នាយករដ្ឋមន្រ្តីនេប៉ាល់ និងលោកជំទាវ​ អញ្ជើញទស្សនា  នៅវិមានឈ្នះ ឈ្នះ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ — ក្នុងឱកាស ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រ​កម្ពុជា តាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៩  ឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃ សាធារណរដ្ឋសហព័ន្ធ ប្រជាធិបតេយ្យនេប៉ាល់ និង លោកជំទាវ បានអញ្ជើញទៅទស្សនាវិមានឈ្នះ-ឈ្នះ ដើម្បីបានឈ្វេងយល់បន្ថែមទៀតនូវ​ ប្រវត្តិសាស្រ្ត ពីជោគជ័យ នៃកិច្ចប្រឹងប្រែង នាំមកនូវសន្តិភាពពេញលេញ ការផ្សះផ្សារ និង​ការបង្រួបបង្រួមជាតិរបស់កម្ពុជា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅវិមានឈ្នះ ឈ្នះ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេស និងជាទីប្រឹក្សាពិសេស សម្តេច​ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានឱ្យដឹងថា ឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី នាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ បានអញ្ជើញមកបំពេញ​ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ហើយការអញ្ជើញមកទស្សនាវិមានឈ្នះឈ្នះ នាពេលនេះ គឺដើម្បីបានដឹងកាន់តែច្បាស់ថែមទៀតនូវគោលនយោបាយឈ្នះ ឈ្នះ របស់​សម្តេចតេជោ ដែលបានធ្វើឱ្យបញ្ចប់សង្រ្គាមនៅកម្ពុជា ហើយទទួលបាននូវសន្តិភាព ដ៏ពេញ​លេញដូចសព្វថ្ងៃនេះ។

ឯកឧត្តមបានបន្ដថា ក្រោយពីសំណង់ប្រវត្តិសាស្រ្ត ឬ សំណង់រយឆ្នាំ​ដ៏អស្ចារ្យមួយនេះ កើតឡើងទើបតែបានជាង៥ខែតែប៉ុណ្ណោះ មានប្រជាជន ភ្ញៀវទេសចរជាតិ អន្តរជាតិ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត ថ្នាក់ដឹកនាំកំពូលៗ នៃបណ្តាប្រទេសនៅក្នុងតំបន់ និង ពិភពលោក បានមកទស្សនាជាហូរហែរ។ ឯកឧត្តមបានបន្ថែមថា សម្រាប់ថ្ងៃនេះ ជាលើក​ដំបូង ដែលវិមានឈ្នះ ឈ្នះរបស់កម្ពុជា បានទទួលការអញ្ជើញមកទស្សនា ថ្នាក់នាយករដ្ឋ​មន្រ្តី ខណៈពេលកន្លងមកនេះ ទទួលថ្នាក់រដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ​សំខាន់ៗ​ជាង២០ប្រទេស បានមកឈ្វេងយល់ពីអត្ថន័យ និងតឹកតាងជាក់ស្តែង នៃវិមានឈ្នះ​ឈ្នះ​របស់កម្ពុជា៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា