អាជ្ញាធររាជធានីរៀបចំសោភណ័ភាពយ៉ាងស្រស់ស្អាតដើម្បីអបអរសាទព្រះរាជពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ

វិទ្យុជាតិកម្ពុជា​៖អាជ្ញាធររាជធានីភ្នំពេញបានរៀបចំកែលម្អសោភណ័ភាពយ៉ាងស្រសល់ស្អាតនៅតាមដងផ្លូវសំខាន់ៗនិងនៅតំបន់សួនច្បារមាត់ទន្លេក្នុងរាជធានីភ្នំពេញ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ រយៈពេលបីថ្ងៃនេះ។


នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងគម្រប់ព្រះជន្ម៦៦យាងចូល៦៧ព្រះវស្សាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩នេះ ទោះបីរាជរដ្ឋាភិបាលពុំបានរៀបចំព្រឹត្តការណ៍ជាសាធារណៈអធឹកអធមក៏ដោយប៉ុន្តែអាជ្ញាធរនៅតែបានរៀបចំសោភណ័ភាពយ៉ាងស្រស់ស្អាតនៅតាមតំបន់សួនច្បារនានានៅក្នុងក្រុង ក្នុងនោះមានការកែលម្អសួនច្បារ បំពាក់ភ្លើងពណ៌សំអាតអនាម័យបរិស្ថាននិងការដាក់តាំងរូបព្រះឆាយ៉ាលក្ខណ៍ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងទំាងនៅមុខព្រះបរមរាជវំាង និងតំបន់សួនច្បារនានា។


ចំណែកនៅពីមុខក្រសួងមន្ទីរស្ថាបន័រដ្ឋក៏បានរៀបចំយ៉ាងដូច្នេះដែរ ដើម្បីអបអរសាទព្រះរាជពិធីនេះឲ្យកាន់តែមានភាពអធិអធម។ រីឯនៅតាមមហាវិថីសំខាន់ៗមួយចំនួន បានដាក់បដាពាក្យស្លោកថ្វាយព្រះពរនិងមានចង់ទង់ជាតិព្រះរាជាណាចក្រកម្ពុជា នៅអមសាងខាងផ្លូវផងដែរ។


ការរៀបចំនេះបានធ្វើឡើងតាមសរាចរណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យព្រះរាជពិធីបុណ្យនេះមានភាពអធិកអធមសក្តិសមទៅនឹងព្រះរាជកិត្តិនាម និងព្រះរាជកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បួង។


លោកជុំ វឌ្ឍីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានឲ្យដឹងថា ក្រៅពីការ រៀបចំសោភណ័ភាព និងអនាម័យបរិស្ថាន មន្ទីរវប្បធម៌បានរៀបចំឲ្យ មានការប្រគុំតន្រ្តីសិល្បៈសម័យបុរាណនិងរបាំបុរាណប្រពៃណីអាយៃចាប៉ីដងវែង ក្នុងរយៈពេល៣ថ្ងៃនេះក្នុងតំបន់រម្មណីយដ្ឋានវត្តភ្នំ ដើម្បីផ្តល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅថ្ងៃឈប់សំរាកនេះ។ លោកបានបន្តថា កម្មវិធីកម្សាន្តសប្បាយនេះនឹងត្រូវចាប់ផ្តើមឡើងតំាងពីម៉ោង៤រសៀលដល់ ម៉ោង១០យប់ ដូច្នេះប្រជាពលរដ្ឋដែលពុំបានទៅលេងក្សាន្តនៅតំបន់ទេសចរណ៍នានានោះ សូមអញ្ចើញមកកាន់តំបន់រម្មណីយ៍ដ្ឋានវត្តភ្នំដើម្បីមកទទួលយកភាពសប្បាយរីករាយផង និងអបអរសាទរព្រះរាជពិធីបុណ្យចំរើនព្រះជន្មព្រះករុណាជាម្ចាស់ជីវិតលើត្បូងឲ្យកាន់តែមានភាពអធឹកអធមសប្បាយក្រៃលែង។


នៅក្នុងវរោកាសដ៏មហានក្ខត្តឬក្សប្រកបដោយក្តីអភិរម្យមង្គលសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យចំរើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានេះសមាជិកសមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលបានសរសេរសាលិខិតថ្វាយព្រះពរថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតផងដែរ។


