ភ្ញៀវទេសចរប្រមាណជាង ១៣ម៉ឺននាក់មកកម្សាន្តនៅ​ខេត្តសៀមរាប​ក្នុងថ្ងៃសម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះមហាក្សត្រកម្ពុជា

AKP សៀមរាប ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ -យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប​បានបង្ហាញថា  ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ ចំនួន៥ថ្ងៃគឺចាប់ពីថ្ងៃទី១១ដល់១៥ ខែឧសភា ឆ្នាំ២០១៩ គឺមានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ១៣ម៉ឺននាក់ បានមក​កម្សាន្តនៅតាមរមណីយដ្ឋាន​នានាក្នុងខេត្តសៀមរាប ដែលចំនួននេះមានការកើនឡើង ៥៤,៣៣ភាគរយបើធៀបទៅនឹងរយៈពេលដូចជាគ្នាកាលពីឆ្នាំ២០១៨កន្លងទៅ។ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួនប្រមាណជាង១១ម៉ឺននាក់ កើន៨៣,៣៣ភាគរយ។ ភ្ញៀវទេសចរអន្តរជាតិមានចំនួន ២១,៧៣៤ នាក់ ថយចុះ ១៤,២៩ភាគរយ ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប​បាន​ឱ្យដឹងនៅរសៀលថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ថា ការកើនឡើងខ្ពស់នូវចំនួនភ្ញៀវទេសចរជាតិក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​ នេះគឺដោយសារថ្ងៃបុណ្យជាប់ជាមួយថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ជាថ្ងៃឈប់សម្រាកពីការងាររបស់បន្ត្រីរាជការផង ធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានរយៈពេលឈប់រហូតដល់ ៥ថ្ងៃ។រីឯអាកាសធាតុ ក៏បានបង្កលក្ខណៈអំណោយផលល្អ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរ និង​ភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិ ចេញដើរកម្សាន្តបាន​ច្រើនកន្លែង៕

ដោយឃុត សៅ