កុមារពិការភាពខ្សោយសតិបញ្ញា និងមានជំងឺអូទីសឹម ទទួលបានការទំនុកបំរុងអំពីភរិយាថ្នាក់ដឹកនាំ

វិទ្យុជាតិកម្ពុជា៖ដោយ លោក វ៉ាង ភក្ដី

ភ្នំពេញ: កុមារពិការភាពខ្សោយសតិបញ្ញា និងជំងឺអូទីសឹម ទទួលបានការទំនុកបំរុងអំពីភរិយាថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល លើផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ និងការសិក្សាផ្នែកជំនាញវិជ្ជាជីវៈ ។

លោកជំទាវ ទេព រង្ស៊ី ភរិយា ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងភរិយាថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននានារបស់​រាជរដ្ឋាភិបាលនិងស្ដ្រីជាថ្នាក់ដឹកនាំក្រោមឪវាទក្រសួងព័ត៌មានមួយចំនួន កាលពីថ្ងៃទី៩ ខែឧសភា បាននាំយក ភេសជ្ជៈ សម្ភារៈសិក្សា ទឹកបរិសុទ្ធ សម្លៀកបំពាក់ និងថវិកាសរុបជាង៦.៤០០ដុល្លារអាមេរិក ដើម្បីជួយកុមារពិការភាពខ្សោយសតិបញ្ញា និងជំងឺអូទីសឹម នៃអង្គការក្តីសង្ឃឹមដល់សហគមន៍ ដែលស្ថិតនៅក្នុងអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកជំទាវ ទេព រង្ស៊ី មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែជំរុញ និងលើកទឹកចិត្តជនពិការភាព តាមរយៈលុបបំបាត់ការរើសអើង និងបង្កលក្ខណៈសព្វបែបយ៉ាងដល់ជនពិការ សំដៅធ្វើយ៉ាងណាឲ្យពួកគេក្លាយជាធនធានមនុស្ស ដែលមានសមត្ថភាពសម្រាប់ជួយអភិវឌ្ឍន៍សង្គមជាតិ។

លោកជំទាវ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងសាងសង់នូវលំនៅដ្ឋានសម្រាប់អ្នកមានពិការភាពទាំងអស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

បើតាមការឲ្យដឹងពី លោក ចាន់ សារិន នាយកប្រតិបត្តិនៃអង្គការក្តីសង្ឃឹមដល់សហគមន៍ បានបញ្ជាក់ថា រយៈពេលជាង៧ឆ្នាំកន្លង​មកនេះ អង្គការក្តីសង្ឃឹមដល់សហគមន៍ បានជួយដល់កុមារពិការភាព កុមារខ្សោយសតិបញ្ញា និងកុមារដែលជំងឺអូទីសឹម ក្នុងសហគមន៍ក្រីក្របានជាច្រើននាក់។

លោកបន្តថា បច្ចុប្បន្ន នៅក្នុងអង្គការនេះមានសាលាបណ្ដុះបណ្ដាលជំនាញដល់កុមារពិការភាពចំនួន៥កន្លែង ដើម្បីផ្តល់ចំណេះដឹង ជំនាញ និងបំណិនជីវិតរស់នៅប្រចាំថ្ងៃ។ លោកបានថ្លែងថា បើទោះបីជាក្រុមកុមារពិការភាពទាំងនេះខ្សោយផ្នែកសតិបញ្ញា និងមានជំងឺអូទីសឹម​ក៏ដោយក៏ពួកគេសុទ្ធតែជាធនធានមួយដែលអាចបន្តការជួយដល់ការអភិវឌ្ឍប្រទេសជាតិ​ដូចជាកុមារដទៃទៀតដែរ។ ក្នុងនោះមានទាំងការចូលរួមប្រកួតកីឡា ការគូរគំនូរ និងការសិក្សាដោយទទួលបានចំណាត់ថ្នាក់​និងជ័យលាភីល្អប្រសើរជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្ន កុមារពិការភាព ខ្សោយសតិបញ្ញា និងមានជំងឺអូទីសឹម នៅក្នុងអង្គការជំនួយនៃក្តីសង្ឃឹម​សម្រាប់​សហគមន៍នេះ មានចំនួនសរុប១៦៤នាក់៕