អ្នកអភិរក្សសត្វអណ្តើក បង្ហាញពីការព្រួយបារម្ភចំពោះការធ្លាក់ចុះនូវចំណាត់ថ្នាក់របស់សត្វអណ្តើកភ្នំ នៅក្នុងចំណាត់ថ្នាក់របស់អង្គការIUCN

AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ —

អណ្តើកភ្នំ ឬអណ្តើកព្រិច ត្រូវបានចាត់ថ្នាក់ចូលជាប្រភេទសត្វដែលរងការគំរាមកំហែងខ្លាំង ប្រឈមនឹងការផុតពូជ ដោយអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) កាលពីពេលថ្មីៗនេះ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយនឹងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) លោក Michael Meyerhoff នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវចម្រុះ (ACCB) បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពអណ្តើកភ្នំ ដោយលោកបានលើកឡើងថា “ការដែលអណ្តើកភ្នំត្រូវបានចាត់ទុកជាប្រភេទសត្វដែលរងការគំរាមកំហែងខ្លាំង ប្រឈមនឹងការផុតពូជនោះ គឺបន្ទាប់ពីក្រុមជំនាញរបស់អង្គការ IUCN បានចុះសិក្សា និងវាយតម្លៃជាសកល នៃការថយចុះនូវចំនួនសត្វប្រភេទនេះជាង៨០ភាគរយ ក្នុងចន្លោះពេល៩០ឆ្នាំចុងក្រោយនេះ ហើយមូលហេតុចម្បងបំផុតគឺមកពីការបាត់បង់ព្រៃដែលជាទីលំនៅ និងការជួញដូរ”។

លោកបានបន្តថា ច្រើនជាង៥០ភាគរយ នៃពពួកសត្វអណ្តើកជាង៣៦០ប្រភេទនៅទូទាំងពិភពលោក និង១៤ប្រភេទនៅប្រទេសកម្ពុជា កំពុងតែរងការគំរាមកំហែងយ៉ាងខ្លាំង ហើយអាចប្រឈមនឹងការផុតពូជ នៅពេលខាងមុខ។

ដោយមើលឃើញពីការរងគ្រោះនៃពពួកសត្វប្រភេទនេះ ទើបគម្រោងនៃការបង្កាត់ពូជអណ្តើកភ្នំ ឬអណ្តើកព្រិចនេះ បានចាប់ផ្តើមកាលពីឆ្នាំ២០១៣ ហើយនៅក្នុងឆ្នាំ២០១៨កន្លងទៅនេះ មជ្ឈមណ្ឌលរបស់លោកបង្កាត់បានកូនអណ្តើកភ្នំចំនួន៧៣ក្បាល ចំណែកឯនៅក្នុងឆ្នាំ២០១៩ គិតរហូតមកដល់ពេលនេះ គឺមានកូនអណ្តើកភ្នំចំនួន៣៥ក្បាលហើយដែលបានញាស់ ហើយលោកសង្ឃឹមថានឹងទទួលបានទិន្នផលប្រហាក់ប្រហែលនឹងឆ្នាំ២០១៨។ លោកបានបន្ថែមថា មានសត្វអណ្តើកប្រមាណ៥០០ក្បាល ចែកជា០៩ប្រភេទ កំពុងរស់នៅក្នុងមជ្ឈមណ្ឌល ក្នុងនោះអណ្តើកភ្នំគឺមានប្រមាណ៣០០ក្បាល។

លោកបានបន្ថែមថា នៅក្នុងប្រទេសប្រទេសកម្ពុជា ការធ្លាក់ចុះនៃចំនួនអណ្តើកភ្នំ គឺដោយសារកត្តាជាច្រើន ក្នុងនោះកត្តាចម្បងបំផុតគឺការបាត់បង់ទីជម្រក ការបាត់បង់ជីវៈចម្រុះ និងការជួញដូរ ហើយទម្លាប់ និងជំនឿនៃការទិញអណ្តើកដើម្បីព្រលែង ដើម្បីរំដោះគ្រោះ ឬបានបុណ្យនោះក៏ជាកត្តាដែលបណ្តាលឱ្យមានការធ្លាក់ចុះផងដែរ ដោយអ្នកលក់ ឬក្រុមជួញដូរ នឹងបន្តចាប់ និងដាក់អន្ទាក់កាន់តែច្រើនឡើងៗ បើទោះជាអណ្តើកភ្នំ ត្រូវបានការពារដោយច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ។

