សម្តេចប្រមុខរដ្ឋស្តីទី ទទួលជួបសវនាការជាមួយនាយករដ្ឋមន្រ្តីនេប៉ាល់

វិទ្យុជាតិកម្ពុជា ៖ដោយលោកចេម ហួត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០:១៥នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលី នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម ខាត់ហ្កា ប្រាសាទ សាម៉ា អូលីបានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះនិងសូមអបអរសាទរចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា ហើយគោរពចាតទុកសម្តេចជាអ្នករួមចំណែកដ៏សំខាន់ក្នុងការកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា។
តាមរយៈសម្ដេចប្រមុខរដ្ឋស្តីទី ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសនេប៉ាល់ថ្វាយព្រះពរបវរមហាប្រសើរចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់ បានជម្រាបជូនអំពីស្ថានភាពទូទៅរបស់ប្រទេសនេប៉ាល់ជាពិសេសប្រទេសនេប៉ាល់ក៏មានប្រព័ន្ធសភាពីរថ្នាក់ដូចប្រទេសកម្ពុជាដែរ គឺសភាតំណាង និងរដ្ឋសភា។ឯកឧត្តមមានសេចក្តីសង្ឃឹមថាសភានៃប្រទេសទាំងពីរនឹងធ្វើការទំនាក់ទំនង និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកជាពិសេសសភានៃប្រទេសទាំងពីរបានបង្កើតក្រុមមិត្តភាពទ្វេភាគីដើម្បីគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនិងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។
ឯកឧត្តមយករដ្ឋមន្ត្រីនេប៉ាល់ បានរំលឹកថាប្រទេសទាំងពីរមានទំនាក់ទំនងការទូតជាមួយនឹងគ្នាតាំងពីយូរលង់ណាស់មកហើយមានមូលដ្ឋានវប្បធម៌អរិយធម៌និងប្រពៃណីប្រហាក់ប្រហែលគ្នា។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា ឯកឧត្តមធ្លាប់បានទៅទស្សនកិច្ចនៅខេត្តសៀមរាប ឃើញថាបា្រសាទអង្គរវត្តមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រាសាទនានានៅក្នុងប្រទេសនេប៉ាល់ ហើយការប្រកបរបរអាជីវកម្មរបស់ប្រជាពលរដ្ឋមានភាពស្រដៀងគ្នាប្រជាជនមានការរួសរាយរាក់ទាក់ជាពិសេសប្រទេសទាំងពីរមានជំនឿលើព្រះពុទ្ធសាសនាដូចគ្នា។
ក្នុងនាមគណៈប្រតិភូឯកឧត្តមនាយករដ្ឋមន្រ្តី បានប្រសិទ្ធពរសូមឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានវិបុលភាពខ្លាំងក្លាថែមទៀត។ឯកឧត្តមបានគូសបញ្ជាក់ថា ប្រទេសទាំងពីរកម្ពុជា-នេប៉ាល់មានប្រវត្តិប្រយុទ្ធប្រឆាំងនឹងការឈ្លានពាន និងការពារប្រទេសពីការគំរាមកំហែងពីខាងក្រៅហើយប្រទេសកម្ពុជាក៏ធ្លាប់ឆ្លងកាត់ការលំបាកជាច្រើនជាពិសេសការឆ្លងកាត់នូវរបបប្រល័យពូជសាសន៍។ប្រទេសនេប៉ាល់សូមចូលរួមរំលែកទុក្ខការលំបាករបស់ប្រជាពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់នៅក្នុងរបបប្រល័យពូជសាសន៍នេះ។
ឯកឧត្តមនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍន៍លើគ្រប់វិស័យដែលធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្ដូរហើយធុរកិច្ចនៅប្រទេសកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។អ្វីៗដែលឯកឧត្តមធ្លាប់បានឃើញពីមុនមក ប្រទេសកម្ពុជាសុទ្ធតែមានការផ្លាស់ប្តូរប្រែប្រួលទាំងអស់។
ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បានជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថាប្រទេសនេប៉ាល់ធ្លាប់ជួបការលំបាក និងជម្លោះផ្ទៃក្នុងមុននឹងឆ្ពោះទៅរកបានសន្តិភាព និងការបង្រួបបង្រួមជាតិនាំឱ្យបង្កើតបាននូវស្ថាប័ននីតិប្បញ្ញត្តិនិងរដ្ឋាភិបាលតាមរយៈការបោះឆ្នោត។ សព្វថ្ងៃនេះ ប្រទេសនេប៉ាល់កំពុងតែខិតខំអនុវត្តតាមរដ្ឋធម្មនុញ្ញដើម្បីធានានូវសន្តិភាពទូទាំងប្រទេស។នៅក្នុងឆ្នាំកន្លងទៅនេះសេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់ក៏មានការកើនឡើងរហូតទៅដល់៧ភាគរយនាំឱ្យកាត់បន្ថយបាននូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ប្រទេសនេប៉ាល់កំពុងតែខិតខំកៀងគរអ្នកវិនិយោគទុនពីខាងក្រៅប្រទេសដើម្បីជំរុញបន្ថែមទៅលើការវិនិយោគទុននៅក្នុងប្រទេសដែលមានស្រាប់។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមនាយករដ្ឋមន្ត្រីក៏បានគោរពអញ្ជើញសម្តេចវិបុលសេនាភក្តី សាយ ឈុំអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ក្នុងពេលវេលាសមស្របណាមួយ។
ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម និងគណៈប្រតិភូទាំងអស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចនាឱកាសនេះ មានសារៈសំខាន់ និងបានរួមចំណែកដ៏ធំធេងដល់ការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការល្អ និងនាំមកនូវឧត្តមប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន ក៏ដូចជាអនាគត៕