មន្ទីរពេទ្យព្រះអង្គឌួងជំរុញឲ្យប្រជាពលរដ្ឋដែលមានប័ណ្ណប.ស.ស.ងាកមកប្រើសេវាព្យាបាល អោយបានពេញលេញ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៩ ០៥ ២០១៩

ភ្នំពេញ៖ មន្ទីរពេទ្យព្រះអង្គឌួងជំរុញឲ្យប្រជាពលរដ្ឋដែលជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិកទំាងអស់ដែលទទួលបានប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ថា ប.ស.សហើយគួរងាកមកប្រើសេវាពិនិត្យព្យាបាលជម្ងឺអោយបានពេញលេញ ដោយកុំមានការ ភ័យខ្លាចអោយសោះ។

លោកសាស្រ្ដចារ្យ ស៊ុន សារិន អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែងប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការពិនិត្យព្យាបាលអ្នកជម្ងឺដែលកាន់ប័ណ្ណ ប.ស.ស និងប័ណ្ណក្រីក្រគឺធានាបាន គុណភាពដូចគ្នាដោយគ្មានការរើសអើងអ្វីឡើយ ដូច្នេះប្រជាពលរដ្ឋដែលមាន ប័ណ្ណទំាង២នេះកុំស្ទាក់ស្ទើ ក្នុងការមកទទួលសេវាព្យាបាល។

