​​អ្នកជំនាញអះអាងថា នៅកម្ពុជាមានអ្នកជំងឺហេម៉ូហ្វីលា ឬជំងឺឈាមក្រកកប្រមាណ ជាង​៣.០០០នាក់

AKP សៀមរាប ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩​​ — ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានអះអាងថា នៅកម្ពុជាមានមនុស្សប្រមាណជាង ៣.០០០នាក់ បានកើតជំងឺហេម៉ូហ្វីលា ប៉ុន្តែអ្នកជំងឺមានចំនួនត្រឹមតែជាង១០០នាក់ ប៉ុណ្ណោះ ដែលបានទទួលការព្យាបាល និងធ្វើរោគវិនិច្ឆ័យ ហើយកន្លែងដែលអាចព្យាបាលជំងឺនេះ គឺ នៅ​មន្ទីរពេទ្យកុមារជាតិ នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ថ្លែងនៅបើកទិវាជំងឺហេម៉ូហ្វីលាពិភពលោក និងសិក្ខាសាលាស្តីពីការព្យាបាល ដោយ​ចលនាសម្រាប់អ្នកជំងឺហេម៉ូហ្វីលា ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ លោក សែម សុខបញ្ញា ប្រធានសមាគមជំងឺហេម៉ូហ្វីលាកម្ពុជា បានលើកឡើងថា យោង​តាមរបាយការណ៍របស់សហព័ន្ធជំងឺហេម៉ូហ្វីលាពិភពលោក ក្នុងចំណោមមនុស្ស១០.០០០​នាក់ គឺមានម្នាក់ដែលកើតមកមានជំងឺនេះ ដែលមកពីមូលហេតុតំណរពូជ៧០ភាគរយ និង​កើតឡើងដោយឯងៗ៣០ភាគរយ។ ដូច្នេះនៅលើពិភពលោក មានជំងឺឈាមកម្រកក​ប្រមាណ​ជាង៦.៩លាននាក់ ក្នុងនោះ៧៥ភាគរយ នៃពួកគេគឺពុំទាន់បានដឹង។ លោកបាន​បញ្ជាក់ថា ជំងឺហេម៉ូហ្វីលា ឬជំងឺឈាមកម្រកក ជាជំងឺដែលមានតាំងពីកំណើត និងតំណរពូជ ដែលកើតមកពីឪពុកម្តាយជាពិសេសគឺម្តាយ ជាអ្នកផ្ទុកជំងឺនេះមកឱ្យកូន ហើយភាគច្រើនទៅ​លើ​កូនប្រុស រីឯកូនស្រីជាអ្នកផ្ទុកជំងឺឆ្លងបន្តទៅទៀត។ លោកបន្ដថា ជំងឺនេះធ្វើឱ្យអ្នកជំងឺ​ហើមជាំទៅលើសារពាង្គកាយ ឬបង្កឱ្យមានការហូរឈាមទៅតាមសន្លាក់ ហើយឈឺចាប់​ខ្លាំង​បំផុតពេល ដែលប៉ះពាល់ទង្គិចលើសរីរាង្គអ្នកជំងឺ និងធ្ងន់ធ្ងរបំផុត គឺការហូរឈាមនៅខួរ​ក្បាល ហើយអាចក្លាយឱ្យមានពិការភាព និងបាត់បង់ជីវិតយ៉ាងឆាប់រហ័ស។​ហើយអ្នកជំងឺ​​ហេម៉ូហ្វីលា មិនមានការហូរឈាមលឿនជាងធម្មតានោះទេ ប៉ុន្តែការហូរឈាមនេះ មានរយៈ​ពេល​យូរជាងធម្មតា ដោយសារតែឈាមអ្នកជំងឺហេម៉ូហ្វីលា មិនមានសារធាតុ កត្តាឈាមកក​គ្រប់​គ្រាន់(Clotting Factor)។ ទន្ទឹមនេះ កត្តាឈាមកក គឺជាប្រូតេអ៊ីនម្យ៉ាងនៅក្នុងឈាម ដែលអាចត្រួតពិនិត្យទៅលើការហូរឈាម ហើយកត្តាឈាមកកទាំងនេះ មាន១៣កត្តា​ឈាម​កក។

លោកបានបន្ដទៀតថា ជំងឺហេម៉ូហ្វីលានេះ ត្រូវបានរកឃើញករណីដំបូងនៅ​ឆ្នាំ២០០២ នៅប្រទេសកម្ពុជាក្រោមការជួយផ្នែកបច្ចេកទេសពីលោកស្រី រ៉ូប៊ីន ដេហ្វីននីស (Robyn Devenish) ប្រទេសអូស្រ្តាលី។ កាលពីក្នុងឆ្នាំនោះ ដែរ កម្ពុជាពុំមានលទ្ធភាពគ្រប់​គ្រាន់ក្នុងការព្យាបាលនៅឡើយដោយមាន វេជ្ជបណ្ឌិតមានជំនាញសម្រាប់ព្យាបាលជំងឺនេះ​តែពីររូបប៉ុណ្ណោះ ដែលផលិតផល សម្រាប់ប្រើប្រាស់ក្នុងការព្យាបាល គឺឈាមស្រស់។ លោកបានបន្ថែមថា មកដល់បច្ចុប្បន្ននេះ ការព្យាបាលមានភាពវិវត្តន៍ទៅមុខដោយប្រើប្រាស់​ឈាមផ្លាសស្មា (Plasma) ក្រាយអូរ (Cryo) និងថ្នាំកត្តាឈាមកក (Factor) ហើយថ្មីៗនេះ ក៏​មាន​ការដាក់បញ្ជូលការព្យាបាលដោយចលនា សម្រាប់ជួយព្យាបាលអ្នកជំងឺ​ហេម៉ូហ្វីលាដែរ។ រហូតមកដល់ពេលបច្ចុប្បន្ននេះក៏មាន​វេជ្ជបណ្ឌិតមានជំនាញសម្រាប់ព្យាបាល​ជំងឺនេះច្រើន​ផងដែរ។

លោក ផេង វ៉ាន់ អ្នកព្យាបាលដោយចលនានៃមន្ទីរពេទ្យកុមារជាតិ បានលើកឡើងថា ការព្យាបាលដោយចលនា មានសារសំខាន់សម្រាប់ជួយដល់អ្នកជំងឺឈាមកម្រកក ឱ្យគាត់​ចៀសផុតពីពិការភាព ដូច្នេះជាការសំណូមពរដល់ក្រុមគ្រួសារ និងអ្នកជំងឺ ការយល់ដឹងពីការ​ព្យា​បាលដោយចលនា គឺកាត់បន្ថយពីភាពពិការ។

លោក ស្រេង ស៊ុង ប្រធានអ្នកគាំទ្រជំងឺហេម៉ូហ្វីលាកម្ពុជានៃមន្ទីរពេទ្យកុមារអង្គរ បានបង្ហាញពីវឌ្ឍនភាពក្នុងការជួយដល់អ្នកជំងឺថា ក្នុងបច្ចុប្បន្នភាពនៅតំបន់សៀមរាបនេះ មានអ្នកជំងឺចំនួន១០៨នាក់ ហើយមន្ទីរពេទ្យកុមារអង្គរ បានសម្រេចនឹងទទួលព្យាបាលអ្នក​ជំងឺ​ពេញវ័យ តែមិនអនុញ្ញាតឱ្យអ្នកជំងឺពេញវ័យនេះសម្រាក និងស្នាក់នៅក្នុងមន្ទីរពេទ្យទេ៕

ដោយ ឃុត សៅ