រដ្ឋមន្រ្ដីក្រសួងព័ត៌មាន អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជូនសាសនិក​ឥស្លាមនា​ឱកាសខែបួសរ៉ាម៉ាឌន នៅខេត្ដកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ បានអញ្ជើញប្រគល់​អំណោយ​ជាស្បៀងអាហារជូនបងប្អូនខ្មែរឥស្លាមចំនួន៤៥០គ្រួសារ ដែល​ក្នុងកញ្ចប់អំណោយ​នីមួយៗមានអង្ករ៥០គីឡូក្រាម មី១កេស ប្រេងឆា​២លីត្រ ស្កសរ២គីឡូក្រាម មីឡូ១កំប៉ុង ទឹក​ដោះគោ២កំប៉ុង សាប៊ូ១កញ្ចប់ និង​ថ្នាំដុសធ្មេញ៤ប្រអប់។ ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅ​ឃុំព្រែកតានង់ ស្រុក កោះសូទិន ខេត្តកំពង់ចាម ។ឯកឧត្តម ខៀវ កាញារីទ្ធ បានពាំនាំនូវដំណឹងល្អ អំពីគោលនយោបាយសុខ​ដុមនីយកម្ម​ថ្មីមួយទៀត ក្នុងចំណោមគោលនយោបាយសុខដុមនីយកម្មនានាជាច្រើន ដែលសម្តេច​តេជោ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ នៅក្នុង​ពិធី​ទទួលទានអាហារស្រាយបួសជាមួយសាសនិកឥស្លាមជិត៥.០០០នាក់ បានប្រកាសឱ្យ​មន្ទីរ​ពេទ្យរដ្ឋ និងបង្អែកគ្រប់ខេត្ត ក្រុង ជួយសម្រួលដោះស្រាយបន្ទប់ថ្វាយបង្គុំដល់សាស​និក​ឥស្លាម ដែលមកទទួលសេវាព្យាបាល ក៏ដូចជាបុគ្គលិកពេទ្យដែលកាន់សាសនាឥស្លាម ដែល​ពួកគាត់ធ្លាប់តែមានកង្វល់ នៅពេលដល់វេលាថ្វាយបង្គុំ តែមិនមានបន្ទប់ត្រឹមត្រូវនៅ តាម​​ទី​សាធារណៈ ជាពិសេសមន្ទីរពេទ្យ ខណៈនៅអាកាសយាន្តដ្ឋាន និងទីប្រជុំធំៗ មួយ​ចំនួន​ ​បានដោះស្រាយរួចរាល់ជាបណ្តើរៗ។ ឯកឧត្តមរដ្ឋមន្រ្ដីបន្តថា ទោះបីសាសនាព្រះពុទ្ធ ជា​សាសនារបស់រដ្ឋ ក៏ប៉ុន្តែគោលនយោបាយសុខដុមបនីយកម្មបាន​កំពុងផ្តល់សិទ្ធិសេរីភាព​គ្រប់​បែបយ៉ាង ជាមួយការផ្តល់ភាពកក់ក្តៅ និងចូលរួមដោះស្រាយរាល់ទុក្ខលំបាកដល់​សាសនិក​នានាទៀត ក្នុងក្របខ័ណ្ឌនៃប្រជាជាតិតែមួយដែលរួមរស់រួមសុខក្នុងម្លប់​សន្តិភាពតែ​មួយ។

គួរបញ្ជាក់ថា អំណោយជាស្បៀងអាហារជូនបងប្អូនខ្មែរឥស្លាម ចំនួន៤៥០គ្រួសារនេះ គឺជាការឧបត្ថម្ភពីសប្បុរសជនសាសនិកឥស្លាមនៅប្រទេសបារាំង តាមរយៈអង្គការ LiFE សហ​ការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងមានការចូលរួមសហការពីថ្នាក់​ដឹកនាំ ក្រុមការងាររបស់ក្រសួងព័ត៌មានផងដែរ៕

ដោយ អ៊ុន រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា