ឯកអគ្គរដ្ឋទូតហ្វីលីពីនសន្យាបន្តជួយគាំទ្រវិស័យទេសចរណ៍របស់កម្ពុជា

វិទ្យុជាតិកម្ពជា៖ ដោយលោកចេម ហួត
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនសន្យាបន្តជួយគាំទ្រវិស័យទេសចរណ៍របស់កម្ពុជាឲ្យរីកចំរើន តាមរយៈជំរុញពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកដើម្បីឲ្យប្រជាជនហ្វីលីពីនកមលេងកម្ពុជាកាន់តែច្រើន។

ក្នុងឱកាស ឯកឧត្តម ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍អនុញ្ញាតិឲ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តមជ្រីស្តុបភើ បាលតាសា ម៉ុងតេរ៉ូ( Christopher Baltazar MONTERO )ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជាមានប្រសាសន៍ថា បើទោះបីជាឯកឧត្តម ត្រូវចប់បេសកម្មការទូតនៅកម្ពុជា ក៏ដោយក៏ ឯកឧត្តម និងសហការីនៅតែជួយគាំទ្រកម្ពុជាលើវិស័យទេសចរណ៍នេះបន្ថែមទៀត។
ប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះ លោក ជុក ជំនោ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងទេសចរណ៍ មានប្រសាសន៍ ឯកអគ្គរដ្ឋទូតហ្វីលីពីននឹងជួយជំរុញបន្ថែមទៀតឲ្យប្រជាជន និងអ្នកវិនិយោគហ្វីលីពីនឲ្យមកកម្ពុជា ខណៈប្រទេសកម្ពុជាសប្បូទៅដោយសក្តានុពលទេសចរណ៍យ៉ាងច្រើន។
ជាមួយគ្នានោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ គឺមានការអភិវឌ្ឍលឿន លើគ្រប់វិស័យ ពោលគឺមានអាគារពាណិជ្ជកម្មធំៗ សេដ្ឋកិច្ចមានកំណើនក្នុងរង្វង់៧ភាគរយជារៀងរាល់ឆ្នាំ ហើយវិស័យទេសចរណ៍ទៀតសោតក៏មានសន្ទុះរីកចំរើនផងដែរ។

ឯកឧត្តមថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអគុណចំពោះ ឯកអគ្គរដ្ឋទូតហ្វីលីពីនដែលជួយគាំទ្រវិស័យទេសចរណ៍កម្ពុជាពេលកន្លងមក និងទៅថ្ងៃអនាគតដោយឯកឧត្តម ឯកអគ្គរដ្ឋហ្វីលីពីនជាតួអង្គសំខាន់ដែលបានសម្របសម្រួលធ្វើអោយមានការហោះហើរត្រង់ពីហ្វីលីពីនមកកម្ពុជា និងពីកម្ពុជាទៅហ្វីលីពីន៥ជើងក្នុងមួយ សប្តាហ៍ ដើម្បីសម្រួលដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគផ្សេងៗ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កម្ពុជាទទួលបានភ្ញៀវទេសចរហ្វីលីពីនជាង៩ម៉ឺននាក់ ខណៈ៣ខែត្រីមាសទី១ ឆ្នាំ២០១៩នេះ ភ្ញៀវទេសចរហ្វីលីពីនមកលេងកម្ពុជាមានជាង២ម៉ឺននាក់ ដែលចំនួននេះនៅមានកម្រិតតិចតួចនៅឡើយទាមទាឲ្យភាគីកម្ពុជា និងហ្វីលីពីនបន្តជំរុញបន្ថែមទៀតដើម្បីជនជាតិហ្វីលីពីនមកកម្ពុជាកាន់តែច្រើនជាងនេះ៕