នាយករដ្ឋមន្ត្រីនេប៉ាល់ អញ្ជើញមកបំពេញទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​ និង​ លោក​ អ៊ូ​ កាណែល​៖

ឯកឧត្តម ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០១៩ នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនានតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។


តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេ ស និងសហប្រតិបត្តិការអន្តរជាតិ ឲ្យដឹងថា ទស្សនកិច្ចជាលើកដំបូងនៅក្នុងប្រទេសកម្ពុជារបស់ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់ គឺចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។ បន្ទាប់ពីអញ្ជើញមដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃដដែលនេះ ឯ.ឧ សាម៉ា អូលី នឹងអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅស្តូបវិមានឯករាជ្យ និងព្រះមណ្ឌបព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។


បន្ទាប់មកឯ.ឧនាយករដ្ឋមន្ត្រីនេប៉ាល់ នឹងអញ្ជើញទៅកាន់វិមានសន្តិភាព ទីដែលសម្តេចតេជោ ហ៊ុន សែន ធ្វើពិធីបដិសណ្ឋារកិច្ច និងទទួលជាផ្លូវការចំពោះដំណើរទស្សនកិច្ចនេះ។ បន្ទាប់ពីជួបសំណេះសំណាល និងជជែកលើការងារសំខាន់ៗមួយចំនួនហើយនោះ នៅពេលល្ងាចសម្តេចតេជោ ហ៊ុន សែន នឹងរៀបចំពិធីលាងសាយភោជន៍ជូនឯ.ឧនាយករដ្ឋមន្ត្រីនេ ប៉ាល់ និងគណៈប្រតិភូផងដែរ។


នៅទី១៤ ខែឧសភា ឯ.ឧ សាម៉ា អូលី នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ នៅពេលរសៀលសម្តេចតេជោ ហ៊ុន សែន និងឯ.ឧ សាម៉ា អូលី អញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់។ ប្រមុខដឹកនាំទាំងពីរ ក៏នឹងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាដ៏មានសារៈ សំខាន់នេះផងដែរ។


ក្នុងដំណើរទស្សនកិច្ចនេះដែរ ឯ.ឧនាយករដ្ឋមន្ត្រីនេប៉ាល ក៏នឹងអញ្ជើញទៅទស្សនាទី កន្លែងប្រវត្តិសាស្ត្រ និងទីកន្លែងសំខាន់ៗមួយ ចំនួនទៀតនៅរាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចរបស់ឯ.ឧនាយករដ្ឋមន្រ្តីនេប៉ាល់ មកកាន់កម្ពុជានាពេលនេះ ត្រូវបានរំពឹងថា ជាការរួមចំណែកពង្រឹងឲ្យកាន់តែរឹងមាំថែម ទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងនេប៉ាល់ បានភ្ជាប់ទំនាក់ទំនងជាមួយគ្នានៅឆ្នាំ១៩៦៤ តែត្រូវបានកាត់ផ្តាច់ទៅវិញនៅអំឡុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម។ ប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើងវិញ នៅថ្ងៃទី០៧ ខែ កញ្ញា ឆ្នាំ១៩៩៩៕