ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ ខេត្តរតនគិរីទទួលបានភ្ញៀវទេសចរប្រមាណ ១៦.៥២៣នាក់

AKP រតនគិរី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ -លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងនៅរសៀលថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ថា នៅក្នុងឱកាសឈប់សម្រាករយៈពេល ៥ថ្ងៃ គឺពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៃពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តរតនគិរីទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិ ចូលទស្សនាតាមរមណីយដ្ឋាននានា ប្រមាណ ១៦.៥២៣នាក់ ។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ទៀតថា តាមរមណីយដ្ឋានសំខាន់ៗ ក្នុងខេត្តរតនគិរី ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ខេត្តទទួលបានភ្ញៀវទេសចរ សរុប ១៦.៥២៣នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៥.៩១៦នាក់ ភ្ញៀវទេសចរអន្តរជាតិ ៦០៧នាក់ បើប្រៀបធៀបទៅនឹងឆ្នាំង២០១៨ មានការកើនឡើង ៣,០២ភាគរយ ដែលកាលពីឆ្នាំ២០១៨ មានចំនួន ១៦.០៣៨នាក់តែប៉ុណ្ណោះ។ រមណីយដ្ឋានសំខាន់ៗ ដែលភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេមាន ដូចជា៖ រមណីយដ្ឋានធម្មជាតិបឹងយក្សឡោម បឹងលំគុដ ទឹកធ្លាក់៧ជាន់ អូរសៀងលែ ទឹកជ្រោះកាចាញ និង ទឹកទឹកធ្លាក់ចាអ៊ុង ។

លោក ង៉ែត ពិទូ បានមានប្រសាសន៍ទៀតថា  ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ បង្កើនជីវភាពគ្រួសារបានកាន់តែប្រសើរ ទើបប្រជាពលរដ្ឋមានលទ្ធភាពដើរលេងកម្សាន្តដូចនេះ ៕

ដោយ ណយ នឿន (ប្រភព មន្ទីរព័ត៌មាន ខេត្តរតនគិរី)