អាជ្ញាធរជាតិអប្សរា និង Dunhuang Academy ចុះអនុស្សរណៈយោគយល់គ្នាលើកិច្ច​សហ​ប្រតិ​បត្តិការអន្តរជាតិ ដើម្បីផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្ត

AKP សៀមរាប ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ — អាជ្ញាធរជាតិអប្សរានៃព្រះរាជាអាណាចក្រកម្ពុជា និងស្ថាប័ន Dunhuang Academy នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ច​សហប្រតិបត្តិការអន្តរជាតិជាមិត្តភាព និងផ្សព្វផ្សាយពីរមណីយដ្ឋានប្រវត្តិសាស្រ្តរវាងស្ថាប័ន​នៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើង កាលពីថ្ងៃ៧កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្នុងក្រុងសៀមរាប។ការចុះអនុស្សរណៈយោគយល់គ្នានេះដែរ ភាគីកម្ពុជាត្រូវបានចុះ​ហត្ថលេខាដោយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងភាគីចិនចុះហត្ថ​លេខា​ដោយ លោក Zhao Shengliang នាយកប្រតិបត្តិនៃស្ថាប័ន Dunhuang Academy។ ហើយអនុស្សរណៈនេះ មានសុពលភាពរយៈពេល៣ឆ្នាំ ដែលមានខ្លឹមសារសំខាន់ៗផ្តោតលើ​ការសិក្សាប្រៀបធៀបស្តីពីសិល្បៈព្រះពុទ្ធសាសនា ផ្លាស់ប្តូរការសិក្សាស្តីពីការអភិរក្ស​និងគ្រប់​គ្រងរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌ ផ្លាស់ប្តូរគ្នាអំពីការប្រើប្រាស់ឯកសារស្រាវជ្រាវរួមគ្នា បង្កើតគម្រោងស្រាវជ្រាវរួមគ្នា ផលិតវីដេអូ​និងរៀបចំពិព័រណ៍ផ្សព្វផ្សាយរមណីយដ្ឋាន​ប្រវត្តិ​សាស្រ្តអង្គរ និងរមណីយដ្ឋានរូងភ្នំ Mangao ដើម្បីផ្លាស់ប្តូរការសិក្សាស្រាវជ្រាវវប្បធម៌រវាង​ស្ថាប័នទាំងពីរ។ តាមរយៈកិច្ចសហការនេះដែរ អាជ្ញាធរជាតិអប្សរារំពឹងថា​នឹងទទួលបាន​ការរីក​ចម្រើនទាំងផ្នែកធនធានមនុស្សក្នុងកិច្ចអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រ ព្រមទាំង​ការ​ផ្សព្វផ្សាយទូលំទូលាយទៅកាន់ពិភពលោកអំពីរមណីយដ្ឋានអង្គរ។

គួរបញ្ជាក់ថា ស្ថាប័ន Dunhuang Academy គឺជាស្ថាប័នចម្រុះ​និងជាវិទ្យាស្ថានបណ្ឌិត្យ​សភាដែលបង្កើតឡើងដោយរដ្ឋាភិបាលចិននៅក្នុងឆ្នាំ១៩៩៤ ដើម្បីទទួលបន្ទុកការងារ​ផ្នែក​អភិរក្ស ស្រាវជ្រាវ និងផ្សព្វផ្សាយរមណីយដ្ឋានបេតិកភណ្ឌពិភពលោក និងជាស្ថាប័នជាតិ​អភិរក្ស​បុរាណវត្ថុល្បីៗនៅក្នុងប្រទេសចិន៕

ដោយ ហង្ស សៀក