ចំណែកឯ លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស នៃអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS Cambodia) ក៏បង្ហាញពីក្តីកង្វល់ ដែលអណ្តើកភ្នំបានថយចំណាត់ថ្នាក់ នៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN នេះផងដែរ។ លោកសង្កេតឃើញពីការថយចុះកាន់តែខ្លាំង នៃចំនួនសត្វអណ្តើកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការបាត់បង់ទីជម្រក ការជួញដូរ កត្តាជីវភាព និងចំណេះដឹងរបស់ប្រជាពលរដ្ឋក្នុងតំបន់ ហេតុដូចនេះហើយទើបអង្គការរបស់លោកបានបង្កើតគម្រោងលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅតាមតំបន់អភិរក្សមួយចំនួន ដូចជានៅតំបន់អភិរក្សគូលែនភ្នំទេព តំបន់អភិរក្សកែវសីមា និងតំបន់អភិរក្សមួយចំនួនទៀត ដើម្បីឱ្យប្រជាពលរដ្ឋក្នុងតំបន់ចូលរួមសហការជាមួយអង្គការWCS Cambodia ក្នុងការអភិរក្សអណ្តើក ក៏ដូចជាសត្វព្រៃនៅក្នុងប្រទេសកម្ពុជា ដោយលោកបានសង្កត់ធ្ងន់ថា បើសិនជាពុំមានវិធានការបន្ទាន់នោះទេ អណ្តើកភ្នំ ឬសត្វព្រៃផ្សេងៗទៀត នឹងឈានទៅរកការផុតពូជ នាពេលដ៏ខ្លីខាងមុខនេះមិនខាន។

លោក សោម ស៊ីថា ក៏បានបញ្ជាក់ថា ការទទួលទានសត្វអណ្តើក ឬសាច់សត្វព្រៃដ៏ទៃទៀត គឺពុំមានលក្ខណៈវិទ្យាសាស្រ្តណាមួយ បញ្ជាក់ថា ជួយដល់សុខភាពនោះទេ។ ហើយជាទូទៅ អ្នកទទួលទានគឺអាចប្រឈមនឹងការឆ្លងមេរោគទៅវិញ ក្នុងករណីដែលអណ្តើក ឬសត្វព្រៃទាំងនោះត្រូវបានឈ្មួញបំពុលដោយថ្នាំពុល ឬមានជំងឺ។

នៅក្នុងចំណាត់ថ្នាក់ នៃបញ្ជីក្រហមរបស់អង្គការ IUCN សត្វដែលរងការគំរាមកំហែងខ្លាំងប្រឈមនឹងការផុតពូជ (Critically-Endangered) គឺនៅក្នុងចន្លោះប្រភេទសត្វដែលរងការគំរាមកំហែង និងសត្វដែលបានផុតពូជនៅក្នុងព្រៃធម្មជាតិ។ ដូច្នេះបើសិនជាអណ្តើកភ្នំ បន្តធ្លាក់ចំណាត់ថ្នាក់ទៀត នោះគឺនឹងពុំមានសត្វអណ្តើកប្រភេទនេះនៅក្នុងធម្មជាតិនោះទេ គឺមានតែនៅក្នុងទ្រុងចិញ្ចឹមប៉ុណ្ណោះ។

អណ្តើកភ្នំ ឬអណ្តើកព្រិច គឺជាប្រភេទអណ្តើកដែលមានមាឌតូច ហើយអណ្តើកពេញវ័យមានទម្ងន់មិន លើសពី៣.៥គីឡូក្រាម ដោយអណ្តើកញី មានមាឌធំជាងអណ្តើកឈ្មោល ហើយអណ្តើកពេញវ័យអាច បន្តពូជបាន នៅពេលមានអាយុពី៦ ទៅ៨ឆ្នាំ។ អណ្តើកប្រភេទនេះ ត្រូវបានប្រទះឃើញនៅតំបន់ជួរភ្នំក្រវ៉ាញ និងតំបន់ទំនាបភាគខាងត្បូង និងភាគខាងជើង នៃដងទន្លេមេគង្គ ហើយស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទ សត្វដែលរងការគំរាមកំហែងខ្លាំង ប្រឈមនឹងការផុតពូជ ដោយអង្គការ IUCN។

ប្រទេសកម្ពុជាគឺប្រទេសមួយដែលមានជីវៈចម្រុះដ៏សំបូរបែប នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយមាន រុក្ខជាតិប្រមាណជាង៨.២៦០ប្រភេទ ថនិកសត្វជាង២០០ប្រភេទ សត្វដែលអាចរស់នៅក្នុងទឹក និងលើគោក ព្រមទាំងល្មូនជាង២៥០ប្រភេទ ត្រីជាង៨៧៤ប្រភេទ និងសត្វស្លាបជាង៦០០ប្រភេទ។ ហើយនៅប៉ែកនិរតីនៃប្រទេស គឺតំបន់ជួរភ្នំក្រវាញ ដែលលាតសន្ធឹងប្រមាណ១០.០០០គីឡូម៉ែត្រការ៉េ គឺជាតំបន់អភិរក្សជីវៈចម្រុះដ៏សំខាន់ ដោយមានសត្វចតុប្បាទធំៗជាច្រើនប្រភេទ ដូចជាដំរី ខ្លាឃ្មុំ ខ្ទីង ជាដើម កំពុងរស់នៅ និងតំបន់អភិរក្សមួយចំនួនទៀតនៅក្នុងភូមិភាគឦសាន ក្នុងខេត្តមណ្ឌលគិរី និងរតនគិរី ប៉ុន្តែសត្វព្រៃ និងជីវៈចម្រុះទាំងនេះ បានថមថយចុះខ្លាំង តាមរយៈការរុករានទីលំនៅ ការទន្រ្ទានដីព្រៃដើម្បីធ្វើកសិកម្ម ការជូញដូរ ។ល។

រូបថត៖ ថាច់ ផាណារ៉ុង – ACCB

ដោយ ថាច់ ផាណារ៉ុង