ក្រសួងព័ត៌មានផ្សព្វផ្សាយប្រកាសស្តីពីការធ្វើប្រតិភូកម្មផ្ទេរមុខងារផ្តល់សេវារដ្ឋបាលលើវិស័យព័ត៌មាន និងសោតទស្សន៍ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ — ក្រសួងព័ត៌មាន បានផ្សព្វផ្សាយប្រកាស ស្តីពីការធ្វើប្រតិភូកម្មផ្ទេរមុខងារផ្តល់សេវារដ្ឋ បាលលើវិស័យព័ត៌មាន និងសោតទស្សន៍ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី​​ ខេត្ត។ ការផ្សព្វផ្សាយនេះបានធ្វើឡើនៅក្នុងសិក្ខាសាលា ស្តីពីការធ្វើប្រតិភូកម្មផ្ទេរមុខងារផ្តល់ សេវារដ្ឋបាលលើវិស័យព័ត៌មាន និងសោតទស្សន៍ ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ក្រោមអធិបតីភាពឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌​មាន នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌​មាន ខៀវ កាញារីទ្ធ បានមានប្រសាសន៍បញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើង ដើម្បីផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីការផ្ទេរមុខងារ ការផ្តល់សេវារដ្ឋបាលដល់ថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងព័ត៌មាន ដោយអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត ជាអ្នកទទួលខុសត្រូវ និងអនុវត្តន៍បន្ត ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការប្រមូលផ្តុំសេវារដ្ឋបាលលើវិស័យនានាឱ្យនៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈ ងាយស្រួល និងឆ្លើយតបបានទាន់ពេលវេលាតាមតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅ តាមមូលដ្ឋាននានា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៣ ស្តីពី ការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះវត្តមានថ្នាក់ដឹកនាំក្រសួងព័ត៌មាន តំណាងក្រសួងមហាផ្ទៃ អភិបាលរងរាជធានី ខេត្ត មន្ត្រីអង្គភាពច្រកចេញចូលតែ មួយនៃរដ្ឋបាលរាជធានី ខេត្ត និងសមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល ដែលបានអញ្ជើញចូលរួមថ្ងៃនេះ ដើម្បីចែករំលែកបទពិសោធន៍ល្អៗ និងសិក្សាឈ្វេង យល់គ្នាទៅវិញទៅមកអំពីយន្តការ បែប​បទ និតិវិធីនៃការផ្តល់សេវារដ្ឋបាល ការគ្រប់គ្រងចំណូល ដែលប្រមូលបានពីវិស័យព័ត៌មាន ការបែងចែកប្រាក់រង្វាន់ដល់មន្ត្រី អង្គភាពជំនាញ និងមន្ត្រីរដ្ឋបាល ដែលបំពេញភារកិច្ចនៅអង្គភាពច្រកចេញ ចូលតែមួយនៃរដ្ឋ បាលរាជធានីខេត្ត ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់​សេវាជូនប្រជាពលរដ្ឋឱ្យ កាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ដើម្បីឱ្យដំណើរការធ្វើប្រតិភូកម្មមុខងារផ្តល់ សេវារដ្ឋបាលលើវិស័យព័ត៌មាន របស់ក្រសួងព័ត៌មាន ដោយអង្គភាពច្រក ចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត បានប្រព្រឹត្តទៅដោយភាពរលូន និងមានលក្ខណៈស៊ីជម្រៅ មន្ត្រីជំនាញក្រសួងព័ត៌មាន មន្ត្រីក្រសួងមហាផ្ទៃធ្វើនឹងបទបង្ហាញ ស្តីពីការធ្វើប្រតិភូកម្មផ្តល់ សេវារដ្ឋបាលលើវិស័យព័ត៌មានទៅឱ្យរដ្ឋបាលរាជធានី ខេត្ត បង្ហាញអំពីប្រភេទសេវារដ្ឋបាល លើវិស័យព័ត៌មាន ដែលត្រូវធ្វើប្រតិភូកម្មមុខងារទៅឱ្យរដ្ឋបាលរាជធានី ខេត្តទទួលខុសត្រូវអនុវត្តន៍បន្ត។

ជាមួយនេះក៏មានលោក អួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាននៃអគ្គ នាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃនឹងធ្វើបទបង្ហាញ ស្តីពីការបង្កើនយន្តការច្រកចេញ ចូលតែមួយ ដើម្បីផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ដល់សិក្ខាកាមថ្ងៃនេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់អង្គសិក្ខាសាលាទាំងមូល ដែលមានកាតព្វកិច្ច អនុវត្តន៍ការងារនេះយកចិត្តទុកដាក់ និងចូលរួមជជែកពិភាក្សាផ្លាស់ប្តូរ យោបល់គ្នាឱ្យ បានផុលផុស ដើ​ម្បីឈ្វេងយល់អំពីយន្តការ បែបបទ និតិវិធីនៃការផ្តល់សេវារដ្ឋបាល ការគ្រប់គ្រងចំណូល ដែលប្រមូលពីវិស័យព័ត៌មាន ការបែងចែកប្រាក់រង្វាន់ដល់ មន្ត្រីអង្គភាពជំនាញ និងមន្ត្រីរដ្ឋបាលដែលបំពេញភារកិច្ចនៅ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានីខេត្ត ដើម្បីបង្កើនគុណភាព ប្រសិទ្ធភាព នៃការផ្តល់សេវាជូនប្រជាពលរដ្ឋ ឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាការកៀរគរចំណូលចូលថវិកាជាតិ ព្រមទាំងការលើកទឹកចិត្តដល់អ្នកអនុវត្តន៍ ការងារនៅច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានីខេត្ត ឱ្យបំពេញភារកិច្ចកាន់តែសកម្មថែមទៀត៕

ដោយ ប៉ាល់ សុង (រូបថត៖ ខឹម សុវណ្ណារ៉ា)