ក្រសួងបរិស្ថាន ព្រមានឲ្យបញ្ឈប់ការឈូសឆាយដីរដ្ឋដើម្បីទិញ-លក់

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ស្រីផល

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញលិខិតដោយព្រមានឲ្យបញ្ឈប់រាល់ការឈូសឆាយកាប់ឆ្ការដុតរុករានទន្ទ្រានបែងចែកដីព្រៃឈើ និងដីរដ្ឋ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងទិញ-លក់បន្តទៅទៀត បើពុំដូច្នោះទេ នឹងត្រូវទទួលទោសតាមច្បាប់កំណត់។

សារព្រមាននេះ ធ្វើឡើងក្រោយពិនិត្យឃើញថា មានបុគ្គលមួយចំនួនបានធ្វើការឈូសឆាយ កាប់ឆ្ការ ដុតរុករាន ទន្ទ្រាន បែងចែកដីព្រៃឈើ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្រោមលេសខ្វះដីអាស្រ័យផល និងបង្កបង្កើនផល។

សេក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា រូបវ័ន្តបុគ្គល ឬនីតិបុគ្គលណាក៏ដោយ គឺពុំមានសិទ្ធិរុករានដីព្រៃ កាន់កាប់ និងបែងចែកដី នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ និងនៅក្នុងតំបន់ការពារធម្មជាតិទេ។

ក្រសួងដដែល បានប្រាប់ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពល្មើសច្បាប់ដូចជា៖ការឈូសឆាយ កាប់ឆ្ការ ដុតរុករានទន្ទ្រាន ហុំព័ទ្ធ បែងចែកដីព្រៃឈើ និងការដាំដុះដំណាំលើដីសហគមន៍ តំបន់ការពារធម្មជាតិ និងដីក្នុងតំបន់ការពារធម្មជាតិ ព្រមទាំងត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការទិញលក់ដីរដ្ឋ និងការបញ្ជាក់ការទិញ លក់ដីរដ្ឋ ដោយខុសច្បាប់ ក្នុងតំបន់សហគមន៍តំបន់ការពារធម្មជាតិ និងក្នុងតំបន់ការពារធម្មជាតិ។

ក្រសួងបរិស្ថាន បានអំពាវនាវដល់អ្នកដែលបានទន្ទ្រានកាន់កាប់ដីខុសច្បាប់កន្លងមក ត្រូវរុះរើខ្ទម តង់ និងសំណង់អនាធិបតេយ្យ ហើយប្រគល់ដី និងទីតាំងមកឲ្យក្រសួងបរិស្ថានវិញ ដោយស្ម័គ្រចិត្ត និងឥតលក្ខខណ្ឌ បើពុំដូច្នោះទេ ក្រសួងសហការជាមួយស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពបទល្មើស ដោយផ្អែកលើនីតិវិធីច្បាប់ជាធរមាន៕