រាជរដ្ឋាភិបាល ជំរុញឲ្យអង្គការសង្គមស៊ីវិលលើកយកបញ្ហាប្រឈមដែលជួបប្រទះ យកមកដោះស្រាយរួមគ្នា

វិទ្យុជាតិកម្ពុជា៖ អត្ថបទៈជួន បូណា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចង់ឲ្យអង្គការស៊ីវិលឲ្យបង្កើនកិច្ចសហការជាមួយរាជរដ្ឋាភិបាលក្នុងការ​ដោះស្រាយបញ្ហា​ប្រឈមនានាដែលកំពុងជួបប្រទះនៅក្នុងសង្គម ដើម្បីរួមគ្នាដោះស្រាយឲ្យកាន់តែ មានប្រសិទ្ធភាព និងធានាផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអះអាងថា កិច្ចសហការគ្នារវាងសង្គមស៊ីវិល និងរាជរដ្ឋាភិបាលនេះ គឺដើម្បីបំពេញបេសកកម្មការងារជាមួយគ្នាឲ្យកាន់តែជិតស្និត ដែលរាជរដ្ឋាភិបាលចង់បានជាយូរមកហើយ។
ការលើកឡើងរបស់សម្តេចក្រឡាហោមបែបនេះក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឲ្យលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាចូលជួបសម្តែងការគួរសមកាលពីពេលថ្មីៗនេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាគ្នាជុំវិញការប្រតិបត្តិការការងាររបស់ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា។
ក្រោមបញ្ចប់ជំនួបនោះ ឯកឧត្តម ផាត សុផានិត អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការឲ្យមានជាវេទិកាជួបគ្នាចំនួន ២ ដងក្នុងមួយឆ្នាំ ដើម្បីជំរុញ និងគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល។
ឯកឧត្ដមបន្ដថា វេទិកានេះនឹងបើកឱកាសដល់អង្គការសង្គមស៊ីវិលឲ្យផ្ដល់មតិយោបល់ បញ្ហាប្រឈម ក៏ដូចជាក្តីកង្វល់នានាយកមកដោះស្រាយ រួមគ្នា សម្រាប់ផ្ដល់ប្រយោជន៍ទាំងអស់គ្នាក្នុងការបំពេញភារកិច្ចប្រកបដោយប្រសិទ្ធិភាព ។
សំឡេង”ឯកឧត្តមបន្តថា កន្លងមកមានអង្គការសង្គមស៊ីវិលមួយចំនួននៅមិនទាន់អនុវត្តបានពេញលេញតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃនៅឡើយដូចជាសេចក្តីជូនដំណឹងជាដើម ប៉ុន្តែអ្វីទាំងនេះមិនមែនជាគោលការណ៍របស់រាជរដ្ឋាភិបាល ដ៏ដូចជាក្រសួងមហាផ្ទៃនោះទេ ប្រសិនបើមានករណីណាមួយនៅតែបន្តកើតឡើង ក្រសួងមហាផ្ទៃ ជំរុញអោយយកបញ្ហាទាំងនោះមកជជែកគ្នា ជាជាងការប្រឈមមុខដាក់គ្នាដោយគ្មានដំណោះស្រាយ”។
លោកស្រី រ៉ូណា ស្មីតអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានគាំទ្រ និងសម្ដែងនូវវឌ្ឍនភាពរបស់រាជរដ្ឋាភិបាល ដែលបានអនុវត្ដមានភាពវិជ្ជមាននាពលកន្លងមក។
លោកស្រី បានលើកទឹកចិត្ដដល់រាជរដ្ឋាភិបាលកម្ពុជា អនុវត្ដការងារនេះបន្ដទៀត ដើម្បីអនុវត្ដន៍ការងារឲ្យកាន់តែមានប្រសិទ្ធិភាព៕