ការបង្ហាញរបស់មន្ទីរព្រះអង្គឌួងនាពេលនេះ ខណៈដែលប្រជាពលរដ្ឋមន្រ្តីរាជការ ដែលមានលទ្ធភាពមួយចំនួនដែលមានប័ណ្ណប.ស.សហើយ ពុំបានមកទទួលសេវានៅមន្ទីរពេទ្យរដ្ឋឬ មន្ទីរពេទ្យដែលជាដៃគូ ប.ស.សឡើយ ហើយទៅទទួលសេវានៅបរទេសជាដើម។
លោកបញ្ជាក់ថា ការប្រើប្រាស់ សេវាព្យាបាលក្នុងស្រុកតាមរយប័ណ្ណប.ស.សវិញនេះ ដើម្បីកាត់បន្ថយនៅការចំណាយថវិការច្រើននិងចំណេញពេលវេលា ជៀសជាងការរត់ទៅព្យាបាលនៅតាមបណ្ដាប្រទេសជិតខាង ដែលនាំឲ្យខាតទាំងថវិកាជាច្រើន។
លោកសាស្រ្ដចារ្យបានអះអាងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល បានជំរុញឲ្យគ្រប់មន្ទីរដ្ឋនិងមន្ទីរពេទ្យឯកជនទាំងអស់ ដែលសហការជាមួយបេឡាជាតិរបបសន្ដិសុខសង្គមត្រូវព្យាបាលអ្នកជំងឺទាំងអស់មិនថាអ្នកដែលប្រើប្រាស់ថវិការផ្ទាល់ខ្លួន ឬអ្នកដែលប្រើប្រាស់បណ្ណ័ប.ស.ស.និងបណ្ណ័សមធម៌នោះទេ ត្រូវតែព្យាបាល និងពិនិត្យដោយយកចិត្តដាក់ខ្ពស់បំផុត។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា មន្ទីរពេទ្យព្រះអង្គឌួង បានពង្រឹងទៅលើក្រមសីលធម៌វិជ្ជាជីវៈ និងវិន័យរបស់គ្រូពេទ្យជាប្រចាំ ដើម្បីផ្ដល់សេវាដល់អ្នកជម្ងឺដើម្បី ធានាបាននូវគុណភាពប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ និងមានការជឿទុកចិត្តពីអ្នកជំងឺផងដែរ។
សំឡេង៖ ប្រជាជនទូទៅដែលមានប័ណ្ណប.ស.ស ដែលមានប័ណ្ណមូលនិធិសមធម៌ គួរតែពួកគាត់ប្រើប្រាស់ពេលដែលយើងមានជំងឺមិនថាជំងឺភ្នែក បំពង់ក ជំងឺទូទៅយើងគួរតែនាំគ្នាព្យាយាមប្រើប្រាស់បាននេះ ដោយសារការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បង្កលក្ខណៈឲ្យផ្ដល់គុណភាព និងអាទិភាពខ្ពស់ទៅលើអ្នកដែលមានប័ណ្ណទាំងអស់នេះ ហើយគុណភាពនៅក្នុងមន្ទីរពេទ្យភាគច្រើនបើនិយាយពីមន្ទីរពេទ្យព្រះអង្គឌួងគឺយើងផ្ដល់គុណភាពមិនមានការបែងចែកឬរើសអើងនោះទេគឺយើងទទួលអ្នកជំងឺ ផ្ដល់គុណភាពខ្ពស់ដល់ពួកគាត់អ្នកមានប័ណ្ណប.ស.សនិងអ្នកមានប័ណ្ណមូលនិធិសមធម៌។ អញ្ចឹងពួកគាត់គួរតែមកប្រើប្រាស់នូវសេវាក្នុងមន្ទីរពេទ្យព្រះអង្គឌួង ឬក៏នៅតាមមន្ទីរពេទ្យដទៃក៏ដោយ ដោយសារអនុសាសន៍របស់រាជរដ្ឋាភិបាលឲ្យមានការយកចិត្តទុកដាក់ចំពោះអ្នកជំងឺ ដែលមានប័ណ្ណប.ស.ស និងប័ណ្ណមូលនិធិសមធម៌ អញ្ចឹងគ្រប់មន្ទីរពេទ្យនៅទូទាំងប្រទេស ឃើញថាគាត់ផ្ដល់អទិភាពជូនអ្នកជំងឺ ។
អ្នកស្រី សែម ឡីនី ជាប្រជាពលរដ្ឋមកពីខេត្តតាកែវ ដែលជូនម្ដាយមកវះកាត់ភ្នែកនៅមន្ទីពេទ្យព្រះអង្គឌួងតាមរយះបណ្ណ័សមធម៌បានលើកឡើងថា អ្នកស្រីពិតជាមាន ភាពសប្បាយរីករាយចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ប័ណ្ណសមធម៌ ហើយបាន បង្ករភាពងាយស្រួលដល់ពួកគាត់មកទទួលការពិនិត្យនិងព្យាបាលជំងឺដោយមិនគិតប្រាក់ ដែលអាចជួយកាត់បន្ថយការចំណាយថវិកាក្នុងគ្រួសារ ខណៈដែលពួកគាត់កំពុងតែជួបបញ្ហាការលំបាកក្នុងជីវភាពជាដើម។
អ្នកស្រី បានបន្ដថា ក្រុមគ្រូពេទ្យបានយកចិត្ដទុកដាក់ និងការប្រើប្រាស់សម្ដីសមរម្យ ជាមួយអ្នកជម្ងឺដោយមិនបានប្រកាន់ថាអ្នកជំងឺព្យាបាលដោយការបង់ប្រាក់ឬក៏ប្រើប្រាស់បណ្ណ័ប.ស.ស. ឬក៏បណ្ណ័សមធម៌នោះទេ។ អ្នកស្រីបានឲ្យដឹងទៀតថា បើគ្មានប័ណ្ណសមធម៌នេះទេ ម្តាយអ្នកស្រីពុំមានលទ្ធភាពមកទទួលសេវាព្យាបាលជម្ងឺបានឡើយ ដោយសារតែជីវភាពខ្វះខាត។
សំឡេង៖សំដីពួកគាត់ផ្អែមហើយរាក់ទាក់អត់មានរើសអើងអ្វីទាំងអស់ មានអារម្មណ៍ថាសប្បាយចិត្តព្រោះអីបានម៉ែមកចំកន្លែងមានទំនុកចិត្ត មានប៉ះចំអ្នកគ្រូពេទ្យចូលមុនពិបាកនិយាយគ្នាហើយទារថ្លៃ អញ្ចឹងពេលយើងប្រើប័ណ្ណក្រីក្រទៅពេទ្យនៅនេះ គេមើលយើងបានដិតដល់ហើយអត់មានសម្ដីគំរោះគំរើយទេ ។
សូមបញ្ជាក់ថាមន្ទីរពេទ្យ ព្រះអង្គឌួងក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋមកព្យាបាលជំងឺនៅមន្ទីរពេទ្យនេះប្រមាណជាង១០០០នាក់ ហើយមានប្រជាពលរដ្ឋដែលប្រើប័ណ្ណក្រីក្រ និងប័ណ្ណប.ស.ស. មានប្រហែលជាង៥០ភាគរយនៃអ្នកជំងឺសរុប៕