អភិបាលស្រុកក្រគរនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកផ្តល់ជូនគ្រួសាររងគ្រោះ រន្ទះបាញ់ស្លាប់ពីរនាក់ប្តី ប្រពន្ធ

AKP ពោធិ៍សាត់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ -លោកប៊ិន វណ្ណា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រគរ និងមាននការនិមន្តចូលរួមពីព្រះតេជគុណ អ៊ុល អុន ព្រះចៅអធិការវត្ត បុផ្ផាសុវណ្ណ និងជាព្រះអនុ ប្រធានកិត្តិយអនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រគរ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចូលរួមបុណ្យសពប្តី ប្រពន្ធ ដែលស្លាប់ដោយសាររន្ទះបាញ់នៅភូមិកប៉ាស់លើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

លោក ប៊ិន វណ្ណា បានឱ្យដឹងថា នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ មានករណីរន្ទះបាញ់ស្ថិតនៅចំណុច ខាងលើអំពុះចម្ងាយ ៣០០ម៉ែត្រពីភូមិបំណក់ បណ្តាលឱ្យមនុស្សពីរនាក់ប្តី ប្រពន្ធស្លាប់នៅនឹងកន្លែង។ ប្តីឈ្មោះសុខ គឿន អាយុ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ ណុប ចន្ថា អាយុ៤៣ឆ្នាំ រស់នៅភូមិកប៉ាស់លើ និងរងបួសធ្ងន់ម្នាក់កំពុងសម្រាកនៅមន្ទីរពេទ្យខេត្តឈ្មោះ ហ៊ឹម សៃយ៉ាស់ ភេទស្រី អាយុ៤៨ឆ្នាំ ខ្មែរឥស្លាមរស់ នៅភូមិចាបថ្មី ឃុំឈើតុំ ស្របពេលពួកគាត់ជិះម៉ូតូវិលត្រឡប់មកពីដើររកផ្សិតប៉ក។

លោកបានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន នោះតែងតែយកចិត្តទុកដាក់គិតគូរពីទុក្ខលំបាក ដល់ជនរងគ្រោះគ្រប់ទីកន្លែង។ ដូចនេះអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់នៅពេលនេះ រួមមាន៖ អង្ករ១០០គីឡូក្រាម ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស ទឹកស៊ីអ៊ីវ២យួរ ទឹកត្រី២យួរ និងថវិកា ២០ម៉ឺនរៀល។ រីឯអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកក្រគរ មានសម្ភារប្រើប្រាស់ ១ឈុតធំ និងអំណោយសប្បុរសជនសរុបជាថវិកាជាង ៧០ម៉ឺនរៀលចូលរួមបុណ្យសពបានទាន់ពេលវេលា និងដល់ទីកន្លែង ។

ដោយឡែក លោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ក៏បាននាំយកអំណោយជូនអ្នករងរបួសធ្ងន់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ រួមមាន៖ ទឹកដោះគោឆៅ២ យួរ ស្កស២គីឡូក្រាម និង ថវិកា១០ម៉ឺនរៀលផងដែរ៕

ដោយ ណៅ ធឿន