីយូរលង់ណាស់មកហើយ។ នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជានេះត្រូវបានគេចាត់ទុកជាពិធីបុណ្យជាតិមួយដែលមានសារៈសំខាន់ ជាពិសេសគឺការចូលរួមក្នុងការថែរក្សានូវសុខសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ប្រជាពលរដ្ឋកម្ពុជា។

វិសាខបូជា ចំពោះពុទ្ធសាសនិកទូទាំងសកលលោក មានអត្ថន័យធំធេងណាស់ ពីព្រោះជាការគោរពរម្លឹកនឹកដល់ព្រឹត្តិការណ៍ធំៗបីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត ត្រាស់ដឹង និងចូលបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងនៅចំថ្ងៃ ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ក្នុងខែពិសាខដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។ ចាប់តាំងពីអង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់វិសាខបូជា ជាទិវាបុណ្យអន្តរជាតិក្នុងឆ្នាំ១៩៩៩ មក ពិធីបុណ្យនេះត្រូវបានប្រារព្ធជាសកល ដែលមានឈ្មោះថា « យូអ៊ិន-វិសាខ ឬ វិសាខបូជា នៃអង្គការសហប្រជាជាតិ » ដោយមានកិច្ចប្រជុំរបស់ក្រុមប្រឹក្សាពុទ្ធសាសនាអន្តរជាតិប្រចាំឆ្នាំ នៅរៀងរាល់វិសាខបូជាម្តងៗ។

ព្រះភិក្ខុ ហ៊ុយ ម៉េងទៀង ជាភិក្ខុគង់នៅវត្តមហាមន្ត្រី ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ បានមានសង្ឃដីកាប្រាប់ AKP ថា ថ្ងៃវិសាខបូជា ជាថ្ងៃដែលពលរដ្ឋខ្មែរ ជាពិសេសអ្នកកាន់ព្រះពុទ្ធសាសនាជួបជុំគ្នាដើម្បីរម្លឹកដល់ថ្ងៃដែលព្រះពុទ្ធអង្គទ្រង់ប្រសូត ថ្ងៃទ្រង់ត្រាស់ដឹង និងថ្ងៃទ្រង់ចូលព្រះបរិនិព្វាន។ ពុទ្ធសាសនិកខ្មែរជាច្រើនបាននាំគ្នាធ្វើបុណ្យនៅតាមទីវត្តអារាម ក៏ដូចជានៅតាមទីកន្លែងសក្ការបូជានានា។

ព្រះភិក្ខុ បន្តថា៖ « ថ្ងៃវិសាខបូជា សូម្បីតែតៀមលក់ស្រា គ្រឿងស្រវឹង លក់សត្វអីគេបិទទាំងអស់ថ្ងៃហ្នឹង។ អញ្ចឹងបានន័យថាបើយើងចូលរួមក្នុងថ្ងៃវិសាខបូជាទាំងអស់គ្នា ជាមួយព្រះពុទ្ធសាសនា ក៏ដូចជាសង្គមជាតិទាំងមូល ប្រាកដជាផ្ដល់ផលប្រយោជន៍ច្រើន ទី១. គ្មានអ្នកផឹកគ្រឿងស្រវឹង ទី២. គ្មានគ្រោះថ្នាក់ចរាចរណ៍ ទី៣. គ្មានជម្លោះទាស់ទែងក្នុងក្រុមគ្រួសារ មនុស្សសុទ្ធតែមានមេត្តាធម៌ដាក់គ្នាទៅវិញទៅមក »។