យោងតាមសារលិខិតថ្វាយព្រះពរដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសូមព្រះបរមរាជានុញ្ញាតតំាងនាំឲ្យរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាមន្រ្តីរាជការទូទំាងប្រទេស សូមព្រះបរមរាជានុញ្ញាត្តលំឱនកាយវាចា ចិត្តក្រាបបង្គំសម្តែងថ្វាយ
សម្តែងនូវអំណរសាទរនូវព្រះសព្ទសារធុការពរជ័យបវរសួស្តីសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូកតវេទិតាធម៌ និងព្រះរាជមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមថ្លៃថ្លាប្រកបដោយ ព្រះគុណធម៌ មនុស្សធម៌ចំពោះជាតិមាតុភូមិនិងប្រជានុរាស្រ្ត និងបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការលើកកម្ពស់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិង ជំរុញសេដ្ឋកិច្ចសង្គមឆ្ពោះទៅកាន់ភាពចម្រុងចម្រើនថ្កុំថ្កើនរុងរឿងជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក។
សាលិខិតបន្តថាឆ្លៀតក្នុងវរោកាសដ៏មហាមង្គលាភិរម្យមហាវិសេសវិសាលនេះសូមបួងសួងដល់ទេវត្តាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ឫទិ្ធបារមីវត្ថុសក្ត័សិទ្ធិទាំងឡាយក្នុងលោកទេវត្តាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសបុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មីព្រះនាមទង្សាទេវីសូមព្រះអង្គតាមជួយថែរក្សា អភិបាលប្រោសព្រំនូវព្រះសព្វសាធុការពរជ័យគ្រប់ប្រការនិងសូមឲ្យព្រះករុណាជាអម្ចាស់ជីវិតលើត្បូងមានព្រះបញ្ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលមាំមួនខ្លំាងក្លាព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគព្យាធិនានានិងសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ។
ជាមួយគ្នាប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយនិងចូលរួមថ្វាយព្រះពរសូមអោយព្រះអម្ចាស់ជីវិតលើត្បូង សូមមានព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេស ផងដែរ។
លោកស្រីរាជ សាវាង្ស ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា ក្នុង នាមប្រជាពលរដ្ឋខ្មែរសួមសម្តែងការអបអរសាទរនៅក្នុងទិវាដ៏មហាប្រសើរថ្លៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រោះព្រះអង្គជា ម្លប់ត្រជាក់សម្រាប់ប្រជានុរាស្រ្តខ្មែរ។
ចំណែកកញ្ញាសួ ស្រីរ័ត្ន ជាប្រជាពលរដ្ឋមកពីខេត្តតាកែវបានឲ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បួងមានព្រះរាជសកម្មភាពដ៏ឧដុង្គឧត្តមធ្វើឲ្យប្រទេសជាតិមាតុភូមិមានសុខសន្តិភាពសម្បូរសប្បាយ ហើយព្រះអង្គមានព្រះរាជតួនាទីសំខាន់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាពលរដ្ឋ។ បន្ថែមពីនេះទៀតព្រះអង្គតែងតែយកព្រះទ័យទុកដាក់ដឹងសុខដឹងទុក្ខប្រជាពលរដ្ឋ តាមរយះព្រះរាជសកម្មភាពមនុស្សធម៌ ជាច្រើនជួយសង្គម។
សូមជម្រាបថា ព្រះករុណាព្រះបាទសម្តេចបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា ព្រះអង្គព្រះរាជសម្ភព នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ក្នុងក្រុង ភ្នំពេញ។ ព្រះអង្គ ជាព្រះរាជបុត្ររបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ
ព្រះបរមរតនកោដ្ឋនិងសម្តេចព្រះអគ្គមហេសីនរោត្តមមនីនាថសីហនុ។
ព្រះអង្គត្រូវបានក្រុមប្រឹក្សា រាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តពីព្រះរាជបិតា ក្រោយពេលដែលព្រះអង្គបានដាក់រាជ្យ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។
ដោយឡែកក្នុងព្រះរាជពិធីបុណ្យចំរើនព្រះជន្មរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅក្នុង ឆ្នាំ២០១៩នេះ ព្រះអង្គមានព្រះជន្មាយុ៦៦ យ៉ាងចូល៦៧ព្រះវស្សាហើយ៕