ព្រះតេជគុណ ហ៊ុយ ម៉េងទៀង ឱ្យដឹងទៀតថា ពុទ្ធបរិស័ទ ព្រមទាំងព្រះភិក្ខុសង្ឃ សាមណេរ ឧបាសក ឧបាសិកា នឹងចំណាយពេលជាច្រើនក្នុងការគិតអំពីព្រះពុទ្ធអង្គ និងការបង្រៀនរបស់ព្រះអង្គ។ ពុទ្ធបរិស័ទនាំយកចង្ហាន់ គ្រឿងសក្ការៈបូជាផ្សេងៗ ទៅប្រគេនព្រះសង្ឃ និងបូជាចំពោះគុណនៃព្រះរតនត្រ័យនៅក្នុងទីអារាមវត្តនានា។ ព្រះសង្ឃសូត្រធម៌ និងបង្រៀនតាមផ្លូវរបស់ព្រះពុទ្ធអង្គហើយដឹកនាំឱ្យធ្វើសមាធិជាដើម។ ព្រះអង្គ បានមានសង្ឃដីការបន្តថា៖ «នៅវត្តមហាមន្ត្រី នៃអាត្មាភាពនេះ ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃហ្នឹង ពេលព្រឹកពុទ្ធបរិស័ទមកវត្តសមាទានសីលធ្វើបុណ្យធម្មតា។ ដល់ពេលថ្ងៃ រសៀលម៉ោង៣ មានពុទ្ធបរិស័ទ ព្រះសង្ឃ សិស្សសាលា មកជួបជុំគ្នាជាច្រើន ហើយយកផ្កាម្នាក់មួយទង រឺម្នាក់មួយបាច់ យកមកហែថ្វាយព្រះ និងប្រកាសវិសាខបូជានៅលើព្រះវិហារ។ ម៉ោង៥សម្រាក ដល់ម៉ោង៧កន្លះយប់សូត្រធម៌ឧទ្ទិសចំពោះវិសាខបូជានេះរហូតទល់ភ្លឺ »។

ព្រះភិក្ខុ បានសម្តែងបន្តថា ប្រការដ៏សំខាន់មួយទៀត គឺអង្គការសហប្រជាជាតិបានប្រកាសនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់វិសាខបូជាជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើនៅតាមការិយាល័យទាំងឡាយរបស់អង្គការសហប្រជាជាតិនៅលើភពលោក។ ការបង្ហាញអំពីគោលដៅ និងតួនាទីដ៏សំខាន់នៃពុទ្ធសាសនា ក្នុងការដោះស្រាយវិបត្តិសង្គម ដែលអង្គការសហប្រជាជាតិបានសម្រេចដាក់បញ្ចូលវិសាខបូជា ជាទិវាបុណ្យអន្តរជាតិ ជាការរម្លឹកដល់ការលះបង់ដ៏ខ្ពង់ខ្ពស់របស់ព្រះសម្មាសម្ពុទ្ធសាមណគោតម ក្នុងការស្វែងរកមាគ៌ារំដោះទុក្ខ និងផ្សព្វផ្សាយនូវមាគ៌ាដ៏ប្រសើរគ្មានពីរនេះដល់មនុស្សលោក ប្រកបដោយក្តីមេត្តាករុណាដ៏បរិសុទ្ធឥតព្រំដែន។

លោកយាយ ទេព មុន្នី ជាពុទ្ធបរិស័ទមួយរូបដែលកំពុងតែកាន់សីលប្រាំ បានមានប្រសាសន៍ថា លោកយាយបានត្រៀមខ្លួនរួចហើយ ដើម្បីយកចង្ហាន់ និងទៀនធូប ផ្កាភ្ញីផ្សេងៗដើម្បីទៅប្រគេនព្រះសង្ឃនៅវត្ត និងចូលរួមស្តាប់លោកទេសនា នៅថ្ងៃបុណ្យវិសាខបូជាខាងមុខនេះ។

ដោយឡែក លោក យាយ សៀង ចាន់ណេត ដែលជាពុទ្ធបរិស័ទមួយរូបទៀត បានមានប្រសាសន៍ថា លោកយាយ និងក្រុមលោកយាយ កំពុងតែរៃអង្គាសគ្នា ដើម្បីជួលឡានមួយគ្រឿងទុកធ្វើដំណើរជុំគ្នាទៅប្រារព្ធពិធីបុណ្យនេះនៅឧត្តុង្គ (ភ្នំព្រះរាជទ្រព្យ )។

តាមការគ្រោងទុក ឆ្នាំនេះ ក៏ដូចជាឆ្នាំមុនៗដែរ ពិធីបុណ្យដ៏មានអត្ថន័យនេះនឹងត្រូវគេរៀបចំជាផ្លូវការ នៅបរិវេណមហាបរមសក្យមុនីចេតិយ លើភ្នំព្រះរាជទ្រព្យ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ដោយឆ្នាំនេះ ការប្រារព្ធពិធីបុណ្យវិសាខបូជា ត្រូវនឹងថ្ងៃសៅរ៍ ទី១៨ ខែឧសភា ខាងមុខនេះ។

ដោយ ផល សុផានិត